អានអត្ថបទ
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣ (អាន: ១,៩៣៧ ដង)
មគ្គញាណនិទ្ទេស (បដិសម្ភិទាមគ្គ)

|
បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ រមែងចេញចាកមិច្ឆាទិដ្ឋិ រមែងចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង (កាន់អារម្មណ៍) រមែងចេញចាកមិច្ឆាសង្កប្បៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសង្កប្បៈនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាវាចា ដោយអត្ថថារក្សាទុក រមែងចេញចាកមិច្ឆាវាចា ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាវាចានោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាកម្មន្តៈ ដោយអត្ថថាតាំងឡើង រមែងចេញចាកមិច្ឆាកម្មន្តៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាកម្មន្តៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ រមែងចេញចាកមិច្ឆាអាជីវៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាអាជីវៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង រមែងចេញចាកមិច្ឆាវាយាមៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាវាយាមៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន រមែងចេញចាកមិច្ឆាសតិ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសតិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកមិច្ឆាសមាធិ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសមាធិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ។
[១៤៤] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏គ្រោតគ្រាត ចេញចាកកិលេសដែលប្រព្រឹត្តិតាមសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។ [១៤៥] ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏ល្អិត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏ល្អិត ចេញចាកកិលេសដែលប្រព្រឹត្តិតាមសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។ [១៤៦] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ និងអវិជ្ជានុស័យ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវអនុសយក្កិលេសនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។ [១៤៧] យោគីរមែងដុតបំផ្លាញនូវកិលេសដែលមិនទាន់កើត ដោយអង្គឈានដែលកើតហើយ ហេតុនោះ លោកហៅថា ឈាន យោគីរមែងមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ ព្រោះភាពជាបុគ្គលឈ្លាសវៃក្នុងឈាន និងវិមោក្ខ។ បើយោគីតម្កល់ចិត្តហើយពិចារណា រមែងឃើញច្បាស់យ៉ាងណា គប្បីតម្កល់ចិត្តទុកយ៉ាងនោះ វិបស្សនា និងសមថៈជាធម៌មានចំណែកស្មើគ្នា ជាគូជាប់គ្នា រមែងប្រព្រឹត្តិទៅក្នុងកាលណោះ ការឃើញថា សង្ខារទាំងឡាយជាទុក្ខ និរោធជាសុខ បញ្ញាដែលចេញចាកសភាវៈទាំង ២ រមែងពាល់ត្រូវនូវព្រះនិព្វាន ឈ្មោះអមតៈ យោគីអ្នកឈ្លាសវៃក្នុងភាពនៃធម៌ផ្សេងគ្នា និងធម៌ដូចគ្នា រមែងដឹងនូវកិរិយាប្រព្រឹត្តិក្នុងវិមោក្ខ រមែងមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ ព្រោះភាពជាបុគ្គលឈ្លាសវៃក្នុងញាណទាំងពីរ។ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។ ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ (ព្រះត្រៃបិដកលេខ ៦៩) ដោយ៥០០០ឆ្នាំ
|