អានអត្ថបទ
ផ្សាយ : ១៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ៣,៨៥៥ ដង)
លោកិយបដិច្ចសមុប្បាទ១២

|
តេីព្រះពុទ្ធសាសនាស្ថិតនៅត្រង់ណា? ព្រះពុទ្ធសាសនា គឺស្ថិតនៅត្រង់ ព្រះឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ។
ពុទ្ធបរិស័ទទាំងឡាយ! ការយល់ច្បាស់នូវ ការប្រៀនប្រដៅរបស់ព្រះពុទ្ធ បរមគ្រូនៃយើង គឺការយល់ដឹងអំពី ចតុរារិយសច្ច ។ ការយល់ដឹងអំពី អារិយសច្ចៈ គឺការ យល់ដឹងអំពីបដិច្ចសមុប្បាទធម៌ ។ ធម៌ទាំងនេះជាធម៌ ដែលមាន គម្ភីរ ភាពជ្រាលជ្រៅណាស់ គេត្រូវតែ ធ្វើវិរិយភាពតឹងរឹង ទើបអាច បាននូវពន្លឺ នៃការត្រាស់ដឹង នឹងអាចធ្វើទីបំផុតនៃទុក្ខបាន។ សេចក្តីទុក្ខ ជាបញ្ហារបស់ មនុស្ស ជាទូទៅ បដិច្ចសមុប្បាទ១២ បង្ហាញអំពី អានុភាព នៃហេតុ និងផល ដែលបច្ច័យ ឲ្យកើតឡើង ។ អតីតអវិជ្ជា ជាហេតុ បច្ចុប្បន្ននាមរូប ជាផល បច្ចុប្បន្នតណ្ហា ជាហេតុ អនាគត ជាតិ ជរា មរណៈ ជាផល ។ កុំឲ្យមានផល ត្រូវឈប់ធ្វើហេតុ ឈប់ធ្វើហេតុ ត្រូវធ្វើ សីល សមាធិ បញ្ញា ធ្វើសីល សមាធិ បញ្ញា ត្រូវមានសទ្ធា មានសទ្ធា ត្រូវយល់ ដឹង ឃើញ នូវសេចក្តីទុក្ខ របស់បញ្ចខន្ធ ។ ព្រះត្រៃសរណគមន៍ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលសម្រេចមានក្នុងសន្តានចិត្ត នៃ ពុទ្ធបរិស័ទ ទៅបានលុះត្រាតែ ពុទ្ធបរិស័ទ មានចិត្តឈាន ចុះស៊ប់ក្នុង សទ្ធា ៤យ៉ាងគឺ ១- កម្មសទ្ធា ការជឿកម្ម, ២- វិបាកសទ្ធា ការជឿផលនៃកម្ម, ៣- កម្មស្សកតាសទ្ធា ការជឿថា សត្វមានកម្ម ជារបស់ខ្លួន, ៤- តថាគតពោធិសទ្ធា ការជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគត ។ លោកិយបដិច្ចសមុប្បាទ១២ អត្ថន័យទូទៅ ពាក្យក្នុងភាសាបាលីថា បដិច្ចសមុប្បាទឬ នៅក្នុងភាសាសំស្ក្រឹតថា ប្រដីដ្យសមុដ្បាទ មានអត្ថន័យថា ដើមកំណើតនៃអ្វីមួយពឹងផ្អែកលើអ្វីមួយទៀត ឬ ការកើតឡើងនៃអ្វីមួយត្រូវពឹងលើការកើតឡើងនៃអ្វីមួយទៀតជាមុន ។ ន័យម្យ៉ាងទៀត បដិច្ចសមុប្បាទ សង្កត់ធ្ងន់ទៅលើទស្សនៈថា គ្មានវត្ថុអ្វីមួយ (ទោះជាមានរូបក្តី ឥតរូបក្តី មានជីវិតក្តី ឥតជីវិតក្តី) មានវត្តមានដោយឯកឯង ឬ ស្ថិតស្ថេរជានិច្ចនិរន្តរ៍ បានទេ ពោលគឺ វត្ថុនោះត្រូវពឹងផ្អែកលើវត្ថុកើតមុនវាដើម្បីឲ្យវាអាចកើតឡើងបាន ។ ចំណែកវត្ថុដែលកើតមុននោះ ក៏ត្រូវពឹងលើវត្ថុដែលកើតមុនវាមួយទៀតដើម្បីឲ្យវត្ថុនោះកើតឡើងបាន ។ យោងតាមទ្រឹស្តីពុទ្ធសាសនា បដិច្ចសមុប្បាទ មានអត្ថន័យពីរយ៉ាង៖ ក្នុងន័យទូទៅ បដិច្ចសមុប្បាទ សំដៅទៅដល់សញ្ញាណដែលជាខ្លឹមសំខាន់នៅក្នុងប្រពៃណីពុទ្ធសាសនា ពោលគឺ វត្ថុគ្រប់យ៉ាងកើតឡើងដោយពឹងទៅលើមូលហេតុ និង លក្ខខណ្ឌ ដ៏ច្រើនសន្ធឹក។ ក្នុងន័យជាក់លាក់ បដិច្ចសមុប្បាទ សំដៅទៅដល់ការអនុវត្តន៍ជាក់ស្តែងនៃគោលការណ៍ទូទៅខាងលើនេះ ពោលគឺ ភាពជាប់ទាក់ទងគ្នា (សម្ព័ន្ធ) ចំនួន ១២ តំណ នៃដើមកំណើតនៃអ្វីមួយពឹងផ្អែកលើអ្វីមួយទៀត ។ សញ្ញាណនៃបដិច្ចសមុប្បាទ (ទាំងន័យទូទៅ និង ន័យជាក់លាក) គឺជាមូលដ្ឋានសម្រាប់យល់សញ្ញាណគន្លឹះដទៃទៀតនៅក្នុងពុទ្ធសាសនា ឧទាហរណ៍ ទ្រឹស្តីអំពីកម្ម និង ការបដិសន្ធិជាថ្មី ការកើតឡើងនៃទុក្ខ និង លទ្ធភាពនៃការរំដោះខ្លួនតាមរយៈការយល់ដឹងថាគ្មានខ្លួន ឬ អនត្តា ។ គោលគំនិតទូទៅនៃបដិច្ចសមុប្បាទ (អ្វីៗគ្រប់យ៉ាងសុទ្ធតែពឹងផ្អែកលើអ្វីៗដទៃទៀត) គឺជាផ្នែកមួយសម្រាប់បំពេញឲ្យសញ្ញាណ (គំនិត) នៃទ្រឹស្តី សុញ្ញតា (ភាពទទេ ឬ សូន្យ)។ ធម៌សូត្រ អវិជ្ជា បច្ចយា សង្ខារា, សង្ខារា បច្ចយា វិញ្ញា សម្ភវន្តិ ។ សេចក្តីប្រែ៖ អវិជ្ជាជាបច្ច័យ ឲ្យកើតសង្ខារ, សង្ខារជាបច្ច័យ ឲ្យកើតវិញ្ញាណ, វិញ្ញាណជាបច្ច័យ ឲ្យកើតនាមរូប, នាមរូបជាបច្ច័យ ឲ្យកើតអាយតនៈ, អាយតនៈជាបច្ច័យឲ្យកើតផស្សៈ, ផស្សៈជាបច្ច័យ ឲ្យកើតវេទនា, វេទនាជាបច្ច័យ ឲ្យកើតតណ្ហា, តណ្ហាជាបច្ច័យ ឲ្យកើតឧបាទាន, ឧបាទានជាបច្ច័យ ឲ្យកើតភព, ភពជាបច្ច័យ ឲ្យកើតជាតិ, ជាតិជាបច្ច័យ ឲ្យកើតជរា មរណៈ សោក ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាច្រើនអនេក ។ ការជាប់ប្រទាក់គ្នា ១២ កងនេះ ឈ្មោះថា បដិច្ចសមុប្បាទ ។ ចតុរារិយសច្ច ឬ សេចក្តីពិត ៤ យ៉ាង ព្រះពុទ្ធទ្រង់បានត្រាស់សម្តែងទុកថា៖ “ ម្នាលភិក្ខុទាំងឡាយ, ក្នុងកាលកន្លង មកហើយក្តី ក្នុងកាលជា អនាគតក្តី ឬក្នុងពេល បច្ចុប្បន្ននេះក្តី តថាគត បង្រៀនអ្នកតែអំពី សេចក្តីទុក្ខ, អំពីហេតុនៃសេចក្តីទុក្ខ, អំពីការរំលត់ទុក្ខ និង ផ្លូវទៅកាន់ការរំលត់ទុក្ខ ។ ធម៌ដែលតថាគត ត្រាស់ដឹង មានច្រើនជាអនេក ប៉ុន្តែតថាគត មិនបង្រៀនអ្នក នូវធម៌ដ៏ច្រើន ទាំងនោះទេ ព្រោះមិននាំមក នូវប្រយោជន៍ មិននាំមក នូវសេចក្តីស្ងប់ មិននាំមកនូវ ការត្រាស់ដឹង មិននាំមក នូវព្រះនិព្វាន “។ ព្រះពុទ្ធបានបង្រៀន អំពីសេចក្តីពិត ៤ យ៉ាងនេះ គឺធម្មជាតិនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ១ ហៅថា ទុក្ខអរិយសច្ចៈ ។ ហេតុនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ២ ហៅថា ទុក្ខសមុទយ អរិយសច្ចៈ ។ ការរលត់ទៅនៃទុក្ខ ហៅថា ទុក្ខនិរោធ អរិយសច្ចៈ ជាសេចក្តី ពិតទី៣ ។ ផ្លូវប្រតិបត្តិ ដែលនាំឲ្យបានដល់ ការរំលត់ទុក្ខ ហៅថា ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ ជាសេចក្តីពិតទី ៤ ដែលមាននាមថា អរិយអដ្ឋង្គិកមគ្គ ប្រកបដោយអង្គ ៨ ប្រការ ។ អរិយសច្ចៈ ៤ នេះ ជាខ្លឹមសារ នៃការប្រៀនប្រដៅរបស់ព្រះពុទ្ធ ។ អ្នកកាន់ ព្រះពុទ្ធសាសនា ត្រូវតែសិក្សា ហើយយល់ច្បាស់ នូវអរិយសច្ចៈ ដើម្បីប្រតិបត្តិធម៌ រំដោះខ្លួន ឲ្យរួចចាកផុត អំពីទុក្ខ ក្នុងសង្សារវដ្តនេះ។ ដើម្បីពន្យល់ អំពីសេចក្តីទុក្ខ និងហេតុនៃសេចក្តីទុក្ខ ព្រះពុទ្ធទ្រង់លើកយក បដិច្ចសមុប្បាទ ១២ មកពន្យល់ប្រាប់ ដូចតទៅនេះ៖ ជាតិ គឺការកើតឡើងនៃ នាម និង រូប គឺ បញ្ចក្ខន្ធ (រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ) ។ បើនៅមានជាតិ (កំណើត) នោះបញ្ចក្ខន្ធ (ឬខន្ធ ៥) ក៏កើតឡើង។ បើមាន បញ្ចក្ខន្ធ នោះទុក្ខ ១២ កងក៏កើតឡើង (ទុក្ខព្រោះរូប ៤ និងទុក្ខព្រោះនាម ៨)។ ទុក្ខ ទាំង ១២ កងនេះ មានជាតិជា បច្ច័យ ទើបកើតឡើង ។ ជាតិមានភព ជាបច្ច័យ ឲ្យកើតឡើង។ ភព គឺ បដិសន្ធិចិត្ត ដែលកម្មសង្ខារ តាក់តែងឲ្យ ទៅកើតជា នរក ប្រេត អសុរកាយ តិរច្ឆាន មនុស្ស ទេវតា ឬព្រហ្ម តាមផលកម្មរបស់ខ្លួន ។ ភពមានឧបាទាន ការជាប់ជំពាក់ដោយកម្មជា កុសលនិងអកុសល ជាបច្ច័យឲ្យកើតឡើង។ ឧបាទាន ការជាប់ជំពាក់ ដោយការធ្វើ កម្ម មានតណ្ហាជាបច្ច័យ ឲ្យកើតឡើង។ តណ្ហា គឺសេចក្តី ប្រាថ្នា៣យ៉ាង ចង់ឲ្យបាន នូវអារម្មណ៍តាមទ្វារ ៦ ដែលជាទីត្រេកអរ គឺកាមតណ្ហា ចង់ឲ្យអ្វីៗ ដែលជាទីត្រេកអរ នៅ ស្ថិតស្ថេរជានិច្ច មិនបាត់បង់ គឺភវតណ្ហា ចង់ឲ្យអ្វីៗ ដែលរលត់ទៅ មិនកើតទៀត គឺ វិភវតណ្ហា តណ្ហានេះមានផស្សៈ ការដែលអារម្មណ៍ តាមទ្វារ ៦ មកពាល់ត្រូវ ជាបច្ច័យឲ្យកើតឡើង។ ផស្សៈ មានអាយតនៈ គឺ វិញ្ញាណ ៦ និង អារម្មណ៍ ៦ ជាបច្ច័យ ឲ្យកើតឡើង។ អាយតនៈ មាននាមរូប ជាបច្ច័យឲ្យកើតឡើង ។ នាមរូបមានវិញ្ញាណ គឺបដិសន្ធិចិត្តជាបច្ច័យឲ្យកើតឡើង ។ វិញ្ញាណមានសង្ខារ គឺការប្រជុំ តាក់តែងនៃកម្ម ជាបច្ច័យ ឲ្យកើតឡើង ។ សង្ខារមានអវិជ្ជា សេចក្តីមិនដឹងមិនយល់ ជាបច្ច័យ ឲ្យកើតឡើង ។ សេចក្តីពន្យល់ខាងលើនេះ ឃើញថាអវិជ្ជាជាដើមហេតុ មានសេចក្តីទុក្ខ មួយគំនរធំ នៅខាងចុង ដូចជាខ្សែច្រវាក់មួយ ដែលមានកង ១២ ប្រទាក់ជាប់គ្នា។ ទុក្ខទាំង ១២ កង គឺទុក្ខរបស់រូប ៤ និងទុក្ខរបស់នាម ៨ កើតឡើងក៏ព្រោះ តែមានរូបនិងនាម ។ បើគ្មានរូប និងនាម ទុក្ខក៏គ្មានដែរ ។ ឧបមាដូចជា ជនដែលឈរ នៅក្បែរភ្លើង ទទួលទុក្ខព្រោះក្តៅ ហើយចង់ពន្លត់ ភ្លើងដើម្បីឲ្យបាត់ក្តៅ ដរាបណាគេ នៅតែបន្ថែមប្រេង ទៅឲ្យភ្លើងទៀត នោះភ្លើងនៅតែឆេះ គេនៅតែក្តៅដដែល ឥតស្រាកស្រាន្តឡើយ ។ យ៉ាងណាម៉ិញ គេ ចង់កំចាត់បង់ទុក្ខ ហើយបើគេ នៅតែបង្កើតអវិជ្ជា នោះគេនៅតែ មានទុក្ខដដែល ឥត ឈប់ឈរឡើយ ។ ការបំបាត់អវិជ្ជា ខាងដើម ជាកិច្ចឲ្យទុក្ខទាំងឡាយខាងចុង រលត់ទៅអស់ព្រោះមិនមាន រូបនិងនាម តទៅទៀត ។ ដូច្នេះកិច្ចដែលត្រូវធ្វើ គឺកំចាត់បង់ នូវអវិជ្ជា ជាការស្រេច ។ ប៉ុន្តែគេត្រូវសិក្សា ឲ្យយល់ច្បាស់ នូវបដិច្ចសមុប្បាទនេះ ជាមុនសិន ។ បដិច្ចសមុប្បាទនេះ ដែលមានអវិជ្ជាខាងដើម និងសេចក្តីទុក្ខខាងចុង ជារបស់ ត្រៃភព ព្រោះវាចងសត្វលោក ឲ្យជាប់ក្នុងភពទាំង៣ មានឈ្មោះថា លោកិយបដិច្ចសមុប្បាទ ។ រីឯលោកុត្តរបដិច្ចសមុប្បាទ ដែលមានសទ្ធាខាងដើម និងអាសវក្ខេយេញាណ ជាខាងចុង ជារបស់ព្រះនិព្វាន ព្រោះជាផ្លូវកំចាត់បង់ នូវអវិជ្ជា។ សត្វលោកកើតស្លាប់ ៗ ក្នុងត្រៃភព ព្រោះនៅមានអវិជ្ជា ហើយបច្ច័យក៏កើតតៗគ្នា តាមខ្សែរង្វង់ អវិជ្ជា សង្ខារ វិញ្ញាណ នាមរូប សឡាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ (ទុក្ខរបស់រូប ៤ និង ទុក្ខរបស់នាម ៨) រួចត្រឡប់ទៅកាន់ អវិជ្ជាវិញ ហើយរត់តាម ខ្សែរង្វង់ដដែលនេះ ឥតឈប់ឈរ លុះត្រាតែអវិជ្ជារលត់ ។ ខ្សែរង្វង់ បដិច្ចសមុប្បាទនេះ ជារបស់កាលទាំង៣ គឺរបស់អតីតកាល២ (អវិជ្ជា និងសង្ខារ) របស់បច្ចុប្បន្នកាល៨ (វិញ្ញាណ នាមរូប អាយតន១២ ផស្សៈ វេទនា តណ្ហាឧបាទាន និងភព) របស់អនាគត២ (ជាតិ និងជរាមរណៈ)។ បច្ចុប្បន្នកាល ៨ - ដោយមានអវិជ្ជា-សង្ខារ អំពីអតីតកាល ជាបច្ច័យដល់វិញ្ញាណ គឺបដិ សន្ធិចិត្ត ឲ្យសត្វកើតជាថ្មីទៀត ក្នុងបច្ចុប្បន្នកាលនេះ ។ នាមរូបក៏កើតឡើង អាស្រ័យ ដោយវិញ្ញាណជាបច្ច័យ ។ អាយតនៈ ១២ ក៏កើតឡើង អាស្រ័យដោយនាមរូប ជាបច្ច័យ ។ ផស្សៈក៏កើតឡើង អាស្រ័យដោយ អាយតនៈ១២ ជាបច្ច័យ។ វេទនាក៏កើតឡើង អាស្រ័យដោយផស្សៈ ជាបច្ច័យ ។ តណ្ហាក៏កើតឡើង អាស្រ័យដោយ វេទនាជាបច្ច័យ ។ ឧបាទានក៏ កើតឡើង អាស្រ័យដោយ តណ្ហាជាបច្ច័យ។ ភពក៏កើតឡើង អាស្រ័យ ដោយឧបាទាន ជាបច្ច័យ ។ វិញ្ញាណ នាមរូប អាយតនៈ ១២ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព បដិច្ចសមុប្បាទ៨នេះ ជារបស់បច្ចុប្បន្នគឺបញ្ចក្ខន្ធជាផលដែល យើងបានមក ព្រោះ អវិជ្ជាពីអតីតកាល ។ ព្រោះមានបញ្ចក្ខន្ធ ទុក្ខទាំង១២កង គឺរូបទុក្ខ៤ មានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណៈទុក្ខ ហើយនិងនាមទុក្ខ៨ គឺសោកទុក្ខ បរិទេវៈទុក្ខ ទុក្ខទុក្ខ (ទុក្ខព្រោះទុក្ខផ្ទួនគ្នា) ទោមនស្សទុក្ខ ឧបាយាសៈទុក្ខ បិយេហិវិប្បយោគទុក្ខ អប្បិយេហិសម្បយោគទុក្ខ យម្បិច្ឆំនលភតិតម្បិទុក្ខ ក៏កើតឡើង ឲ្យយើងរង សេចក្តីឈឺចាប់ឥតស្រាកស្រាន្ត ។ បើមិនមានអវិជ្ជា ជាដើមហេតុទេនោះ យើងក៏គ្មានទុក្ខ ១២កងនេះ ដែរ ។ វេទនាគឺការសោយអារម្មណ៍ គឺការដឹង៥យ៉ាង គឺដឹងសេចក្តីឈឺចាប់ ដឹងសេចក្តី សុខស្រួល ដឹងសេចក្តីទោមនស្ស ដឹងសេចក្តីសោមនស្ស ឬដឹងថាឥតសុខឥតទុក្ខ ។ បើគេដឹងសេចក្តីឈឺចាប់ ឬទោមនស្សតាមផ្លូវចិត្ត គេមិនចង់បាន អារម្មណ៍ទាំងនេះទេ ។ តណ្ហាគឺសេចក្តីប្រាថ្នា កុំឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ បើគេដឹងសេចក្តីសុខស្រួល ឬសោមនស្សតាមផ្លូវចិត្ត គេចង់បានអារម្មណ៍ ទាំងនេះទៀត ហើយតណ្ហាគឺសេចក្តីប្រាថ្នា ឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ តណ្ហាដែលកើតឡើងក៏បានជាបច្ច័យ ដល់ឧបាទាន គឺការជាប់ជំពាក់ ក្នុងតណ្ហានោះៗ ហើយធ្វើប្រតិកម្ម ដោយអំពើតាម កាយវាចាចិត្ត ។ សេចក្តីស្រឡាញ់និងស្អប់ ក៏ចេះតែកើតឡើងបន្តបន្ទាប់គ្នា។ គេក៏ប្រតិកម្មដោយ លោភៈនិងទោសៈ គឺធ្វើអំពើជាកុសល និងអកុសល ដែលជាហេតុឲ្យ កម្មសង្ខារកើតឡើង ហើយតាក់តែងនូវភព សម្រាប់ អនាគតជាតិ ។ បើកម្មជាកុសល គេនឹងបានសុគតិភព មានទេវលោក និងព្រហ្មលោកបើកម្មជាអកុសលវិញ គេនឹងបានអបាយភូមិ មាននរកប្រេត តិរច្ឆានជាដើម ។ ដរាបណាគេនៅតែមានតណ្ហានិងឧបាទាន គេនឹងបាននូវភព ដែលជាបច្ច័យ ឲ្យមានជាតិនិងសេចក្តីទុក្ខយ៉ាងច្រើន ក្នុងអនាគតកាល។ កាលវេលាចេះតែរត់ ទៅមុខជានិច្ច ។ អនាគតកាល ក្លាយជាបច្ចុប្បន្ន ។ បច្ចុប្បន្នក្លាយជាអតីត ។ ជាតិជរាមរណៈ នៃអនាគត គឺជានាមរូបនិងទុក្ខ ១២ កងនៃបច្ចុប្បន្ន ។ បច្ច័យរបស់ជាតិ គឺតណ្ហាឧបាទានភព ដែលកើតក្នុងបច្ចុប្បន្ន ។ បច្ច័យរបស់ នាមរូបបច្ចុប្បន្ន គឺអវិជ្ជាសង្ខារវិញ្ញាណ ដែលកើតក្នុងអតីត ។ ជាតិមានន័យថា បញ្ចខន្ធ ជាពាក្យហៅសម្រាប់ អនាគតកាល ឯនាមរូប(គឺបញ្ចខន្ធដូចគ្នា) ជាពាក្យហៅ សម្រាប់បច្ចុប្បន្នកាល ។ កាលណាកាលវេលា រត់ពីបច្ចុប្បន្ន ទៅអតីត តណ្ហាឧបាទានភព ក៏ទៅជា អវិជ្ជាសង្ខារវិញ្ញាណ ដែលឲ្យ បញ្ចខន្ធ កើតឡើង ។ ដូច្នេះអវិជ្ជា គឺតណ្ហានេះឯង ។ ដើម្បីរំលត់នូវ បញ្ចខន្ធ ត្រូវកំចាត់បង់តណ្ហា ក្នុងបច្ចុប្បន្នជាតិនេះ កុំឲ្យមានអវិជ្ជា តទៅទៀត ។ ព្រោះតែមានតណ្ហា ទើបមានការធ្វើនូវកម្ម (ឧបាទាន) ហើយសត្វក៏ជាប់ក្នុង សង្សារវដ្ត គឺការវិលកើតវិលស្លាប់ ក្នុងភព ៣ អស់កាលរាប់កប្ប អសង្ខេយ្យមិនអស់ ។ លោកិយបដិច្ចសមុប្បាទ១២ ឃុំសត្វទុកក្នុងវដ្តសង្សារ យ៉ាងនេះឯង!។ ធម៌ ១១ យ៉ាងទៀត ដែលកើតឡើង ហើយបច្ច័យតៗគ្នា ដូចលោកិយបដិច្ចសមុប្បាទដែរ មានឈ្មោះថា លោកុត្តរបដិច្ចសមុប្បាទ១១។ លោកុត្តរបដិច្ចសមុប្បាទនេះ ជាច្រកចេញ អំពីរង្វង់សង្សារវដ្ត គឺការកើតស្លាប់ៗ ទៅកាន់ទីរំលត់ទុក្ខ គឺ និព្វាន ។ (វិគីភីឌា) ដោយ៥០០០ឆ្នាំ
|