30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៤,២៣៩
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៨៤,៨៥៧
សរុប ៣៨៩,៦៦៧,៣៤១
អានអត្ថបទ
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៤,១៧៦ ដង)

លោកុត្តរ បដិច្ចសមុប្បាទ ១១ 



 

សេចក្តីទុក្ខជាបញ្ហា ធំបំផុតរបស់មនុស្សជាតិ ទូទៅក្នុងលោកទាំងមូល ។ ព្រះពុទ្ធបរមគ្រូ បានត្រាស់សំដែង ធម៌ទេសនា អស់រយៈ៤៥ព្រះវស្សា ប្រៀនប្រដៅ ពុទ្ធបរិស័ទ អំពីអរិយសច្ចៈ៤ ដែលព្រះអង្គត្រាស់ដឹង ជាអនុត្តរសម្មាសម្ពោធិញាណ ព្រោះព្រះអង្គមាន​ ព្រះបំណងបង្ហាញផ្លូវ ដល់ជនទាំងឡាយ គ្រប់វណ្ណៈ ឲ្យបានដល់ ការរំដោះខ្លួន រួចផុតអំពីសេចក្តីទុក្ខ ។ បដិច្ចសមុប្បាទ (លោកិយបដិច្ចសមុប្បាទ១២ បានអធិប្បាយរួច មកហើយ) ក្នុងអរិយសច្ច៤ ជាកញ្ចក់បញ្ចាំងឲ្យឃើញ ថាអវិជ្ជាជា ដើមហេតុ ឲ្យសេចក្តីទុក្ខ មួយគំនរធំ កើតឡើងនៅខាងចុង ។ អវិជ្ជាចេះតែកើតឡើង ជាថ្មីទៀត សេចក្តីទុក្ខ ក៏តាមមកជាមួយ ការកើតស្លាប់ៗក៏ចេះតែបន្តទៅទៀត គ្មាន ទីបញ្ចប់ឡើយ ។ ព្រះពុទ្ធមានព្រះបន្ទូលថាៈ “អ្នកឃើញនូវបដិច្ចសមុប្បាទ គឺជាអ្នកឃើញនូវព្រះធម៌, អ្នកឃើញនូវព្រះធម៌ គឺជាអ្នកឃើញ នូវបដិច្ចសមុប្បាទ”។

សេចក្តីបរិយាយក្នុងឧបនិសសូត្រ ក្នុងគម្ពីរសម្យុត្តនិកាយ អំពីបដិច្ចសមុប្បាទ ឲ្យឃើញថាមាន សារសំខាន់បំផុត ក្នុងទ្រឹស្តីព្រះពុទ្ធ ។ បដិច្ចសមុប្បាទនេះ មាន២ផ្នែក ផ្នែកទី១ គឺលោកិយបដិច្ចសមុប្បាទ ជាទ្រឹស្តីអំពីការទាក់ទង តៗគ្នានៃបច្ច័យ ដែលមាន១២កង គឺអវិជ្ជានៅខាងដើមទី១ ទុក្ខទាំងឡាយនៅ ខាងចុងទី១២ ហើយអវិជ្ជាក៏ ចាប់ផ្តើមសារជាថ្មីទៀត ម៉្លោះហើយការវិលកើត វិលស្លាប់ ក្នុងត្រៃភព ក៏នៅតែបន្តទៅទៀត រហូតដល់អស់អវិជ្ជា ។ ផ្នែកទី២ គឺលោកុត្តរបដិច្ចសមុប្បាទ ជាទ្រឹស្តីនាំទៅកាន់ ការរំដោះខ្លួន ចេញអំពីត្រៃភព ចេញអំពីទុក្ខ គឺព្រះនិព្វាន។

លោកុត្តរបដិច្ចសមុប្បាទ មាន១១កង ។ ការជាប់ទាក់ទងគ្នា ដោយបច្ច័យ មានដូចតទៅនេះ៖
សទ្ធា (១) ជាបច្ច័យដល់ បមោជ្ជៈ (២)
បមោជ្ជៈ ជាបច្ច័យដល់ បីតិ (៣)
បីតី ជាបច្ច័យដល់ បស្សទ្ធិ (៤)
បស្សទ្ធិ ជាបច្ច័យដល់ សុខៈ (៥)
សុខៈ ជាបច្ច័យដល់ សមាធិ (៦)
សមាធិ ជាបច្ច័យដល់ ញាណទស្សនៈ (៧)
ញាណទស្សនៈ ជាបច្ច័យដល់ និព្វិទា (៨)
និព្វិទា ជាបច្ច័យដល់ វិរាគៈ (៩)
វិរាគៈ ជាបច្ច័យដល់ វិមុត្តិ (១០)
វិមុត្តិ ជាបច្ច័យដល់ អាសវក្ខយ្យេញាណ (១១)។


លោកុត្តរបដិច្ចសមុប្បាទនេះ មានសទ្ធាជាខាងដើម និងអាសវក្ខយ្យេញាណ (ឬខយញាណ) នៅខាងចុង ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ តាមរបៀបជាអនុលោមថា “ម្នាលភិក្ខុទាំងឡាយ អាសវក្ខយ្យេញាណ ជារបស់បុគ្គលមួយ ដែលដឹងហើយឃើញ តថាគតពោលថា មិនជារបស់បុគ្គលមួយ ដែលមិនដឹង ហើយមិនឃើញ ឡើយ ។ តើដឹងអ្វី ឃើញអ្វី ទើបបានការកំចាត់បង់នូវអាសវៈ ? អ្វីនោះគឺរូប អ្វីនោះគឺ ការកើតឡើង នៃរូប អ្វីនោះគឺ ការរលត់ទៅនៃរូប ។

អ្វីនោះគឺ ការកើតឡើង នៃវេទនា អ្វីនោះគឺ ការរលត់ទៅនៃវេទនា នៃសញ្ញា នៃសង្ខារ នៃវិញ្ញាណ ។ ចំពោះអ្នកដែលដឹង ហើយឃើញដូច្នេះ ការកំចាត់បង់នូវអាសវៈ ក៏កើតឡើង។
អាសវក្ខយ្យេញាណ សេចក្តីដឹង នូវការកំចាត់បង់ អាសវៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិមុត្តិ ការរួចរំដោះ ។

វិមុត្តិ ការរួចរំដោះ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិរាគៈ ការអស់ទៅនៃរាគៈ ។
វិរាគៈ ការអស់ទៅ នៃរាគៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ និព្វិទា សេចក្តីនឿយណាយ ។
និព្វិទា សេចក្តីនឿយណាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់។
ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ មានបច្ច័យរបស់វា តថាគតពោល ថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សមាធិ ការតម្កល់ចិត្ត។
សមាធិ ការតម្កល់ចិត្ត មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ។ បច្ច័យនោះគឺ សុខៈ សេចក្តីសុខស្រួល។
សុខៈ សេចក្តីសុខស្រួល មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បស្សទ្ធិ សេចក្តីស្ងប់។
បស្សទ្ធិ សេចក្តីស្ងប់ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បីតិ ការឆ្អែតអារម្មណ៍។
បីតិ ការឆ្អែតអារម្មណ៍ មានបច្ច័យ របស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ បមោជ្ជៈ សេចក្តីរីករាយ។
បមោជ្ជៈ សេចក្តីរីករាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សទ្ធា ជំនឿ។

១- សទ្ធា ជាហេតុដើម បង្កើតឲ្យមាន អាសវក្ខយ្យេញាណ ជាផលខាងចុង ។ ការដឹងនូវកិច្ចប្រតិបត្តិ ដើម្បីកំចាត់បង់ នូវអាសវៈកិលេស គឺអាសវក្ខយ្យេ ញាណនេះ អាស្រ័យដោយ សទ្ធាជាបច្ច័យ ។ តើសទ្ធាមានអ្វី ជាបច្ច័យឲ្យកើតឡើង? ក្នុងលោកិយបដិច្ចសមុប្បាទ១២ ជាតិជាបច្ច័យដល់ សេចក្តីទុក្ខ ។ គឺសេចក្តីទុក្ខ នេះហើយ ជាបច្ច័យដល់សទ្ធា ក្នុងលោកុត្តរបដិច្ចសមុប្បាទ ។ មិនមែនឲ្យតែមានទុក្ខ សទ្ធានឹងកើតឡើង នោះឡើយ ព្រោះសត្វលោក រមែងវិលត្រឡប់ ទៅកាន់អវិជ្ជា ទៀត ពុំចេញពីរង្វង់ នៃសង្សារចក្រ ។ សទ្ធានឹងកើតឡើងបាន កាលណាបុគ្គល យល់នូវ ធម្មជាតិពិត នៃសេចក្តីទុក្ខ ឃើញនូវគំនរ ដ៏ធំធេងនៃសេចក្តីទុក្ខ ស្គាល់សេចក្តីទុក្ខ ថាជាទុក្ខពិតប្រាកដ ។ គេឃើញថា ធម៌ទាំងអស់ មានសភាពមិនទៀង កើតឡើង ហើយតែងវិនាសទៅវិញ ជាធម្មតា ។ កាលបើធម៌កើតឡើង ជាទីពេញចិត្ត ការវិនាសសាបសូន្យ ទៅនៃធម៌នោះ គឺជាទុក្ខ ។ កាលបើធម៌កើតឡើង ជាទីមិនពេញចិត្ត គឺជា ទុក្ខ ទោះបីវាវិនាស សាបសូន្យទៅវិញក៏ដោយ វាជាទុក្ខស្រេចទៅហើយ ។ ព្រោះគេឃើញនូវសេចក្តីទុក្ខ គេរិះរកផ្លូវ ដើម្បីចេញអំពីទុក្ខ ហើយការជួបប្រទះ នឹងទ្រឹស្តីសាសនា ដែលបង្ហាញពីការ ចេញចាកទុក្ខ សេចក្តីជឿទុក្ខចិត្ត គឺសទ្ធាក៏កើត ឡើង ដោយមានសេចក្តីទុក្ខ ជាបច្ច័យ ។ កាលបើគេសិក្សា ទ្រឹស្តីព្រះពុទ្ធសាសនា គេនឹងមានសទ្ធា៤យ៉ាងគឺ:
- កម្មសទ្ធា ជឿថាកម្មតាក់តែងជីវិតសត្វ
- វិបាកសទ្ធា ជឿផលនៃកម្ម
- កម្មស្សកតាសទ្ធា ជឿថាសត្វមានកម្មជារបស់ខ្លួន
- តថាគតពោធិសទ្ធា ជឿការត្រាស់ដឹងរបស់ព្រះពុទ្ធ

ដើម្បីចេញពីរង្វង់សង្សារវដ្ត (លោកិយបដិច្ចសមុប្បាទ) ដែលហូរចុះឥតឈប់ឈរ សទ្ធាត្រូវតែមានកម្លាំង ឈ្នះកម្លាំងទឹកហូរបាន បើមិនដូច្នោះទេ គេនឹង ហូរធ្លាក់ចុះទៅក្នុងអន្លង់ អវិជ្ជាទៀតដដែល ។ បើសទ្ធារឹងមាំហើយ គេនឹងអាចទៅដល់ អាសវក្ខយ្យេញាណ ការកំចាត់បង់នូវ អាសវកិលេស ធ្វើនូវទីបំផុត នៃការកើត ស្លាប់បាន គឺថា អវិជ្ជាសវៈ (តម្រាំអវិជ្ជា) នឹងត្រូវបំផ្លាញចោល ។ បើអវិជ្ជារលត់ហើយ សង្ខារ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ ជរា មរណៈ និងទុក្ខទាំងអស់ ក៏រលត់ទៅដែរ ។ ដោយសេចក្តីទុកចិត្ត យ៉ាងមាំទៅលើ ការត្រាស់ដឹង របស់ព្រះតថាគត ថាគេនឹងបានរួចខ្លួន អំពីសេចក្តីទុក្ខ គេក៏កើតសេចក្តីរីករាយ គឺ បមោជ្ជៈ ។ សទ្ធានេះទុកដូច ជាគ្រាប់ពូជ ដែលជាហេតុដើមឲ្យ ខ្សែលោកុត្តរ បដិច្ចសមុប្បាទ ដុះពន្លកឡើង ។

២- បមោជ្ជៈ សេចក្តីត្រេកអរ ដែលកើតឡើងហើយ វាចេះតែចំរើនឡើង ព្រោះ គេដឹងថា សេចក្តីទុក្ខរបស់គេ មិនមែនជាការទាល់ច្រក ដូចពេល មុនទៀតទេ ។ កាលបើចិត្តរបស់គេរីករាយ គេដកចិត្តចេញ ពីអារម្មណ៍ព្រួយកង្វល់បាន សេចក្តីទោមនស្ស មិនញាំញីគេទេ ភាពងងឹតប្រែជា មានពន្លឺ ព្រោះគេឃើញផ្លូវ ទៅកាន់ការរំលត់ទុក្ខ គឺ ការប្រតិបត្តិធម៌តាមមាគ៌ា របស់ព្រះពុទ្ធ ។ គេចូលទៅកាន់សមាធិ ដែលជាមាគ៌ា របស់ ព្រះពុទ្ធ ហើយធ្វើចិត្តឲ្យចុះស្ងប់ មូលលើអារម្មណ៍តែមួយ ជាហេតុឲ្យបីតិកើតឡើង ។ 

៣- បីតិ សេចក្តីរំភើបកាយនិងចិត្ត។ បីតិមាន៥យ៉ាងគឺៈ
- ខុទ្ទកាបីតិ សេចក្តីរំភើបកាយនិងចិត្ត តិចៗ
- ខណិកាបីតិ សេចក្តីរំភើបកាយនិងចិត្ត មួយខណៈ
- ឱកន្តិកាបីតិ សេចក្តីរំភើបកាយនិងចិត្ត មួយស្របក់
- ឧបេង្គាបីតិ សេចក្តីរំភើបកាយនិងចិត្ត ហាក់ដូចជាអណ្តែតខ្លួន
- ផរណាបីតិ សេចក្តីរំភើបកាយនិងចិត្ត ច្រើនធំទូលាយ។

បីតិកាលដែលកើតឡើងហើយ ចិត្តក៏ឆ្អែតនូវអារម្មណ៍ បីតិក៏រលត់ទៅវិញ ជាធម្មតា ។ ការកើតឡើងនៃបីតិជារឿយៗ ជាបច្ច័យឲ្យកាយ និងចិត្តធ្លាក់ចុះទៅកាន់សេចក្តីស្ងប់ គឺបស្សទ្ធិ។ 

៤- បស្សទ្ធិ សេចក្តីស្ងប់អារម្មណ៍ តាមផ្លូវកាយនិងចិត្ត បស្សទ្ធិមាន២យ៉ាងគឺៈ
- កាយបស្សទ្ធិ សេចក្តីស្ងប់កាយ ស្រួលកាយមិនលំបាក
- ចិត្តបស្សទ្ធិ សេចក្តីស្ងប់ចិត្ត មិនរវើរវាយ។

បស្សទ្ធិទាំង២យ៉ាងនេះ ជាបច្ច័យ ឲ្យសុខៈ គឺសេចក្តីសុខ កើតឡើងបាន។

៥- សុខៈ សេចក្តីស្រណុកអារម្មណ៍ គ្មានការលំបាកឈឺចាប់ សុខៈមាន២យ៉ាង គឺៈ
- កាយិកសុខៈ សេចក្តីសុខ ដែលប្រព្រឹត្តិទៅក្នុងកាយ
- ចេតសិកសុខៈ សេចក្តីសុខ ដែលប្រព្រឹត្តិទៅក្នុងចិត្ត។

ការប្រព្រឹត្តិយូរទៅ នៃសុខៈ សេចក្តីសុខតាមកាយនិងចិត្ត ដែលកើតឡើងតាមរយៈ កម្មដ្ឋាន មានអានាបនស្សតិជាដើម ជាបច្ច័យឲ្យសមាធិ កើតឡើង។

៦-សមាធិ កិរិយាតម្កល់ចិត្តនឹង លើអារម្មណ៍តែមួយ ចិត្តមិនរត់លោត រវើរវាយ ទៅកាន់ធម្មារម្មណ៍ផ្សេងៗ ។ អារម្មណ៍ដែលតម្កល់នឹង ហើយប្រព្រឹត្តិទៅ ជាកិច្ចមួយ ដែលធ្វើឲ្យនីវរណធម៌ និងកិលេសផ្សេងៗ ទ្រោមចុះជាលំដាប់ ។ នីវរណធម៌ជាគ្រឿងរារាំង ដល់ការចំរើន វិបស្សនាបញ្ញា ។ នីវរណធម៌នោះមាន៥គឺៈ
- កាមច្ឆន្ទៈ សេចក្តីផ្គងចិត្តចុះ ក្នុងកិលេសកាម និងវត្ថុកាម
- ព្យាបាទៈ គំគួនអាឃាត ចំពោះអារម្មណ៍ដែលខ្លួនស្អប់
- ថីនមិទ្ធៈ សេចក្តីធុញទ្រាន់ ច្រអូសកាយ ច្រអូសចិត្ត
- ឧទ្ធច្ចកុក្កច្ចៈ សេចក្តីអន្ទះអន្ទែងចិត្ត អណ្តែតអណ្តូងចិត្ត រំខានចិត្ត
- វិចិកិច្ឆា សេចក្តីសង្ស័យមិនអស់មិនហើយ ងងឹតងងល់ មិនទុកចិត្ត

សមាធិជាគ្រឿងធ្វើចិត្ត ឲ្យបរិសុទ្ធ (ចិត្តវិសុទ្ធិ) ជាគ្រឿងឧបត្ថម្ភ ដល់សីលបរិសុទ្ធ (សីលវិសុទ្ធិ)។ សីលវិសុទ្ធិនិងចិត្តវិសុទ្ធិ ជាបាតទ្រ ជាគ្រឹះ ជាឫសគល់ដល់វិបស្សនា ដែលជាហេតុឲ្យបញ្ញា កើតឡើង ។ សមាធិជាបច្ច័យ ឲ្យញាណទស្សនៈកើតឡើង។ 

៧- ញាណទស្សនៈ បញ្ញាដឹងច្បាស់ ឃើញច្បាស់ នូវធម៌ទាំងឡាយ ទៅតាមសភាវៈពិត (យថាភូត ញាណទស្សន) គឺថាធម្មជាតិណាដែល មិនទៀងក៏ ដឹងច្បាស់ ឃើញច្បាស់ថា មិនទៀង ។ ធម្មជាតិណាមិនទៀង ធម្មជាតិនោះជាទុក្ខ ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាទុក្ខពិត ។ ធម្មជាតិណាជាទុក្ខ ធម្មជាតិនោះជាអនត្តា ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាអនត្តាពិត។ ញាណទស្សនៈ គឺការចំរើនបញ្ញា គឺវិបស្សនាបញ្ញា ។ សមាធិតែម៉្យាង គ្រាន់តែ​ទប់​សង្កត់​ កិលេសទាំងឡាយ ឲ្យលិចចុះពី ផ្ទៃខាងលើនៃចិត្ត ប៉ុន្តែវានៅសម្ងំ ចាំឱកាសងើប ឡើងមកវិញទៀត ។ គេត្រូវការបញ្ញា គឺការដឹងច្បាស់ ឃើញច្បាស់ នូវអ្វីៗទៅតាម សភាវៈពិតរបស់វា ដើម្បីគាស់រំលើង ផ្តាច់ឫសរបស់វា ឲ្យវិនាសសាបសូន្យ ។ ញាណទស្សនៈ មាន៣ប្រការគឺៈ
- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹងពិតឃើញពិតថា នេះជាផ្លូវ នេះមិនមែនជាផ្លូវ ដែលនាំទៅកាន់ ភាពបរិសុទ្ធ។
- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីដឹងច្បាស់ឃើញច្បាស់ នូវផ្លូវប្រតិបត្តិ ដែលជាហេតុឲ្យ អរិយមគ្គ (លោកុត្តរមគ្គ) កើតឡើង។
- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹង ការឃើញ នូវករណីយកិច្ចដែលជាចំណែក នៃលោកុត្តរ គឺឃើញក្នុងមគ្គ៤ ដោយជាក់ច្បាស់ ជាបរមត្ថសច្ចៈ មិនវង្វេងទៅតាមលោកវោហារ ថាបញ្ចខន្ធជារបស់ខ្លួន ថាសុខ ថាទៀង ដោយអំណាច តណ្ហានិងទិដ្ឋិ (ទិដ្ឋិវិសុទ្ធិ) មិនមាន សេចក្តីសង្ស័យ ក្នុងកាលទាំង៣ (កង្ខាវិតរណវិសុទ្ធិ) ។ ការដឹងពិត ឃើញពិត ថាធម៌ទាំងអស់ មានសភាពមិនទៀង ជាទុក្ខ មិនមែនជារបស់ ខ្លួន ថាអរិយមគ្គ៤ ជាមាគ៌ាឆ្ពោះ ទៅកាន់ការរំដោះខ្លួន ជាហេតុឲ្យមាន សេចក្តីនឿយណាយ ក្នុងវដ្តសង្សារ ។ ញាណទស្សនៈ ជាបច្ច័យឲ្យកើតនិព្វិទា។


៨- និព្វិទា សេចក្តីនឿយណាយ ចំពោះបញ្ចខន្ធ ដែលជាប្រភពនៃទុក្ខ ។ ការមិនដឹង មិនឃើញ អ្វីៗទៅតាម សភាពពិតរបស់វា គឺថាគ្មានញាណទស្សនៈ គេតែងយល់ខុសថា រូប វទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន ហើយខំបំប៉នខន្ធ៥នេះ ដោយតណ្ហានិងឧបាទាន ម្ល៉ោះហើយគេក៏ស្ថិតនៅ ក្នុងគំនរទុក្ខ ឥតស្រាក ស្រាន្ត ។ កាលណាមានញាណទស្សនៈ គេដឹងហើយឃើញ នូវការពិត អំពីទោសនៃខន្ធ៥ ហើយក៏ នឿយណាយ ប្រកបដោយការភ័យខ្លាច ដូចព្រះពុទ្ធឃោស្សាចារ្យ បានប្រៀបប្រដូច ទៅនឹងបុរសម្នាក់ ដែលចាប់កាន់ពស់ យកចេញពីក្នុងទឹក ដោយនឹកគឹតថាជាត្រី លុះ បានឃើញច្បាស់ថា ជាពស់អាសិរពិស ក៏ភ័យរន្ធត់ ហើយបោះ គ្រវែងសត្វពស់នោះ ចោលភ្លាម យ៉ាងណាម៉ិញ និព្វិទា គឺការរលាស់ចោល ព្រោះឃើញគ្រោះថ្នាក់ នៃបញ្ចខន្ធ ។ និព្វិទាជាបច្ច័យ ឲ្យវិរាគៈកើតឡើង។

៩- វិរាគៈ សេចក្តីប្រាសចាកតម្រេកក្នុងសង្ខារ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យគេមានចេតនាចេញចាក ការកើតស្លាប់ក្នុងភព ។ ពេលបញ្ញា មិនទាន់រីកចំរើន គេតែងត្រេកត្រអាល ក្នុងតណ្ហានិងឧបាទាន ដោយអវិជ្ជាគ្របសង្កត់ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យបញ្ញារបស់គេ រីកចំរើនយ៉ាងរហ័ស ហើយដោយសារ ការចំរើន ឡើងនៃបញ្ញា សេចក្តីត្រេកត្រអាល ក្នុងសង្ខារ ក៏ត្រូវសាបសូន្យ គេលែងចង់បាន ភពទៀតហើយ ។ វិរាគៈ ជាបច្ច័យ ឲ្យវិមុត្តិកើតឡើង។ 

១០- វិមុត្តិ ការរួចរំដោះ អំពីភព គឺអំពីការកើតស្លាប់ៗ ដែលហៅថាព្រះនិព្វាន ។ វិមុត្តិបានដល់លោកុត្តរមគ្គ ដែលកំចាត់ នូវកិលេសទាំងពួង ឲ្យវិនាស សាបសូន្យ និងលោកុត្តរផល ដែលកើតឡើង ដោយលោកុត្តរមគ្គ ។ កិលេសដែល ត្រូវកំចាត់នោះ ហៅថាសំយោជនកិលេស មាន១០គឺៈ 
- សក្កាយទិដ្ឋិ ឃើញថាកាយជារបស់ខ្លួន
- វិចិកិច្ឆា សេចក្តីសង្ស័យ
- សីលព្វតបរាមាសៈ ការស្ទាបអង្អែលនូវសីលវ័ត(ធ្វើពិធីបួងសួងអាទិទេព)
- កាមរាគៈ តម្រេកក្នុងកាមទាំងឡាយ
- បដិឃៈ សេចក្តីថ្នាំងថ្នាក់ចិត្ត
- រូបរាគៈ តម្រេកក្នុងរូប
- អរូបរាគៈ តម្រេកក្នុងអរូប
- មានៈ សេចក្តីប្រកាន់
- ឧទ្ធច្ចៈ ចិត្តិសាប់រសល់
- អវិជ្ជា សេចក្តីមិនដឹងមិនយល់

សំយោជន៣គឺ សក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ លះបង់បានដោយ សោតាបដិមគ្គ ។ សំយោជន២ទៀតគឺ កាមរាគៈ១ បដិឃៈ១ បានធ្វើឲ្យ ស្រាលស្តើង ដោយសកទាគាមិមគ្គ នៅមិនទាន់កំចាត់ ឲ្យអស់នៅឡើយ ។ សំយោជនទាំង២នេះ ត្រូវលះបង់បានអស់រលីង គ្មានសេសសល់ ដោយអនាគាមិមគ្គ ។ សំយោជន៥ទៀតគឺ រូបរាគៈ១ អរូបរាគៈ១ មានៈ១ ឧទ្ធច្ចៈ១ អវិជ្ជា១ លះបង់បានដាច់ស្រឡះ ដោយអរហត្តមគ្គ ។ លោកុត្តរផល ក៏កើតឡើង ជាលំដាប់លំដោយ នៃ លោកុត្តរមគ្គ ។ ព្រះអរហន្ត បានរួចរំដោះអំពីទុក្ខហើយ តែកិច្ចដែលត្រូវធ្វើ នៅមិនទាន់ចប់ ។ វិមុត្តិជាបច្ច័យ ឲ្យអាសវក្ខយ្យេញាណ កើតឡើង។

១១- អាសវក្ខយ្យេញាណ ឬខយញាណ បញ្ញាយល់ច្បាស់ អំពីការដុតបំផ្លាញ នូវកិលេស (មិនឲ្យសេសសល់) ។ ដោយអំណាចនៃវិមុត្តិ គឺលោកុត្តរមគ្គ ទាំង៤ ខយញាណគឺបញ្ញា ដែលពិនិត្យសារឡើងវិញ នូវការកំចាត់កិលេស (បច្ចវេក្ខណញាណ) ដើម្បីផ្តាច់ឫសវា កុំឲ្យមានសេសសល់ ។ អាសវកិលេស គឺកិលេស ដែលដេកសម្ងំ ត្រៀមចាំឱកាស នឹងដុះដាលសារជាថ្មី ព្រោះឫសគល់របស់វា នៅមាននៅឡើង ។ មានតែខយញាណប៉ុណ្ណោះ ទើបអាចផ្តាច់ឫស អាសវកិលេសបាន ។ អាសវកិលេសនោះមាន៤គឺៈ 
១- កាមាសវៈ អាសវៈជាប់ជំពាក់ក្នុងកាម (កាមតាមទ្វារ៦)
២- ភវាសវៈ អាសវៈជាប់ជំពាក់ក្នុងភព (កាមភព រូបភព អរូបភព)
៣- ទិដ្ឋាសវៈ អាសវៈជាប់ជំពាក់ក្នុងទិដ្ឋិ (សេចក្តីយល់ខុស)
៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា (មិនដឹងអរិយសច្ចៈ បដិច្ចសមុប្បាទ)។

ព្រះអរហន្ត មិនមែនសុទ្ធតែ ប្រើខយញាណ ដោយស្វ័យប្រវត្តិទេ ប៉ុន្តែជាបញ្ញា ដែល មានប្រចាំការស្រាប់ នៅពេលដែល អរហត្តផលកើតឡើង ។ ព្រះអរហន្តទាំងឡាយ តែងទៅកើតក្នុង សទ្ធាវាសព្រហ្ម ហើយកំចាត់អាសវកិលេស ដែលសេសសល់ ឲ្យវិនាសសូន្យ ហើយក៏និព្វានទៅ លែងកើតទៀតហើយ។ 

សេចក្តីពន្យល់ អំពីលោកុត្តរ បដិច្ចសមុប្បាទ១១នេះ គ្រាន់តែជាសេចក្តីពន្យល់ ធម៌ មិនមែនជាវិធីប្រតិបត្តិទេ ។ វិបស្សនា ជាវិធីប្រតិបត្តិ ដែលមានអា រម្មណ៍៧៣ គឺ ខន្ធ៥ អាយតនៈ១២ ធាតុ១៨ ឥន្ទ្រីយ២២ សច្ចៈ៤ បដិច្ចសមុប្បាទ១២ មាន សីលវិសុទ្ធិ និង ចិត្តវិសុទ្ធិ ជាឫសគល់ ដែលជាហេតុ ឲ្យវិបស្សនា កើតឡើង ហើយតាំងនៅ មានទិដ្ឋិវិសុទ្ធិ កង្ខារវិតរណវិសុទ្ធិ មគ្គាមគ្គញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ និងញាណទស្សនវិសុទ្ធិ ជាតួនៃវិបស្សនា ។ ចំរើនវិសុទ្ធិ៧នេះ តាមវិធីវិបស្សនា នឹងឲ្យព្រះយោគាវចរ ដល់នូវវិមុត្តិ ជាទីបំផុត នៃសេចក្តីទុក្ខហើយ។

(វិគីភីឌា)
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ១៨,៥៥៧ ដង)
ប្រព្រឹត្តិយ៉ាងណាឈ្មោះថាបានល្អ?
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,៩៤៧ ដង)
សេចក្តីអធិប្បាយអំពីព្យាយាម
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៤០,៨៥២ ដង)
សំឡេង​ម៉ែយំ​អស់​សង្ឃឹមព្រោះកូន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦៣៧ ដង)
ប្រតិបត្តិ​គ្រូ​អាចារ្យ​ដោយ​ស្ថាន ៥
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៧០,២៤១ ដង)
សេចក្តី​ផូរ​ផង់​នៃ​ព្រះ​និព្វាន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦៥,៤៥៤ ដង)
ហេតុ​នៃ​កិរិយា​នៅ​ជា​សុខ​ក្នុង​បច្ចុ​ប្បន្ន​ ជា​អ្ន​ក​បាន​ដោយ​មិន​លំបាក​ បាន​ដោយ​ងាយ​
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៨៦,១១៦ ដង)
រឿងក្នុងជីវិតដូចយល់សប្តិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.47
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿