ឧទានថេរគាថា

|
បុគ្គលអ្នកស្ងប់រម្ងាប់ វៀរចាកបាប ពោលពាក្យដោយឧបាយប្រាជ្ញា ជាអ្នកមិនរវើររវាយ តែងកំចាត់បង់នូវបាបធម៌ (ចាកខន្ធសន្តាន) ដូចខ្យល់បក់ផ្តាច់ស្លឹកឈើ។ — ឮថា មហាកោដ្ឋិតត្ថេរមានអាយុ បានពោលគាថា ដោយប្រការដូច្នេះ។ អ្នកចូរមើលបញ្ញានេះ របស់ព្រះតថាគតទាំងឡាយ ដូចជាភ្លើងដែលរុងរឿងក្នុងរាត្រី ព្រះតថាគតទាំងឡាយ ជាអ្នកប្រទានពន្លឺចក្ខុ តែងកំចាត់បង់សេចក្តីសង្ស័យរបស់វេនេយ្យជន ដែលមកហើយ។ — ឮថា កង្ខារេវតត្ថេរមានអាយុ បានពោលគាថាដោយប្រការដូច្នេះ។ បុគ្គលគប្បីនៅរួមជាមួយនឹងពួកសប្បុរសជាបណ្ឌិត អ្នកឃើញប្រយោជន៍ ព្រោះអ្នកប្រាជ្ញទាំងឡាយ អ្នកមានប្រាជ្ញាឈ្លាសវៃ មិនប្រមាទ តែងបានប្រយោជន៍ច្រើន ជ្រៅ ល្អិតម៉ត់ចត់ ដែលឃើញបានដោយក្រ។ — ឮថា បុណ្ណត្ថេរមានអាយុ ជាបុត្រនាងមន្តានី បានពោលគាថាដោយប្រការដូច្នេះ។ ភិក្ខុណា ឈ្មោះទព្វ ដែលគេទូន្មានបានដោយក្រ បានទូន្មានដោយការទូន្មាន (ឥន្ទ្រិយ) ជាព្រះថេរៈមានចិត្តសន្តោស ឆ្លងសេចក្តីសង្ស័យ មានជ័យជំនះ ប្រាសចាកសេចក្តីតក់ស្លុត ភិក្ខុទព្វមល្លបុត្តនោះ មានចិត្តខ្ជាប់ខ្ជួន បរិនិព្វានហើយ។ — ឮថា ទព្វត្ថេរមានអាយុ បានពោលគាថាដោយប្រការដូច្នេះ។ ភិក្ខុណា ជាបុគ្គលម្នាក់ឯង ចូលទៅកាន់ព្រៃត្រជាក់ ជាអ្នកសន្តោស មានចិត្តខ្ជាប់ខ្ជួន មានជ័យជំនះ ប្រាសចាកសេចក្តីព្រឺរោម (ភិក្ខុនោះ ឈ្មោះថា) មានប្រាជ្ញា រក្សាកាយគតាសតិ។ — ឮថា សីតវនិយត្ថេរមានអាយុ (បានពោល) ដោយប្រការដូច្នេះ។ បុគ្គលណា កំចាត់បង់នូវសេនានៃមច្ចុរាជ ដូចជាជំនន់ដ៏ធំ កំចាត់បង់នូវស្ពានបបុស ដែលមានកំឡាំងថយ ជាអ្នកមានជ័យជំនះ ប្រាសចាកសេចក្តីតក់ស្លុត បុគ្គលនោះ ឈ្មោះថាមានឥន្ទ្រិយទូន្មានហើយ មានចិត្តខ្ជាប់ខ្ជួន រំលត់ទុក្ខហើយ។ — ឮថា ភល្លិយត្ថេរមានអាយុ (បានពោល) ដោយប្រការដូច្នេះ។ ភិក្ខុណា ដែលគេទូន្មានបានដោយក្រ តែបានទូន្មានខ្លួនឯង ដោយការទូន្មាន (ឥន្ទ្រិយ) ជាអ្នកប្រាជ្ញ មានចិត្តសន្តោស ឆ្លងផុតសេចក្តីសង្ស័យ មានជ័យជំនះ ប្រាសចាកសេចក្តីព្រឺរោម ភិក្ខុនោះ ប្រាសចាករាគៈ មានចិត្តខ្ជាប់ខ្ជួន រំលត់ទុក្ខហើយ។ — វីរត្ថេរ។ ដំណើរនៃអាត្មាអញមកល្អហើយ មិនមែនប្រាសចាក (បញ្ញា) ទេ សេចក្តីគិតរបស់អាត្មាអញនោះ មិនមែនជាការគិតខុសទេ ព្រោះអាត្មាអញ បានសំរេចគុណដ៏ប្រសើរនោះ ក្នុងធម៌ទាំងឡាយ ដែលព្រះមានព្រះភាគ ទ្រង់ចែកទុកហើយ។ — បិលិន្ទវច្ឆត្ថេរ។ បុគ្គលដែលបានដល់នូវវេទ ជាអ្នកសន្តោស មានខ្លួនសង្រួមហើយ មិនជាប់ចំពាក់ក្នុងធម៌ទាំងពួង គឺតណ្ហា ទិដ្ឋិទេ រមែងកំចាត់ចេញនូវសេចក្តីអាល័យក្នុងលោកនេះ និងលោកខាងមុខបាន ព្រោះដឹងច្បាស់នូវទីកើត និងទីរលត់នៃលោក។ — បុណ្ណមាសត្ថេរ។ ឧទាន ចប់ បឋមវគ្គ។ |