សាស្ដាជាអសព្វញ្ញូតែងពោលខុស

|
[១៩៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេក្នុងធម្មវិន័យ ដែល សាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជា អនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាម យ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបាបជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែល គេពោលខុស។ [១៩៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេ ក្នុងធម្មវិន័យ ដែលសាស្តា ជាសព្វញ្ញូ ពោលត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជាអនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាមយ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបុណ្យជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលគេពោលត្រឹមត្រូវ។ [១៩៧] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវថា បុគ្គលជាទាយក (អ្នកឲ្យ) ត្រូវដឹងប្រមាណ បុគ្គលជាបដិគ្គាហក (អ្នកទទួល) មិនបាច់ដឹងប្រមាណទេ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលសាស្តាជាអសព្វញ្ញូ ពោលខុស។ [១៩៨] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាសព្វញ្ញូ ពោលត្រឹមត្រូវថា បដិគ្គាហក ត្រូវដឹងប្រមាណ ទាយកមិនបាច់ដឹងប្រមាណទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។ [១៩៩] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវ ថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស។ [២០០] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។ [២០១] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស។ [២០២] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។ [២០៣] ម្នាលភិក្ខុទាំងឡាយ ដូចលាមក សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិច បន្តួច ដោយហោចទៅ សូម្បីអស់កាលត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង។ [២០៤] ម្នាលភិក្ខុទាំងឡាយ ដូចទឹកមូត្រ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ទឹកមាត់ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ខ្ទុះ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ឈាម សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិចបន្តួច ដោយហោចទៅ សូម្បីអស់កាល ត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង។ ចប់ វគ្គ ទី ៣ ។ |