អានអត្ថបទ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៥៦,១៨១ ដង)
មនុស្សគួរដល់ការហ្វឹកហាត់

|
ការលះបង់នូវសេចក្ដីទុក្ខទាំងពួងបាន គឺជាសុខ ។ ត្រូវប្រយ័ត្នការស្វែងរកសុខ ដែលជាការបង្កហេតុនៃសេចក្ដីទុក្ខទៅវិញ។ គួរហ្វឹកហាត់ ៧ យ៉ាង នឹងបានក្សេមក្សាន្តក្នុងចិត្ត គឺ
ដោយ៥០០០ឆ្នាំ១-ហ្វឹកហាត់ មើលខ្លួនឯងឲ្យឃើញតូចទៅ ៗ ។ គប្បីជាមនុស្សខ្លួនតូចដោយសតិ កុំជាមនុស្សខ្លួនធំដោយកិលេស ចូរជាមនុស្សធម្មតា ៗ ។ កុំប្រកាន់ថា អញជាមនុស្សសំខាន់ គេត្រូវគោរពយើងយ៉ាងនេះ យ៉ាងនោះឲ្យសោះ គប្បីសំខាន់ណាស់ក្នុងការជួយខ្លួនឯងឲ្យរួចពីសេចក្តីសៅហ្មងទៅ បានហើយ ។ ត្រូវចាំថា ធម្មតាជីវិតគឺធម្មតាធម៌ ។ ២-ហ្វឹកហាត់ ឲ្យខ្លួនឯងជាអ្នកមិនសន្សំ ។ ការសន្សំអ្វី ៗ គ្រប់យ៉ាង គឺជាភារៈ មិនមានអ្វីដែលយើងសន្សំហើយ មិនមែនជាភារៈនោះឡើយ វៀរលែងតែសេចក្ដីល្អក្នុងការលះបាបប៉ុណ្ណោះ ក្រៅពីហ្នឹងសុទ្ធតែជាភារៈទាំងអស់ បើមិនច្រើនក៏តិចដែរ ។ ៣-ហ្វឹកហាត់ ឲ្យខ្លួនឯងជាមនុស្សសប្បាយ ៗ ។ មានបុគ្គលជាទីសប្បាយ មានធម៌ស្ដាប់ជាទីសប្បាយ និងមានបដិបទាជាទីសប្បាយជាដើម ។ កុំទៅវង្វេងជាមួយនឹងរបស់សម្បូណ៌បែប ព្រោះតាមពិត របស់សម្បូណ៌បែបនោះមិនមានទេ វាគ្រាន់តែជាអារម្មណ៍នៃឆន្ទរាគៈតែប៉ុណ្ណោះ មានតែបុគ្គលល្ងង់ខ្លៅទេដែលលិចចុះក្នុងរបស់សម្បូណ៌បែប ព្រោះយល់ច្រឡំថា មានពិតក្នុងមាយាធម៌នោះៗ ចំណែកអ្នកចេះដឹង មិនលិចចុះឡើយ ។ ៤-ហ្វឹកហាត់ ឲ្យខ្លួនឯងដឹងធម្មជាតិថា អ្វី ៗ សុទ្ធតែមានការកន្លងទៅ ។ ពេលដែលសុខ ត្រូវដឹងថា បន្តិចវានឹងកន្លងទៅ ពេលដែលមានទុក្ខ ក៏ត្រូវដឹងថា វានឹងកន្លងទៅដូចគ្នាដែរ ។ នៅពេលដែលស្ថានការណ៍លំបាកយ៉ាកយ៉ាប់មកដល់ ត្រូវដឹងឲ្យទាន់ថា រឿងរ៉ាវទាំងនេះ វាមិនបាននៅជាមួយយើងរហូតទៅនោះឡើយ ហើយយើងត្រូវតែឈរនៅខាងសេចក្ដីល្អជានិច្ច ។ ៥-ហ្វឹកហាត់ ឲ្យខ្លួនឯងចេះលះបង់ និងចេះព្រមចាញ់ប្រៀបអ្នកដទៃផង ។ ការដែលមនុស្សយើងព្រមចាញ់ប្រៀបអ្នកដទៃ ជាការចាំបាច់ ព្រោះបើយើងទាមទារតែពីត្រូវ អាងហេតុ អាងផល យ៉ាងនេះ យ៉ាងនោះ ដោយមិនព្រមចាញ់ប្រៀបគេ ចង់តែពីត្រូវគ្រប់យ៉ាង ចង់តែពីឈ្នះគេ ប៉ុន្តែបែរទៅជាមិនមានសេចក្ដីសុខក្នុងជីវិតទៅវិញ ព្រោះត្រូវតស៊ូជាមួយនឹងមនុស្សជុំវិញខ្លួន ដើម្បីទាមទាររកឲ្យខ្លួនឯងត្រូវ និងឈ្នះគេតែម្យ៉ាង ដូច្នេះមានតែការព្រមចាញ់ប្រៀបអ្នកដទៃហ្នឹងឯង ដើម្បីសេចក្ដីសុខក្នុងជីវិតផង និងដើម្បីបានឈ្នះនូវមានៈក្នុងខ្លួនឯងផង ។ ៦-ហ្វឹកហាត់ ឲ្យខ្លួនឯងជាមនុស្សស្ងៀមស្ងាត់ មិននិយាយច្រើនអត់ប្រយោជន៍ ។ កាលបើត្រូវនិយាយ គប្បីនិយាយដោយសតិសម្បជញ្ញៈ មិនទម្លាយសេចក្ដីស្ងប់ក្នុងចិត្តរបស់ខ្លួន មិននិយាយបៀតបៀនអ្នកដទៃដោយពាក្យសម្តីរបស់ខ្លួនឡើយ ត្រូវដកចង្កូម គឺវចីទុច្ចរិតទាំង ៤ អំពីមាត់របស់ខ្លួនចេញ ត្រូវនឹករលឹកដល់ព្រះពុទ្ធដីកា ដែលព្រះអង្គទ្រង់ត្រាស់អំពីសម្ដីល្អ ៥ យ៉ាង គឺ ១-ពាក្យពិត ២-ពាក្យពីរោះ ៣-ពាក្យមានប្រយោជន៍ ៤-ពោលតាមកាលៈទេសៈត្រឹមត្រូវ ៥-ពោលដោយមេត្តាចិត្ត ។ ត្រូវប្រយ័ត្នសម្ដីមិនល្អ ៥ យ៉ាងផ្ទុយគ្នា ប្រយ័ត្នម្យ៉ាង គឺខ្លួនឯងកុំពោលឲ្យសោះ និងប្រយ័ត្នម្យ៉ាងទៀត ត្រូវតាំងមេត្តាចិត្តឲ្យបានល្អ នៅពេលបានស្ដាប់ឮពីអ្នកដទៃនូវសម្ដីមិនល្អ ៥ យ៉ាងនេះ ត្រូវចាំថា សម្ដីមិនល្អទាំងនេះ រមែងមានក្នុងលោក ដូច្នោះឯង ។ ៧-ហ្វឹកហាត់ ឲ្យខ្លួនឯងរួចផុតអំពីភាពជាទាសៈនៃមាសប្រាក់ ។ ពាក្យថាទាសៈ គឺជាសកម្មភាពនៃសេចក្ដីញាប់ញ័រក្នុងចិត្ត ។ ដើម្បីភាពជាឥស្សរៈនេះ ត្រូវហ្វឹកហាត់ឲ្យចេះល្មមជាមួយនឹងរបស់បរិភោគប្រើប្រាស់ កាលបើចេះល្មម ចេះសន្តោសហើយ ទើបមានឱកាសមកទទួលយកព្រះធម៌ ដើម្បីសិក្សាបដិបត្តិ ដែលការសិក្សាបដិបត្តិតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនេះ គឺជាការងារមានសារៈសំខាន់បំផុត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ |