អានអត្ថបទ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ៥,០៨៩ ដង)
បិង្គិយានីទេវិវត្ថុ

|
អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ អគ្គមហេសីរបស់ព្រះបាទ ព្រហ្មទត្តមានព្រះនាមថា បិង្គិយានី បានបើកនូវសីហបញ្ជរ កាលព្រះនាងសម្លឹងទៅបានឃើញបុរសអ្នកគង្វាលសេះមង្គលម្នាក់ (ក៏មានព្រះហ្ឫទ័យប្រតិព័ទ្ធស្នេហា) គ្រាកាលដែលព្រះរាជស្វាមីទ្រង់កំពុងដំណើរការនិទ្រាលង់លក់ហើយ ព្រះនាងក៏ចុះតាមវាតបានគឺបង្អួច ទៅប្រព្រឹត្តអំពើក្បត់ (លបលួចស្រឡាញ់គ្នា) ជាមួយនឹងអ្នកគង្វាលសេះនោះ រួចរាល់ស្រេចបាច់ហើយ ទើបឡើងមកកាន់ប្រាសាទ ហើយជម្រះនូវសរីរៈដោយគ្រឿងក្រអូប ទើបបានចូលទៅដេកជាមួយព្រះរាជស្វាមីវិញ ។
អថេកទិវសំ លំដាប់នោះ ក្នុងថ្ងៃមួយ ព្រះរាជាទ្រង់ត្រិះរិះថា ហេតុអ្វីហ្ន៎ បានជាក្នុងវេលាពាក់កណ្ដាលអធ្រាត្រ សរីរៈរបស់ព្រះទេវីទើបត្រជាក់ជានិច្ចចឹង យើងនឹងឃ្លាំមើលនូវនាង ដូច្នេះហើយ ក្នុងថ្ងៃមួយនោះ ព្រះរាជាទ្រង់ធ្វើហាក់ដូចជាផ្ទំលក់ ពេលព្រះនាងក្រោកទៅ ព្រះរាជាទ្រង់ក៏យាងទៅតាមក្រោយ ទ្រង់បានឃើញព្រះនាងប្រព្រឹត្តអំពើក្បត់ជាមួយនឹងអ្នកគង្វាលសេះ ហើយទ្រង់ត្រឡប់មក ស្ដេចក៏ឡើងកាន់ទីសយ្យាសនៈ ។ សូម្បីព្រះនាងទេវី កាលបានប្រព្រឹត្តរួចរាល់ហើយ ទើបយាងមកហើយចូលផ្ទំលើទីដេកដ៏តូចមួយ ។ បុនទិវសេ ក្នុងថ្ងៃស្អែក ព្រះរាជាបញ្ជាឲ្យនាងបិង្គិយានីមកក្នុងកណ្ដាលពួកអាមាត្យ ទ្រង់បង្ហាញនូវកិច្ចនោះ ហើយត្រាស់ថា ស្ត្រីទាំងពួងរមែងមានធម៌ដ៏លាមក ដូច្នេះហើយ ទ្រង់បានលើកលែងទោសសម្លាប់ ចាប់ចង កាត់អវយវៈ ទម្លាយ (ដាក់ទោសត្រឹមតែ) ញ៉ាំងព្រះនាងឲ្យឃ្លាតចាកតំណែង ហើយទ្រង់បានតែងតាំងស្ត្រីដទៃធ្វើជាអគ្គមហេសី ។ តទា កុណាលោ រាជា ព្រហ្មទត្តោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាព្រះបាទព្រហ្មទត្តនោះ ។ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនឃើញមក ទើបពោលនូវគាថាថា បិង្គិយានី សព្ពលោកិស្សរស្ស, រញ្ញោ បិយា ព្រហ្មទត្តស្ស ភរិយា; អវាចរី បដ្ឋវសានុគស្ស, តំ វាបិ សា នាជ្ឈគា កាមកាមិនី ។ នាងបិង្គិយានីជាភរិយា ជាទីស្រឡាញ់នៃព្រះបាទព្រហ្មទត្ត ព្រះអង្គជាធំ ក្នុងលោកទាំងមូល បានប្រព្រឹត្តក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា នាងបិង្គិយានី ជាអ្នកល្មោភក្នុងកាមនោះ មិនបាននូវបុរសគង្វាលសេះនោះផង (នូវទីអគ្គមហេសីផង) ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧៣) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ |