អានអត្ថបទ
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៤៧,៧៤៧ ដង)
និយមន័យពាក្យថា ទិព្វ

|
ទិព្វ គឺជាអ្វីដែលប៉ងប្រាថ្នាបានដូចចិត្ត ហើយមិនអាចមានអ្វីប៉ះពាល់បាន ។ រឹសគល់របស់ទិព្វគឺ អនិច្ចំ ប្រែថាសព្វយ៉ាងមិនទៀង ត្រូវប្រែប្រួលជានិច្ច មិនអាចតាំងក្នុងសភាពដើមបាន(បរមត្ថ) ។ ក្នុងបញ្ញត្តិកម្មគឺនៅពេលមានអត្ថិភាពនៅឡើយ កម្លាំងនៃសភាវៈពីរដ៏ជាទិព្វដែរ គឺកម្លាំងសភាវៈទ្រទ្រង់ឬកុសលធម៌ និងកម្លាំងសភាវៈបំផ្លាញឬអកុសលធម៌ ដែលតែងតែប្រយុទ្ធគ្នាទៅវិញទៅមកដើម្បីយកអត្ថិភាពរៀងៗខ្លួន ។
មនុស្សតែងប៉ងប្រាថ្នាចង់បានឬទ្ធិ ចង់បានភ្នែកទិព្វ ត្រចៀកទិព្វ ចង់បានការប្លែងឬទ្ធិបានតាមប្រាថ្នាជាដើម។ការហ្វឹកហាត់បង្កើតកម្លាំងឋាមពលចិត្តនិងការប្រើឋាមពលចិត្ត មានទាំងក្នុងពុទ្ធសាសនានិងក្រៅពុទ្ធសាសនា ។ ក្នុងពុទ្ធសាសនាគេប្រើដើម្បីសង្គ្រោះនៅពេលចាំបាច់ សមតាមពុទ្ធដីកាត្រាស់ថា ការផ្សាយព្រះសាសនានេះគឺមានមោគ្គល្លានជាឪពុក (ព្រោះលោកទ្រទ្រង់ឬទ្ធិការពារអ្នកមានឬទ្ធិមកបៀតបៀន)និងមានសារីបុត្តជាម្តាយ(លោកចាំប្រដៅធម៌) ។
ឬទ្ធិក្នុងពុទ្ធសាសនាគឺកើតឡើងនៅពេលដែលគេបានកំចាត់ចិត្តអាក្រក់បានស្រាលហើយ គឺចិត្តចាប់ផ្តើមចុះស្ងប់។ឯឬទ្ធិក្រៅពុទ្ធសាសនាគឺគេប្រាថ្នាហើយហ្វឹកហាត់យកតែម្តង ដើម្បីយកទៅប្រើក្នុងផ្លូវខុសខ្លះត្រូវខ្លះ ឬទ្ធិរបៀបនេះមូលដ្ឋានចិត្តរបស់វានៅមានការញាប់ញ័រនៅឡើយ ហេតុនេះវាងាយរលត់ទៅវិញទេ។ក្នុងពុទ្ធសាសនាដោយហោចទៅសូម្បីតែមានសីលបរិសុទ្ធិក៏អាចកើតឬទ្ធិបានដែរ ។ អានិសង្ឃសីលបរិសុទ្ធិៈ
ជាទីគោរពបូជានៃមនុស្សនិងទេព្តា គ្របសង្កត់កាមគុណ៥ មិនមានភ័យតក់ស្លុតក្នុងចំណោមមហាជន បានសមាបត្តិ៨និងវិមោក្ខ បានឥទ្ធិវិធញាណ(ការប្លែងឬទ្ធិបាន)បានទិព្វសោតៈ ទិព្វចក្ខុ (ចុតូបបាតិញាណ) បានជាអរិយបុគ្គល៤ពួក បានបុព្វេនិវាសានុស្សតិញាណ(ដឹងអតីតជាតិ) បានចេតោបរិយញាណ (ដឹងចិត្តអ្នកដទៃ) បានអាសវក្ខយញាណក្នុងអរហត្តមគ្គ អរិយបុគ្គល៤ពួកលោកអស់ហេតុនាំឲ្យដាច់សីលហើយ ប៉ុន្តែសីលរបស់លោកគឺរក្សាត្រាតែបរិនិព្វាន។សីលគឺជាបាតនៃចេតោវិមុត្តិនិងបញ្ញាវិមុត្តិ ។ ថ្ងៃមួយ ពេលគេឃើញមនុស្សចាស់ម្នាក់ចាប់ក្មេងស្រីរំលោភ គេនាំគ្នាចាប់តាចាស់នោះវាយដំច្រំធាក់គ្មានត្រាប្រណី ទាល់តែមានភិក្ខុមួយអង្គលោកនិមន្តចូលទៅឃាត់ លោកពោលថាៈសូមអាសូរដល់អ្នកទាំងពីរផង ព្រោះគេគឺជាសត្វដែលរងទុក្ខដូចៗគ្នា ! តាចាស់រងទុក្ខព្រោះត្រូវរាគៈគ្របសង្កត់ ក្មេងស្រីត្រូវរងទុក្ខព្រោះតែការរំជួលចិត្តរបស់តាចាស់ ឯយើងទាំងអស់គ្នាត្រូវរងទុក្ខព្រោះតែត្រូវទោសៈគ្របសង្កត់ ! សត្វលោកគួរករុណាណាស់ ! ព្រោះឋិតនៅក្រោមអំណាចកិលេសលោភៈ ទោសៈ មោហៈ គ្របសង្កត់ដូចៗគ្នា ! មិនគួរណានាំគ្នាប្រើដំបង ប្រើដុំដី ប្រើកណ្តាប់ដៃឬពាក្យសំដីអសុរសដាក់គ្នាឡើយ ! ញាតិញោមហ្អើយ ! ចូរនាំតាទៅព្យាបាលនៅពេទ្យហើយព្យាបាលតាមក្រោយដោយសីល សមាធិ បញ្ញា និងនាំក្មេងស្រីទៅឲ្យពេទ្យព្យាបាលវិញប្រសើរជាងនាំគ្នាវាយដំគាត់ ! ។
អ្នកស្រុកបានស្តាប់យល់ គេបាននាំជនរងគ្រោះទៅពេទ្យ លទ្ធផលបានបញ្ជាក់ថា តាមពិតមនុស្សចាស់ដែលឡើងតំរេករហូតដល់ថ្នាក់រំលោភបំពានលើរាងកាយក្មេងស្រីបែបនេះគឺគាត់កើតជំងឺមេនា (Menia) សោះ គេបាននាំគ្នាចោមរោមវាយដំមនុស្សមានសតិមិនគ្រប់! ពេទ្យបានឲ្យថ្នាំគាត់លេបបានជាសះស្បើយទៅ ។ លោកនេះក្រៅតែពីអរិយបុគ្គលបួនពួកចេញ គេពិបាករកឃើញមនុស្ស មានសតិគ្រប់គ្រាន់ណាស់ ! ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
|