អានអត្ថបទ
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២៥,៣៨៥ ដង)
លះសេចក្តីក្រោធបាន គឺជាការជោគជ័យដ៏ក្រៃលែងនៅក្នុងជីវិត

|
ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា " សម្លាប់សេចក្តីក្រោធបានរមែងដេកជាសុខ " នេះជាការពិតដែលយើងគ្រប់គ្នាត្រូវចាំកុំភ្លេច ហើយត្រូវបដិបត្តិកម្ចាត់ការខឹងក្រោធបន្តិចម្តង ៗ ដើម្បីបានទទួលជោគជ័យយ៉ាងសម្បើមនៅក្នុងជីវិត យើងត្រូវតែយល់ដឹងដូចតទៅនេះគឺៈ
- ខឹងនឹងគេ គឺដុតចិត្តខ្លួនឯង បើយើងដុតខ្លួនឯង យើងហ្នឹងឯងល្ងង់ ហើយឆ្គួតទៀត ។ - ខឹងនឹងគេ គឺអន់ជាងគេ គឺអន់ថយជាងអ្នកដែលយើងខឹងនោះទៅទៀត ដូចជាលុតជង្គង់អង្វរសូមសេចក្តីសុខពីគេចឹង ។ - ខឹងនឹងគេ គឺចាប់ផ្តើមពីការទាស់ចិត្ត ការទាស់ចិត្តមកពីគិតថា គេហ្នឹងឯងជាអ្នកធ្វើនូវ ៗ ឲ្យយើងទាស់ចិត្ត តែការពិតមកពីយើងមិនយល់អំពីធម្មជាតិក្នុងមនុស្ស ហើយយើងប្រកាន់ទៅក្នុងធម្មជាតិនោះឯង ។ - យើងស្អប់គេ គឺស្អប់ខ្លួនឯង ព្រោះសាងភាពសៅហ្មងឲ្យប្រឡាក់ចិត្តខ្លួនឯងតែប៉ុណ្ណោះ ដោយមិនបានឲ្យភាពសៅហ្មង គឺការស្អប់នោះចូលទៅក្នុងខ្លួនអ្នកដទៃឡើយ ។ ដូច្នេះ បើយើងពិតជាស្រឡាញ់ខ្លួនឯងមែន ត្រូវព្យាយាមរក្សាចិត្តរបស់ខ្លួនកុំឲ្យសៅហ្មងឡើយ ។ - អ្នកដទៃធ្វើល្អឲ្យយើងមិនបាន ព្រោះមកអំពីមហាកុសលមិនបានកើតឡើងក្នងចិត្តរបស់គេ មិនមែនមកពីគេមិនធ្វើល្អឲ្យយើងទេ ។ អ្វី ៗ មានហេតុមានបច្ច័យ ទើបកើតឡើង ។ ដូច្នេះយើងត្រូវយល់ថា អ្នកដទៃធ្វើល្អឲ្យខ្លួនគេមិនបានផង មានរភងអ្វីដែលគេមកធ្វើល្អឲ្យយើងបាន ។ - អ្នកណា ៗ ដែលធ្វើអំពើមិនល្អ និយាយអាក្រក់ គិតអាក្រក់ក្នុងលោកនេះនោះ តាមពិត ដោយធម្មជាតិមិនមែនអ្នកនោះធ្វើទេ នេះព្រោះអាស្រ័យហេតុ ៣ ដែលស្ថិតនៅក្នុងសន្តានតែប៉ុណ្ណោះ ។ បើហេតុ ៣ នេះត្រូវបានលះអស់ហើយ គឺមិនមានអ្នកណាធ្វើអាក្រក់សោះឡើយ ។ ហេតុទាំង ៣ នេះឯង ដូចជាខ្មោចបិសាច ដែលស្ថិតនៅក្នុងមនុស្សយើងអីចឹង ។ ដូច្នេះ យើងមិនត្រូវក្រោធខឹងជាមួយមនុស្សណាម្នាក់ឡើយ ។ - បើយើងមិនក្រោធខឹងហើយ គឺយើងហ្នឹងឯមាននូវសេចក្តីសុខ ។ ការដែលមានសេចក្តីសុខក្នុងការមិនក្រោធខឹងនេះ ព្រោះបានយល់ដឹងពីធម្មជាតិ មានអំណត់អត់ធន់ និងព្រោះមានមេត្តាជាដើម គឺជាបុណ្យបារមីដ៏ប្រសើរខ្ពស់ខ្ពស់ ។ បើសម្លាប់សេចក្តីក្រោធបានហើយ ក្នុងលោកនេះមិនមានអ្នកសម្រាប់ឲ្យយើងសម្លាប់ឬសូម្បីគ្រាន់តែស្អប់នោះឡើយ ។ អ្វី ៗ ជុំវិញជីវិតរស់នៅមានតែភាពមនោរម្យ ហាក់ដូចជាវិមានក្នុងព្រហ្មលោក ។ ដកស្រង់ចេញពីសៀវភៅៈ តម្រង់ជ្លូវជីវិត រៀបរៀងដោយៈ សាមណេ ឆិម ប៊ុនឆា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |