អានអត្ថបទ
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣ (អាន: ១១,៨៦៥ ដង)
តម្កល់ជីវិតឲ្យស្ថិតនៅក្នុងសីល ៥

|
មនុស្សយើងគ្រប់គ្នា តែងចង់ឲ្យខ្លួនឯងមានជីវិតរស់នៅយូរអង្វែង ចង់មានទ្រព្យសម្បត្តិស្តុកស្តម្ភ មិនចង់ឲ្យមានរោគផ្សេង ៗ ចង់រស់នៅជួបជុំភរិយាស្វាមី កូនចៅប្រុសស្រី ចង់ឲ្យគេមានភក្តីស្មោះត្រង់នឹងខ្លួនឯង មិនចង់ឲ្យគេនិយាយភូតភរកុហក បោកប្រាស់ ចង់ឲ្យនិយាយតែពាក្យសច្ចៈ ពិតទៀងត្រង់ ចង់ឲ្យខ្លួនឯងបរិបូរទៅដោយបញ្ញា មិនចង់ឲ្យខ្លួនឯងក្លាយខ្លួនទៅជាមនុស្សឆ្គួត វិកល់ចរិក មានសតិវិប្បលាស បាត់បង់បញ្ញាស្មារតី ចង់ឲ្យខ្លួនឯងពោរពេញទៅដោយសេចក្តីសុខគ្រប់យ៉ាង . . . ។ បេ ។ យើងដែលនិយាយថាចង់បាន ៗ ៗ គ្រប់គ្នានេះ ចុះហេតុអ្វីបានជាយើងមិនព្រមនាំគ្នាធ្វើនូវប្រយោជន៍ ដែលនាំឲ្យបាននូវរបស់ទាំងអស់នោះ ចេះតែស្រែងក្តែង ៗ ថា ចង់បាននេះ ចង់បាននោះ ចង់ឲ្យខ្លួនឯងមានសេចក្តីសុខណាស់ តែមិនព្រមនាំគ្នាធ្វើនូវហេតុដែលនាំឲ្យមាននូវសេចក្តីសុខ តើនឹងមានសេចក្តីសុខពីណាមក ? ដោយហេតុតែចង់ឲ្យជីវិតរបស់ខ្លួនរស់នៅយើនយូរ តែបែរជាទៅបៀតបៀនជីវិតអ្នកដទៃ តើនេះឈ្មោះថា យើងកំពុងតែសាងនូវភាពជាអ្នកមានអាយុវែងឬ ? ចង់មានទ្រព្យសម្បត្តិតែបែរជាទៅលួចទ្រព្យអ្នកដទៃ ដើម្បីឲ្យខ្លួនឯងមាន ចង់មានសេចក្តីសុខ តែបែរទៅប្រព្រឹត្តិបំពានលើសេចក្តីសុខរបស់អ្នកដទៃ សួរថាតើអំពើទាំងអស់នេះវាសមគួរដែរឬ ? ព្រះបរមសាស្តាចារ្យព្រះអង្គទ្រង់ត្រាស់សម្តែងថា បើយើងចង់បានអាយុវែង ចង់បានទ្រព្យស្តុកស្តម្ភ ចង់ឲ្យឯងមានសេចក្តីសុខនៅក្នុងក្រុមគ្រួសារ ចង់ឲ្យគេមានភាពស្មោះត្រង់នឹងខ្លួនឯង និងចង់មានបញ្ញា គឺត្រូវវៀកចាកបញ្ចវេរាទាំង ៥ គឺសីល ៥ នឹងឯង ពីព្រោះអ្នកមានសីល ៥ រមែងបានទទួលនូវគុណធម៌ដូច្នេះគឺ -សីលទី ១ មិនបៀតបៀនជីវិតអ្នកដទៃគឺមិនសម្លាប់សត្វនាំឲ្យមានធម៌ មេត្តា ។ -សីលទី ២ មិនលួចទ្រព្យគេ នាំឲ្យមានធម៌ សម្មាអាជីវៈ ។ -សីលទី ៣ មិនប្រព្រឹត្តខុសក្នុងកាម នាំឲ្យយើងមាននូវធម៌ សទារន្តោសៈ ។ -សីលទី ៤ មិននិយាយកុហក នាំឲ្យមានធម៌ សច្ចៈ ។ -សីលទី ៥ មិនផឹកនូវទឹកស្រវឹង នាំឲ្យមានធម៌ សតិសម្បជញ្ជៈ ។ សីលទាំង ៥ នេះដែលមនុស្សគួរតែខំប្រឹងប្រែងរក្សាឲ្យដូចជាយើងរក្សានូវជីវិតរបស់ដូច្នោះដែរ ដើម្បីបានជាមាគ៌ាសម្រាប់ជីវិតរបស់យើង ដែលធ្វើដំណើរទៅលោកខាងមុខនឹងបានជាគ្រឿងប្រដាប់ សម្រាប់តម្រែ តម្រង់ និងកែតម្រូវផ្លូវនៃជីវិតរបស់ខ្លួនឲ្យប្រកាន់តែប្រសើរ ។ ដកស្រង់ចេញពីសៀវភៅៈ សមាធិសម្រាប់កុមារា កុមារី យុវជន យុវតី រៀបរៀងដោយៈ ព្រះបាឡាក់ សម្បត្តិចន្ទសុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ ) វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |