អានអត្ថបទ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ២២,១៩៦ ដង)
៤យ៉ាងរបស់អ្នកគ្រប់គ្រងផ្ទះ ដើម្បីសុខចម្រើនកើតសុភមង្គល

|
សម្បទា ៤ យ៉ាង សម្រាប់គ្រហស្ថអ្នកគ្រប់គ្រង់ផ្ទះ ឲ្យមានការប្រតិបត្តិ ដើម្បីសុខចម្រើនកើតសុភមង្គលក្នុងគ្រួសារគឺ៖
១ - ឧដ្ឋានសម្បទា មានន័យថា ខ្លួនយើងត្រូវព្យាយាមរកស៊ីទាំងយប់ ទាំងថ្ងៃមិនខ្ជិលច្រអូស ប្រកបដោយឧបាយជាគ្រឿងពិចារណាក្នុងការងាទាំងនោះ ហើយគួរធ្វើ គួរចាត់ចែង ។ កាលបើយើងខ្ជិលរកស៊ី គិតតែពីដើរលែងគ្មានស្គាល់ថ្ងៃយប់នេះ ជាប្រធាននៃសេចក្តីវិនាស សុភមង្គលក្នុងគ្រួសាររបស់យើង មិនអាចចម្រើនរុងរឿងទៅបានឡើយ ព្រោះហេតុនោះ យើងត្រូវមានសតិដាស់ដឿនខ្លួនឯងថា អាត្មាអញមិនមែននៅកម្លោះក្រមុំ ដូចពីមុនទេ គឺអញមានប្តីប្រពន្ធហើយ ដូច្នេះអញត្រូវធ្វើខ្លួនឲ្យសមជាអ្នកមានគ្រួសារមួយដ៏ល្អ មិនគួរធ្វើជាអ្នកអាវ៉ាសែ ដូចបុគ្គលពាលឡើយ ត្រូវតែព្យាយាមរកស៊ីដើម្បីឲ្យមានទ្រព្យធន ដើម្បីចិញ្ចឹមប្រពន្ធ ប្តីឲ្យបានសេចក្តីសុខ ។ ២ - អារក្ខសម្បទា បានន័យថា កាលរកលុយកាក់បានមកហើយ ត្រូវសន្សំទុកឲ្យបាលល្អ ត្រូវចេះបែងចែកឲ្យបានសមគួរ មានចំណាយលើម្ហូបប្រចាំថ្ងៃ របស់របរសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ចិញ្ចឹមឪពុកម្តាយ ធ្វើបុណ្យជាដើម ។ កាលបើយើងបែងចែកបានល្អនោះ លុយកាក់របស់យើងនឹងគង់វង្សសម្រាប់តម្កល់ទុកទៅខាងមុខ ។ ដូច្នេះលុយកាក់ដែលយើងខំព្យាយាមរកមកទាំងយប់ទាំងថ្ងៃនោះ យើងត្រូវដឹងថាជាការលំបាកណាស់ទម្រាំបានមក បើយើងធ្វើការរាជការត្រូវដឹងថា វាហត់នឿយលំបាកខួរក្បាលដោយសារសការគិត ។ បើលក់ដូរក៏លំបាកក្នុងការចំណេញបានមួយពាន់ពីរពាន់ ដូច្នេះយើងមិនគួរចំណាយទៅលើអ្វី ៗ ដែលឥតប្រយោជន៍ដូចជា ខ្ជះខ្ជាយមិនដឹងប្រមាណឬយកទៅលេងល្បែងភ្នាល់ជាដើម ។ ចំណែកយើងជាស្រ្តីកុំឲ្យដូចជាពាក្យខ្មែរបុរាណពោលថា "ស្រីកញ្ជើធ្លុះ" ឡើយ ។ ក្នុងរឿង មារយើង មានពោលពីនាងកញ្ជើធ្លុះថា នាងមិនបានថែរក្សានូវត្រី កំពីស ដែលប្តីបានមកនោះទេ គិតតែពីយកឈើចាក់កញ្ច្រែងឲ្យធ្លុះ ធ្លាក់ត្រីកំពីសអស់ ដែលបានន័យថា ស្ត្រីខ្លះក្នុងលោកនេះពេលដែលប្តីរកទ្រព្យបានមកខ្លួនមិនខំថែរក្សាឲ្យបានល្អ គិតតែចាយវាយឥតដឹងមុខ ធ្វើឲ្យទ្រព្យនោះអស់រលីង ដល់ពេលមានកិច្ចចាំបាច់រកប្រាក់គ្មាន ព្រោះហេតុនោះចាស់ ៗ តែងថា "មេស្រីកញ្ជើធ្លុះ" ។ ហេតុនោះឯង មិនថា ស្ត្រីឬបុរសទេ យើងមានភារកិច្ចជួយគ្នា ថែរក្សាទ្រព្យសម្បត្តិដែលរកបានមក ហើយឲ្យនៅគង់វង្សមិនឲ្យវិនាសបាត់បង់ដោយប្រការណាមួយឡើយ ។ ៣ - កល្យាណមិត្តតា បានន័យថា ត្រូវចេះសេពកប់មិត្តណាមានប្រយោជន៍ ជាមិត្តនាំមកនូវសេចក្តីសុខចម្រើន ដល់គ្រួសារយើង មិនមែនជាមិត្តប្លម មិត្តពាលជើងកាងអាវ៉ាសែនោះឡើយ ។ បើក្នុងភូមិណា មានអ្នកមានសីល បរិបូណ៌ដោយសទ្ធា បរិបូណ៌ដោយចាគៈ បរិបូណ៌ដោយបញ្ញា យើងត្រូវចូលទៅសាកសួរ សាកច្ឆាជាមួយជនទាំងនោះ ទោះជាក្មេងក៏ដោយ ចាស់ក៏ដោយ យើងត្រូវដឹងថា អ្នកទាំងនោះជាកល្យាណមិត្តដ៏ប្រសើររបស់យើង ។ ៤ - សមជិវិតា បានន័យថា ចិញ្ចឹមជីវិតស្មើ គឺថា យើងចេះដឹងការវិនាសទៅនៃភោគៈដោយហេតុនេះ ការចម្រើនភោគៈដោយហេតុនេះ ហើយចេះបរិភោគមិនត្បិតត្បៀតពេក មិនខ្ជះខ្ជាយពេក គួរបរិភោគឲ្យសមល្មមនឹងភោគៈដែលខ្លួនមាន មិនមែនខ្លួនជាអ្នកមាន តែទៅហូបរបស់សៅហ្មងមិនឆ្ងាញ់ ដូចជាមនុស្សថាំពេក មើលតែមិនមានលុយទិញហូប ។ បើខ្លួនជាអ្នកទាល់ក្រ ហើយស្រាប់តែចំណាយហួសប្រមាណដូចភាសិតថា "ស៊ីដូចមុស ជុះដូចដំរី" នេះក៏មិនត្រូវដែរ ។ កាលបើលុយកាក់មានដោយខំប្រឹងរកស៊ីអស់កម្លាំងល្ហិតល្ហៃទាំងថ្ងៃទាំងយប់ ហើយមានលុយកាក់ល្មមគ្រាន់បើហើយយើង មិនហ៊ានហូបចុកទៀត ហាក់ដូចជាអ្នកក្រមិនមានទ្រព្យសោះ អ្នកប្រាជ្ញលោកឲ្យឈ្មោះថា "អ្នកកំណាញ់ក្រៅតម្រា" ។ ទោះមានទ្រព្យប៉ុណ្ណា បើក្នុងចិត្តមិនចេះគ្រប់គ្រាន់ទេ ឈ្មោះថា នៅក្ររហាមជានិច្ច ។ ដកស្រង់ចេញពីសៀវភៅៈ ចិញ្ចឹមកូនតាមគន្លងធម៌ រៀបរៀងដោយៈ ឧបាសក វ៉ាន់ ចាន់វ៉ែន វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |