អានអត្ថបទ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ២០,៩៤៥ ដង)
រឿងដំរីឈ្មោះមហិឡាមុខ

|
រឿងដំរីឈ្មោះមហិឡាមុខ
ក្នុងអតីតកាល ព្រះរាជាព្រះបាទព្រហ្មទត្ត ក្នុងព្រះនគរពារាណសី បានមានដំរីមង្គល ឈ្មោះមហិឡាមុខ ជាសត្វមានសីល បរិបូរណ៍ដោយមាយាទ មិនចេះបៀតបៀនអ្នកណាម្នាក់ឡើយ។ ក្រោយមក ថ្ងៃមួយ ក្នុងពេលរាត្រី ពួកចោរមកហើយបានអង្គុយប្រឹក្សាគ្នា នៅក្បែររោងដំរីរបស់ព្រះរាជាអង្គនោះ ថា "ពួកយើង ត្រូវទំលាយឧម្មង្គ (រូង) យ៉ាងដូច្នេះ, ត្រូវធ្វើកម្មគឺការកាត់ទីតយ៉ាងដូច្នេះ, ការដែលពួកយើងទំលាយនូវឧម្មង្គនិងធ្វើការកាត់ទីតហើយ លួចយកនូវភណ្ឌ ទើបគួរ, កាលនឹងលួចយក ត្រូវតែសម្លាប់ និងវាយដំ (ម្ចាស់ទ្រព្យ) ហើយទើបលួចយកទៅ, កាលធ្វើយ៉ាងនេះ នឹងមិនមានអ្នកណាអាចដើម្បីនឹងក្រោកឡើង (បាន), ក៏ធម្មតាចោរ មិនត្រូវការសីលាចាវត្តឡើង, ត្រូវតែជាអ្នកកំណាច ឃោរឃៅ កាចសាហាវ" ដូច្នេះ។ ពួកចោរទាំងនោះ ប្រឹក្សាគ្នាយ៉ាងដូច្នេះហើយ ក៏បានណាត់គ្នាទៅវិញទៅមកស្រេច ទើបនាំគ្នាទៅ។ ពួកចោរទាំងនោះមកប្រឹក្សាគ្នាក្នុងទីនោះ ដោយឧបាយនេះផងអស់ជាច្រើនថ្ងៃ ដំរីបានស្ដាប់ពាក្យរបស់ពួកចោរទាំងនោះហើយ ក៏សម្គាល់ថា "ពួកចោរទាំងនោះ ញ៉ាំងអញឲ្យសិក្សា" ហើយគិតថា "ក្នុងពេលឥឡូវនេះ អញត្រូវតែជាសត្វកំណាច កាច ឃោរឃៅសាហាវ" ដូច្នេះហើយ ក៏បានទៅជាសត្វយ៉ាងនេះ។ ដំរីនោះ បានយកប្រមោយចាប់អ្នកថែរក្សាដំរីដែលមកហើយ។ អំពីព្រឹកព្រលឹមស្រាងហើយបានបោកទៅលើផែនដីឲ្យស្លាប់។ ពួកមនុស្ស បានក្រាបទូលហើយដល់ព្រះរាជា។ ព្រះរាជា ទ្រង់បានបញ្ចូលនូវអមាត្យម្នាក់ទៅ ដោយព្រះរាជឱង្ការថា "នែបណ្ឌិត អ្នកចូរទៅចុះ ចូល (ពិនិត្យ) ឲ្យដឹងថា ព្រោះហេតុអ្វី? បានជាដំរីនោះក្លាយទៅជាសត្វកាចសាហាដូច្នេះ"។ អមាត្យនោះទៅហើយ ក៏មិនឃើញមានរោគក្នុងខ្លួននៃដំរី ទើបគិតថា "ដំរីនេះ បានកាចសាហាវហើយ ព្រោះហេតុអ្វី? ដូច្នេះ កាលពិចារណាទៅ ទើបធ្វើការសន្និដ្ឋានថា "ដំរីនោះ ពិតជាបានស្ដាប់ពាក្យអាក្រក់របស់ជនពួកខ្លះ ក្នុងទីមិនឆ្ងាយដោយពិត ទើបបានក្លាយទៅជាសត្វកាចសាហាវ" ហើយបានសួរពួកជនអ្នកថែរក្សាដំរីថា " តើមានបុគ្គលណាខ្លះធ្លាប់និយាយអ្វីៗ ក្នុងពេលរាត្រី នៅក្បែររោងដំរីដែរឬទេ? " ។ ពួកអ្នកថែរក្សាដំរីពោលថា " បពិត្រនាយ មានពួកចោរ បានមកប្រឹក្សាគ្នា" ។ អមាត្រនោះ ទៅក្រាបទូលព្រះរាជាថា "បពិត្រព្រះសម្មតិទេព ក្នុងខ្លួនដំរីមិនមានការចំឡែកអ្វីដទៃឡើយ ដំរីនោះ បានស្ដាប់ពាក្យរបស់ពួកចោរហើយ ទើបបានជាសត្វកាចសាហាវ ឥឡូវនេះ គួរតែនិមន្តពួកសមណៈ និង ព្រាហ្មណ៍ អ្នកមានសីល ឲ្យគង់នៅក្បែររោងដំរី ហើយសូធ្យរឿងសីលនិងមាយាទ"។ ព្រះរាជាទ្រង់ត្រាស់ឲ្យធ្វើហើយយ៉ាងដូច្នោះ។ សមណៈនិងព្រាហ្មណ៍ទាំងឡាយនោះ បានពោលរឿងសីលថា "អ្នកមិនគួរចាប់អ្នកណាម្នាក់ឡើយ មិនគួរសម្លាប់អ្នកណាម្នាក់ឡើយ គួរជាអ្នកបរិបូរណ៍ដោយសីល និងមារយាទ ប្រកបដោយខន្តី មេត្តា និងសេចក្ដីអនុគ្រោះ"។ ដំរីស្ដាប់ពាក្យនោះហើយ ទើបសម្គាល់ថា "សមណៈ និង ព្រាហ្មណ៍ទាំងនេះ ញ៉ាំងអញឲ្យសិក្សា" ហើយគិតថា "តាំងតែអំពីពេលនេះទៅ អញត្រូវតែមានសីល" ដូច្នេះ ហើយក៏បានក្លាយទៅជាសត្វមានសីល។ ដកស្រង់ចេញពីសៀវភៅ មិត្តល្អ រៀបរៀងដោយ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |