អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២៧,៥៧០ ដង)
សង្គហធម៌របស់មាតាបិតា

|
សង្គហធម៌របស់មាតាបិតា
មាតាបិតាសង្គ្រោះបុត្រធីតាដោយធម៌ ៥ យ៉ាងគឺ៖ ១- បាបា និវារេន្តិ មាតាបិតា តែងតែហាមប្រាមកូនឲ្យវៀរចាកអំពើបាបទាំងឡាយទាំងពួកដែលសង្គមស្អប់ខ្ពើម ពោលគឺវៀរចាកការសម្លាប់សត្វ បៀតបៀនព្យាបាទអ្នកដទៃ លួចឆក់ប្លន់ កេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃការប្រព្រឹត្តិល្មើសរំលោភប្រពៃណី លើប្រពន្ធកូនអ្នកដទៃ ការនិយាយកុហក ឆបោកអ្នកដទៃ ព្រមទាំងវៀរចាកការសេពគ្រឿងស្រវឹង ឬ គ្រឿងញៀនផ្សេងៗ មាន អាភៀន យ៉ាម៉ា មួយអន្លើដោយល្បែងពាលា អាវាសែគ្រប់ប្រភេទ ដែលនាំមកនូវសេចក្ដីវិនាសអន្តរាយដល់ខ្លួន និង សង្គមជាតិ។ ២- កល្យាណេ និវេសេន្តិ មាតាបិតា តែងតែដឹងនាំកូនឲ្យធ្វើអំពើបុណ្យកុសល អំពើសុចរិតយុត្តិធម៌ ដូចជាការធ្វើទាន រក្សាសីល ការចេះគោរពម្ដាយឪពុក ព្រះសង្ឃ ចាស់ទុំ ឧត្ដមព្រឹទ្ធាចារ្យ ត្រកូលរៀមច្បងជាដើម។ ៣- សិប្បំ សិក្ខាបេន្តិ កាលបើកូនមានវ័យល្មមនឹងសមនឹងសិក្សា ឪពុកម្ដាយ តែងតែខ្នះខ្នែងបញ្ជូនកូនឲ្យទៅរៀនសូត្រតាមសាលានានា និង ជួយជំរុញលើកទឹកចិត្តឲ្យកូនស្រឡាញ់ពេញចិត្តចំពោះការសិក្សា ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ជាពិសេស មុខវិជ្ជាដែលសង្គមត្រូវការនាបច្ចុប្បន្ននេះ។ មិនតែប៉ុណ្ណោះគាត់ថែមទាំងពន្យល់អំពីផលវិបាកនៃភាពល្ងង់ខ្លៅ ដែលជាមាគ៌ាមួយឈានទៅរកឱនភាព ភាពថោកទាប មិនអាចថែរក្សា ឬ លើកស្ទួយជីវភាពគ្រួសារ ឲ្យរុងរឿងថ្កុំថ្កើងបានឡើយ។ មានតែចំណេះចេះដឹងប៉ុណ្ណោះ ដែលឲ្យធ្វើយើងមានកិត្តិយសថ្លៃថ្លា មានគេគោរពរាប់អាន និង អាចជួយលើកស្ទួយវង្សត្រកូល ជាតិ សាសនា ឲ្យបានរុងរឿង ចំរើនជាភិយ្យោភាព។ ៤- បដិរូបេន ទារេន សញ្ញោជេន្តិ មាតាបិតា កាលបើដឹងថា កូនរបស់ខ្លួនចំរើនវ័យធំល្មមមានគូស្រករហើយ គាត់តែងតែរៀបចំទុកដាក់កូនចៅឲ្យមានភរិយា ស្វាមី ទៅតាមសមត្ថភាព ធនធានពូជពង្សវង្សត្រកូល និង តាមប្រពៃណីរបស់ខ្លួន។ ៥- សមយេ ទាយំជ្ជំ និយ្យាទេន្តិ មាតាបិតា តែងចែកចាយទ្រព្យសម្បត្តិកេរមត៌ក របស់ខ្លួនតាមសម័យកាល គឺ ចែកឲ្យកូនជានិច្ច និង ជារឿយៗមិនដែលខាន។ កាលសម័យ គឺ មាតាបិតា ចែកទ្រព្យឲ្យកូនតាមកាល នៅពេលដែលកូនបែកមានក្រុមគ្រួសារហើយ។ សូមចាំជាក់ក្នុងចិត្តថា មាតាបិតា ជាអ្នកមានព្រហ្មវិហារធម៌ ៤ និង សង្គហធម៌ ៥ ចំពោះបុត្រធីតាគ្រប់រូប ព្រោះថាលោកទាំងទ្វេបានចិញ្ចឹមបីបាច់ថែរក្សា ជាអ្នកមានឧបការគុណដ៏ធំធេង ពុំអាចគណនាបានឡើយ គឺមានអនន្តគុណ គុណធ្ងន់ដ៏ក្រៃលែង អនេកប្បគុណ គុណច្រើនរាប់មិនអស់ អសមគុណ គុណប្រៀបស្មើពុំបាន អប្បមាណគុណ គុណប្រមាណមិនបាន។ ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន រៀបរៀងដោយ ឈុន គឹមអៀត ដោយ៥០០០ឆ្នាំ |