អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៤,៧៦៤ ដង)
បុគ្គលគប្បីដឹងច្បាស់នូវព្រះសទ្ធម្មដោយហេតុដូចម្តេច ?

|
សុត្តន្តបិដក អង្គុតរនិកាយ អដ្ឋកនិបាត ( បិ. ៤៨ ទំ ១៤២ )
ពួកជនណា បាននូវមនុស្សលោកហើយ ( បានកើតជាមនុស្ស ) តែមិនជួបប្រទះនូវខណៈក្នុងព្រះសទ្ធម្ម ដែលព្រះតថាគតទ្រង់សម្តែងដោយល្អ ជនទាំងនោះ ឈ្មោះថាកន្លងបង់នូវខណៈ អក្ខណៈទាំងឡាយ ដែលអ្នកប្រាជ្ញទាំងឡាយជាច្រើន បានពោលហើយថា ធ្វើនូវសេចក្តីអន្តរាយដល់បុគ្គល, ព្រះតថាគតទាំងឡាយ ទ្រង់កើតម្តង ៗ ក្នុងលោកម្តង ៗ, ការកើតឡើងនៃព្រះតថាគតទាំងឡាយណា ដែលសត្វបានដោយកម្រក្រៃពេកក្នុងលោក ការកើតឡើងនៃព្រះតថាគតទាំងឡាយនោះ ក៏កើតចំពោះមុខហើយ ការបានអត្តភាពជាមនុស្សផង ការសម្តែងនូវព្រះសទ្ធម្មផង ( ក៏បានកើតចំពោះមុខហើយ ) ជនអ្នកមានសេចក្តីប្រាថ្នានូវ ប្រយោជន៍គួរព្យាយាមក្នុងព្រះសទ្ធម្មនោះ ។ បុគ្គលគប្បីដឹងច្បាស់នូវព្រះសទ្ធម្មដោយហេតុដូចម្តេច ? ខណៈកុំកន្លងនូវអ្នកទាំងឡាយឡើយ ព្រោះថាពួកជនដែលខណៈកន្លងហើយ រមែងសង្រេងសង្រៃក្នុងនរកត្រៀបត្រា ។ បើបុគ្គលណាក្នុងលោកនេះ ញុំាងសេចក្តីកំណត់នូវព្រះសទ្ធម្ម គឺ អរិយមគ្គមិនឲ្យសម្រេចទេ បុគ្គលនោះជាអ្នកកន្លងបង់នូវប្រយោជន៍ រមែងសង្រេងសង្រៃអស់រាត្រីយូរ ដូចជាពាណិជ ដែលកន្លងបង់នូវប្រយោជន៍ដូច្នោះដែ, សត្វដែលអវិជ្ជារួបរឹតហើយ មិនញុំាងព្រះសទ្ធម្ម ឲ្យសម្រេចបាន គង់នឹងត្រឡប់មកកាន់សង្សារ គឺការកើត និង ការស្ងាប់ អស់កាលដ័យូរ ។ មួយទៀត ពួកជនណា បាននូវអត្តភាពជាមនុស្ស ក្នុងព្រះសទ្ធម្មដែលព្រះតថាគត សម្តែងល្អហើយ បានធ្វើហើយ នឹងធ្វើ ឬកំពុងធ្វើតាមពាក្យនៃព្រះសាស្តា ពួកជនណាដើរទៅកាន់ផ្លូវ ដែលព្រះតថាគតសម្តែងទុកហើយ ពួកជននោះឈ្មោះថាត្រាស់ដឹងនូវខណៈ និងព្រហ្មចារ្យដ៏ប្រសើរក្នុងលោក សេចក្តីសង្រួមណា ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ ព្រះអង្គមានចក្ខុ បានសម្តែងហើយ បុគ្គលមានចិត្តមិនទទឹកដោយកិលេស ជាអ្នកមានស្មារតីគ្រប់កាល គប្បីគ្រប់គ្រងក្នុងសេចក្តីសង្រួមទាំងនោះ, ពួកជនណា បានដល់នូវការអស់ទៅនៃអាសវៈ ជនទាំងនោះ បានកាត់នូវអនុស័យទាំងពួង ដែលទៅកាន់សង្សារ ជាលំនៅនៃមារ ហើយដល់នូវត្រើយ គឺព្រះនិព្វានក្នុងលោក ។ ដកស្រង់ចេញពីសៀវភៅ ព្រហ្មចរិយធម៌ រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |