អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៥,៦៩៧ ដង)
កាលតថាគត ជាក្សត្រឈ្មោះសិវិ

|
សិវិដរាជចរិយា
កាលតថាគត ជាក្សត្រឈ្មោះសិវិ សោយរាជ្យក្នុងនគរអរិដ្ឋៈ អង្គុយក្នុងប្រាសាទដ៏ប្រសើរ តថាគតគិតយ៉ាងនេះថា ទានណាមួយ ជារបស់មនុស្ស ទាននោះគឺអញមិនដែលឲ្យហើយ មិនមានឡើយ បើមានយាចកណាមក សូមភ្នែកអញ អញនឹងមិនញាប់ញ័រត្រូវតែឲ្យ ( ដល់យាចកនោះ ) សក្កៈជាធំជាងពួកទេវតា បានដឹងនូវសេចក្តីត្រិះរិះ របស់តថាគត អង្គុយនៅក្នុងទេវបរិស័ទ ក៏ពោលនូវពាក្យនេះថា ស្តេចសិវិមានឫទ្ធិច្រើន គង់ក្នុងប្រាសាទដ៏ប្រសើរ កំពុងពិចារណានូវទានផ្សេង ៗ ( ដែលខ្លួនឲ្យហើយ ) ស្តេចនោះមិនឃើញនូវវត្ថុ ដែលខ្លួនមិនធ្លាប់ឲ្យសោះឡើយ ។
ការណ៍នុ៎ះពិតឬមិនពិតអេះ បើដូច្នេះ អញនឹងល្បងស្តេចនោះមើល អ្នកទាំងឡាយចូររង់ចាំមួយរំពេច ទម្រាំយើងបានដឹងនូវរាជហឫទ័យ នៃស្តេចនោះ ( ព្រះឥន្រ្ទក៏ក្លែងខ្លួនជាព្រាហ្មណ៍ ) មានសក់ស្កូវ មានខ្លួនជ្រួញជ្រីវ ទូរន់ទូរាដោយជរា ព្រមទាំងមានសម្បុរអាក្រក់ ដើរញញាក់ញញ័រចូលទៅរកព្រះរាជា ។ គ្រានោះ ព្រាហ្មណ៍នោះផ្គងដៃឆ្វេងនិងដៃស្តាំហើយធ្វើអញ្ជលីលើសិរ្ស ពោលពាក្យនេះថា បពិត្រធម្មិកមហារាជ ជាអ្នកញុំាងដែនឲ្យចម្រើន ខ្ញុំព្រះអង្គ សូមអង្វរព្រះអង្គ កិត្តិសព្ទរបស់ព្រះអង្គ ថាត្រេកអរក្នុងទាន ល្បីទូទ័រទៅក្នុង ទេវលោកនិងមនុស្សលោក ។ ភ្ នែកទាំងពីរនៃទូលបង្គំ ត្រូវងងឹតបៀតបៀនហើយ សូមព្រះអង្គប្រទាននូវព្រះនេត្រមួយដល់ទូលព្រះបង្គំ ចំណែកព្រះអង្គ សូមញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយព្រះនេត្រម្ខាងចុះ ។ តថាគតឮពាក្យនៃព្រាហ្មណ៍នោះហើយ ក៏រីករាយមានចិត្តសង្វេគ ធ្វើអញ្ជលីមានសេចក្តីត្រេកអរ ហើយពោលថា ខ្ញុំទើបនឹងគិតឃើញអម្បាញ់មិញនេះ ហើយចុះអំពីប្រាសាទមកក្នុងទីនេះ អ្នកទំនងជាដឹងចិត្តខ្ញុំ ទើបមកសូមភ្នែកខ្ញុំ ឱហ្ន៎ ! សេចក្តីប្រាថ្នាក្នុងចិត្តនៃខ្ញុំសម្រេចហើយ សេចក្តីត្រិះរិះនៃខ្ញុំពេញហើយ ទានដ៏ប្រសើរដែលខ្ញុំមិនធ្លាប់ឲ្យ ខ្ញុំនឹងឲ្យដល់ស្មូមក្នុងថ្ងៃនេះ ។ ម្នាលពេទ្យឈ្មោះសិវកៈ អ្នកចូរមក ចូរក្រោកឡើង កុំបង្អង់ឲ្យយឺតយូរឡើយ កុំញាប់ញ័រចូរឆ្កៀលភ្នែកទាំងពីរ ( របស់អញ ) ហើយឲ្យដល់ស្មូម ។ លំដាប់នោះ ពេទ្យសិវកៈនោះ ដែលតថាគតដាស់តឿនហើយ ក៏ធ្វើតាមពាក្យតថាគត បានខ្វេះឆ្កៀល ( ភ្នែកតថាគត ) ហើយប្រគល់ឲ្យដល់ស្មូមដូចឲ្យកសាច់ត្នោត ។ ក្នុងកាលមុនឲ្យក្តី កំពុងឲ្យក្តី ឲ្យរួចហើយក្តី ចិត្តរបស់តថាគត ឥតមានការរាយមាយឡើយ ព្រោះហេតុពោធិញ្ញាណតែម៉្យាង ។ ភ្នែកទាំងពីរ មិនមែនជាទីស្អប់របស់តថាគតទេ ទាំងខ្លួនសោតទៀត ក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់ របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យចក្ខុ ។ ដកស្រង់ចេញពីសៀវភៅ បារមីកថា ពុទ្ធបទាន រៀបរៀងដោយៈ មុនីកោសល្យ នៅ ហៃឡុង វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |