អានអត្ថបទ
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៣០,៥៨១ ដង)
ក្លិនក្រអូបនៃសីល

|
ក្លិនក្រអូបនៃសីល
( ធម្មបទគាថា បុប្ផវគ្គ បិ. ៥២ ទំ. ៣២ ) ក្លិនផ្កាឈើផ្សាយទៅច្រាសខ្យល់មិនបាន ក្លិនខ្លឹមចន្ទន៍ក្តី ក្លិនខ្លឹមក្រឹស្នាក្តី ក្លិនផ្កាម្លិះរួតក្តី ក៏ផ្សាយទៅច្រាសខ្យល់មិនបាន, ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយទៅបានគ្រប់ទិស ។ ក្លិននៃសិល ជាគុណជាតប្រសើរបំផុតជាងគន្ធជាតទាំងនេះគឺ ខ្លឹមចន្ទន៍ ខ្លឹមក្រឹស្នា ផ្កាឧប្បល ផ្កាម្លិះលា ។ ក្លិនក្រឹស្នា និង ក្លិនចន្ទន៍ណា ក្លិននេះ ក្រអូបមានប្រមាណតិចទេ ចំណែកក្លិននៃបុគ្គលមានសីលទាំងឡាយណា ក្លិននោះ ទើបក្រអូបលើសលប់ ផ្សាយទៅក្នុងទេវលោក និងមនុស្សលោកបាន ។ អ្នកប្រតិបត្តិសីល អ្នករក្សាសីល គួរតែគោរពគ្នាតាមលំដាប់ថ្នាក់សីល ទាំងតាមលំដាប់ថ្នាក់អាយុ វស្សាចាស់ក្មេង ហើយគុណសម្បត្តិផងទៀត ទើបសមគួរតាមលំអានគន្លងគារវធម៌ក្នុងព្រះពុទ្ធសាសនា និង បោរាណកធម៌ ។ ក្នុងកាលព្រេងនាយ សូម្បីសត្វតិរច្ឆានធំ-តូច ដូចយ៉ាងសត្វ ទទា ស្វា ដំរី ដែលចេះគោរពគ្នាតាមលំដាប់ថ្នាក់ អាយុចាស់ - ក្មេង អាចបានសុគតិ ជាទិដ្ឋានុគតិ ឲ្យមនុស្សយកតម្រាប់បានដែរ ។ ដកស្រង់ចេញពីសៀវភៅ វត្តប្រតិបត្តិពុទ្ធសាសនិកជន រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |