អានអត្ថបទ
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ១៧,៤៤៣ ដង)
គុណរបស់ព្រះសម្មាសម្ពុទ្ធ

|
គុណរបស់ព្រះសម្មាសម្ពុទ្ធ
ព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយ កាលប្រមូលសរុបមកមានត្រឹមតែ ៣ ប៉ុណ្ណោះ តែបើពោលដោយពិស្ដារ មិនមានអ្នកណានឹងអាចរាប់បាន អាចប្រមាណបានឡើយ ព្រោះព្រះអង្គតាំងបណិធានប្រាថ្នានឹងជួយសត្វទាំងឡាយ ឲ្យផុតសង្សារទុក្ខដោយផ្ដើមតាំងព្រះទ័យថាៈ ពុទ្ធោ ពោធេយ្យំ មុត្តោ មោចេយ្យំ តិណ្ណោ តារេយ្យំ យើងត្រាស់ដឹងហើយ នឹងឲ្យអ្នកដទៃត្រាស់ដឹងផង យើងរួចផុតហើយនឹងឲ្យអ្នកដទៃរួចផុតផង យើងឆ្លងហើយនឹងឲ្យអ្នកដទៃឆ្លងផង យ៉ាងរួចផុតហើយនឹងឲ្យអ្នកដទៃរួចផុតផង យើងឆ្លងហើយនឹងឲ្យអ្នកដទៃឆ្លងផង យ៉ាងនេះអស់រយៈពេល ៧ អសង្ខេយ្យ។ ប្រាថ្នាជាព្រះពុទ្ធដោយថ្លែងវាចាតាមចិត្តដែលគិតថា នឹងជួយសត្វ (ដូចខាងលើ) អស់ ៩ អសង្ខេយ្យ។ ទ្រង់ប្រាថ្នានឹងបំពេញបារមីដោយកាយ វាចា ចិត្ត តាំងពីបានទទួលការព្យាករណ៍ពីព្រះពុទ្ធទីបង្ករថានឹងបានត្រាស់ជាព្រះពុទ្ធអស់រយៈពេល ៤ អសង្ខេយ្យ និង ១ សែនមហាកប្ប។ ព្រះសព្វញ្ញូពោធិសត្វរបស់យើងទាំងឡាយ ទ្រង់បានតាំងប្រាថ្នាជាព្រះពុទ្ធក្នុងខណៈចិត្តជាលើកដំបូង ដែលមិនទាន់បានធ្លាប់ជួបព្រះពុទ្ធអង្គណាៗឡើយ រាប់មិនអស់មានរឿងពោលទុកថាៈ រាប់តាំងពីភទ្ទកប្បនេះ ថយក្រោយទៅ ២០ អសង្ខេយ្យ និង ១ សែនមហាកប្ប ព្រះពោធិសត្វកើតជាមនុស្សក្រីក្រក្នុងដែនគន្ធារៈ កាប់ឧស បេះបន្លែអំពីព្រៃយកទៅលក់បានប្រាក់ចិញ្ចឹមមាតា។ ថ្ងៃមួយ កំពុងរែករបស់ធ្ងន់ដើរមកហាលក្ដៅផង ស្រេកទឹកផង ក៏ចូលសម្រាកនៅ ក្រោមដើមជ្រៃពិចារណាថា ពេលនេះអាត្មាអញនៅមានកម្លាំង អាចអត់ ធន់ ចំពោះសេចក្ដីទុក្ខព្រោះក្ដៅជាដើមបាន តែកាលយើងចាស់ ឬឈឺ ប្រាកដជាមិនអាចអន់ធន់ នឹងសេចក្ដីទុក្ខយ៉ាងនេះបានឡើយ ណ្ហើយ យើងនឹងទៅកាន់សុវណ្ណភូមិ ជីកយកមាសមក ចិញ្ចឹមមាតាឲ្យមានសេចក្ដី សុខចុះ។ កាលគិតដូច្នោះហើយ ក៏បាននាំមាតាចុះសំពៅទៅកាន់ សុវណ្ណភូមិជាមួយនឹងពួកឈ្មួញ ដោយសូមបម្រើជាកូនឈ្នួលប្រចាំសំពៅ កាលសំពៅចេញទៅបាន ៧ ថ្ងៃ ក៏បែកលិចលង់ទៅ ពួកឈ្មួញក៏ដល់នូវ សេចក្ដីវិនាសទាំងអស់គ្នា ចំណែកព្រះពោធិសត្វលីមាតាផង ហែលទឹកឆ្លងសមុទ្រទៅ ផង។ គ្រានោះ ស្ដេចមហាព្រហ្មជាន់សុទ្ធាវាស រំពឹងមើលសត្តលោកទូទៅដោយគិតថា កន្លងទៅ ១ អសង្ខេយ្យមហាកប្បហើយ មិនមានបុរសណាមួយ ដែលត្រាស់ជាព្រះពុទ្ធឡើយ ចុះអ្នកដែលនឹងបានត្រាស់ដឹងជាព្រះពុទ្ធមានឬទេហ្ន៎? ទើបមើលឃើញព្រះពោធិសត្វដែលកំពុងលះបង់ជីវិត នាំមាតារបស់ខ្លួនហែល ឆ្លងមហាសមុទ្រដ៏ធំល្វឹងល្វើយ ក៏ជ្រាបបានថា មហាបុរសនេះ មានសេចក្ដីព្យាយាមខ្លាំងក្លាណាស់ នឹងមានអធ្យាស្រ័យ ជួយអ្នកដទៃ ព្រះពោធិសត្វនោះដោយអានុភាពមហាព្រហ្មបណ្ដាលចិត្ត ក៏កើតសេចក្ដីគិតឡើងថា យើងត្រាស់ដឹងហើយ នឹងឲ្យអ្នកដទៃត្រាស់ដឹង ផង យើងរួចផុតហើយនឹងឲ្យអ្នកដទៃឆ្លងផង ដូច្នេះហែលមហាសមុទ្រ ២-៣ ថ្ងៃក៏បានដល់ត្រើយព្រមនឹងមាតា។ តាំងពីនោះមក ព្រះពោធិសត្វ ចិញ្ចឹមមាតារហូតដល់អស់ជីវិត ហើយទៅកើតក្នុងទេវលោក ចំណែក មាតាក៏ទៅតាមយថាកម្ម នេះគឺជាកាលវេលាដែលទ្រង់តាំងសេចក្ដីប្រាថ្នា ជាព្រះពុទ្ធឡើងក្នុងចិត្តជាគ្រាដំបូងហៅថា បឋមចិត្តុប្បាទកាល។ ចាប់ផ្ដើមពីនោះមក ទ្រង់សន្សំបារមី រហូតដល់ភពចុងបំផុតបាន តាំងសេចក្ដីព្យាយាមប្រកបដោយអង្គ ៤ ដែលហៅថា ចតុរង្គប្បធាន កាលដូចដែលទ្រង់ត្រាស់ថាៈ កាមំ តចោ ច ន្ហារុ ច អដ្ធិ ច អវសិស្សតុ សរីរេ ឧបសុ ស្សុតុ មំសលោហិតំ យំ តំ បុរិស្ថាមេន បុរិសវីរិយេន បុរិសបរក្កមេន បត្តព្វំ ន តំ អបាបុណិត្វា បុរិសស្ស វីរិយស្ស សណ្ឋានំ ភវិស្សតិ។ ស្បែក ១ សរសៃ ១ ឆ្អឹង ១ ចូរសល់នៅចុះ ឯសាច់ ឈាម ក្នុងសរីរៈចូររីងស្ងួតចុះ គុណជាតណា ដែលបុគ្គលគប្បី ដល់ ដោយកម្លាំងរបស់បុរស ដោយសេចក្ដីព្យាយាមរបស់បុរស ដោយសេចក្ដី ប្រឹងប្រែងរបស់បុរស បើមិនទាន់ដល់គុណជាតនោះទេ នឹងមិនបញ្ឈប់នូវ សេចក្ដីព្យាយាមរបស់បុរសឡើង។ ព្រះអនុត្តរសម្មាសម្ពោធិញ្ញាណ ដែលព្រះអង្គទ្រង់បានមកនោះ រាប់ថា ជាការបានមកដោយសេចក្ដីលំបាកយ៉ាងក្រៃលែង ក្នុងព្រះជាតិចុងក្រោយបំផុតដោយហេតុនេះឯង ទើបព្រះអដ្ឋកថាចារ្យបានប្រពន្ធបណាមគាថា ដើម្បីឲ្យរឭកដល់ព្រះគុណដ៏ធំក្រៃលែង រាប់ប្រមាណមិនបានរបស់ព្រះសម្មាសម្ពុទ្ធ ដែលទ្រទ្រង់នូវព្រះគុណទាំង ៣ គឺព្រះបញ្ញាគុណព្រះវិសុទ្ធិគុណ និងករុណាគុណ ដែលមិនមានអ្នកណាប្រៀបផ្ទឹមបាន។ កាលបើបុគ្គលមានចិត្តជ្រះថ្លា ពោលពាក្យនមស្ការដោយ រឭកដល់ព្រះគុណទាំងនោះជានិច្ច ក៏នឹងធ្វើឲ្យចិត្ត ស្អាតផូរផង់ប្រាសចាកភ័យ និងអន្តរាយ សូម្បីកិច្ចការដែលធ្វើក៏សម្រេចតាមសេចក្ដីប្រាថ្នានោះឯងហោង។ ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌ រៀបរៀងដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា ដោយ៥០០០ឆ្នាំ |