អានអត្ថបទ
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១ (អាន: ២៨,៤៤២ ដង)
ការសេពគប់មិត្ត

|
ក្នុងការសេពគប់មិត្តនេះ សំខាន់ណាស់ ដូចបានបញ្ជាក់ខ្លះៗមកហើយ បើយើងយកបុគ្គលបែបណាជាមិត្តផង សេពគប់នូវមិត្តបែបណាផង យើងនោះឯងនឹងប្រាកដស្មើដោយមិត្តនោះៗ ព្រោះការនៅរួមនឹងក្លាយទៅជាបែបគ្នានោះពិត។ ដូចព្រះមានព្រះភាគ ទ្រង់ត្រាស់សម្ដែង មានក្នុងសុត្តន្តបិដកលេខ ៥៣ ទំព័រ៩១ ថា៖
កាលបើបុគ្គលមិនធ្វើបាបទេ តែទៅសេពគប់នឹងបុគ្គលធ្វើបាប បុគ្គលនោះនឹងត្រូវអ្នកផងរង្គៀស ព្រោះអំពើអាក្រក់ផង តំណិះដំនៀល រមែងចម្រើនឡើងដល់បុគ្គលនោះឯង។ បុគ្គលយកបុគ្គលបែបណាជាមិត្តផង សេពគប់នូវមិត្តបែបណាផង បុគ្គលនោះឯង នឹងប្រាកដស្មើដោយមិត្តនោះៗ ព្រោះការនៅរួមនឹងក្លាយទៅជាបែបគ្នានោះពិត។ បុគ្គលបាប កាលបើបុគ្គលស្អាតដទៃមកសេពគប់ហើយ បុគ្គលបាប ត្រូវបុគ្គលស្អាត(នោះ) មកភប់ប្រសព្វហើយ រមែងប្រឡាក់នូវបុគ្គលមកភប់ប្រសព្វ(នោះ) ដែលគេមិនបានប្រឡាក់(ដោយបាបធម៌) ផងដូចព្រួញដែលគេលាបថ្នាំពិស កាលប្រឡាក់នូវបំពង់ព្រួញដូច្នោះឯង។ អ្នកប្រាជ្ញព្រោះខ្លាចការប្រឡាក់ (ដោយបាបធម៌) ទើបមិនយកបុគ្គលបាបជាសម្លាញ់ឡើយ។ នរជនណាខ្ជប់ត្រីស្អុយដោយចុងស្បូវ ស្បូវក៏មានក្លិនស្អុយផ្សាយចេញទៅយ៉ាងណាមិញ ការសេពគប់នឹងបុគ្គលពាលក៏យ៉ាងនោះដែរ។ នរជនណាខ្ជប់ខ្លឹមក្រស្នាដោយស្លឹកឈើ ស្លឹកឈើក៏មានក្លិនក្រអូបផ្សាយទៅ យ៉ាងណាមិញ ការសេពគប់នឹងអ្នកប្រាជ្ញក៏យ៉ាងនោះដែរ។ ហេតុនោះ បណ្ឌិតដឹងនូវការសម្រេចនៃផលរបស់ខ្លួន ដូចជាកញ្ចប់នៃស្លឹកឈើហើយ មិនគប្បីសេពគប់នឹងពួកអសប្បុរសឡើយ គួរសេពគប់តែនឹងពួកសប្បុរស។(ព្រោះ) ពួកអសប្បុរសតែងនាំទៅកាន់នរក ពួកសប្បុរសតែងញ៉ាំងសត្វឲ្យទៅកាន់ស្ថានសួគ៌។ ដូច្នេះ ការសេពគប់នូវមិត្តអាក្រក់ ជាបុគ្គលពាលឬហៅថា អសប្បុរស មិនសេពគប់នូវមិត្តល្អ ជាបណ្ឌិត ឬហៅថា សប្បុរស ជាហេតុនាំឲ្យវិនាស មិនមែនជាមង្គលទេ។ ក្នុងបរាភវសូត្រ ព្រះអង្គទ្រង់ត្រាស់ថា៖ អសន្ដស្ស បិយា ហោន្តិ សន្តេ ន កុរុតេ បិយំ អសតំ ធម្មរោចេតិ តំ បរាភវតោ មុខំ។ អ្នកដែលស្រឡាញ់ ពេញចិត្តស្នេហា តែនឹងមនុស្សណាអសប្បុរស តែងមិនស្រឡាញ់ ពេញចិត្តទាំងអស់ នឹងអ្នកសប្បុរស មកធ្វើជាមិត្ត សេចក្ដីស្រឡាញ់ ពេញចិត្ត គំនិត ហើយទៅគប់មិត្តអសប្បុរស គាប់ចិត្តក្នុងធម៌ឬមួយរបស់ ហេតុនោះទាំងអស់ នាំឲ្យវិនាស។ ក្នុងបរមត្ថជោតិកា ខុទ្ទក-អដ្ឋកថា ពន្យល់ថា៖ សាស្ដាទាំង ៦ ឬក៏បុគ្គលសូម្បីពួកដទៃអ្នកប្រកបព្រមដោយកាយកម្ម វចីកម្ម និងមនោកម្ម ដែលមិនស្ងប់ ឈ្មោះថា អសប្បុរស, អសប្បុរសទាំងនោះជាទីស្រឡាញ់ របស់បុគ្គលនោះ ដូចអចេលកកោរក្ខត្តិយៈជាដើម ជាទីស្រឡាញ់របស់បុគ្គលទាំងឡាយមានស្ដេចសុនក្ខត្តៈជាដើម។ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះសាវក ឬក៏បុគ្គលសូម្បីពួកដទៃ អ្នកប្រកបព្រមហើយដោយកាយកម្ម វចីកម្ម មនោកម្ម ដែលស្ងប់ហើយ ឈ្មោះថា សប្បុរស, មិនធ្វើសប្បុរសទាំងនោះ ឲ្យជាទីស្រឡាញ់ អធិប្បាយថា មិនធ្វើសប្បុរសទាំងនោះឲ្យជាទីស្រឡាញ់ គឺជាទីប្រាថ្នា ជាទីស្រឡាញ់ ជាទីពេញចិត្តនៃខ្លួន។ ក៏សេចក្ដីផ្សេងគ្នានៃពាក្យក្នុងគាថានេះ គប្បីជ្រាបថាទ្រង់ធ្វើហើយដោយអំណាចនៃវេនេយ្យសត្វ, ម្យ៉ាងទៀត អធិប្បាយថា មិនធ្វើសប្បុរសទាំងឡាយ គឺមិនសេពគប់សប្បុរសទាំងឡាយ ដោយប្រការដូច្នេះ ដូចលោកអ្នកដឹងស័ព្ទទាំងឡាយពណ៌នាថា ធ្វើព្រះរាជាឲ្យជាទីស្រឡាញ់ក្នុងអត្តនេះថារមែងសេពគប់ព្រះរាជា។ បទថា បិយំ សេចក្ដីថា ស្រឡាញ់ សប្បាយចិត្ត បាមោជ្ជៈ។ ទិដ្ឋិ ៦២ ឬអកុសលកម្មបទ ១០ ឈ្មោះថា ធម៌របស់អសប្បុរស។ រមែងពេញចិត្ត រមែងសង្ឃឹមក្នុងចិត្ត រមែងប្រាថ្នា រមែងសេពធម៌របស់អសប្បុរសនោះ។ ឋានៈទាំង ៣ យ៉ាង គឺ បុគ្គលមានពួកអសប្បុរសជាទីស្រឡាញ់ ១ មិនធ្វើសេចក្ដីស្រឡាញ់ចំពោះពួកសប្បុរស ១ ពេញចិត្តចំពោះធម៌របស់ពួកអសប្បុរស ១ ទ្រង់ត្រាស់ថា ជាប្រធាននៃសេចក្ដីវិនាស ដោយគាថានេះ ដោយប្រការដូច្នេះ។ ក៏ប្រកបព្រមដោយឋានៈទាំង ៣ យ៉ាងនេះ រមែងវិនាស គឺរមែងខូចខាត រមែងមិនដល់សេចក្ដីចម្រើនក្នុងលោកនេះ ឬក្នុងលោកខាងមុខ ព្រោះដូច្នោះ ទើបហៅថា ជាប្រធាននៃសេចក្ដីវិនាស។ ចំណែកសេចក្ដីពិស្ដារក្នុងគាថានេះ ខ្ញុំនឹងពោលក្នុងគាថាវណ្ណនាថា ការសេពគប់ជនពាល ១ ការសេពគប់បណ្ឌិត១។ ក្នុងមង្គលសូត្រ ព្រះអង្គត្រាស់ថា៖ អសេវនា ច ពាលានំ បណ្ឌិតានញ្ច សេវនា បូជា ច បូជនេយ្យានំ ឯតម្មង្គលមុត្តមំ ។ កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ១ កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ ១ កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ ១ ទាំង ៣ នេះជាមង្គលដ៏ឧត្ដម។ ដកស្រង់ចេញពីសៀវភៅ មិត្តល្អ រៀបរៀងដោយ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |