អានអត្ថបទ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ១០,២១០ ដង)
គន្ថបលិពោធ

|
គន្ថបលិពោធ
ការបរិហារបរិយត្តិ ឈ្មោះថា គន្ថ ការបរិហារបរិយត្តិនោះរមែងជាកង្វល់ដល់ភិក្ខុជានិច្ច ដោយកិច្ចមានការស្វាធ្យាយជាដើមប៉ុណ្ណោះ មិនជាកង្វល់ដល់ភិក្ខុក្រៅនេះ (ដែលមិនបានខ្វល់ខ្វាយ) ទេ រឿងទាំងនេះ (ជានិទស្សនៈ) ក្នុងសេចក្ដីដែលគន្ថៈមិនជាបលិពោធ សម្រាប់ភិក្ខុអ្នកមិនខ្វល់ខ្វាយ។ បានឮមកថា ព្រះទេវត្ថេរៈដែលជាមជ្ឈិមភាណកៈ (អ្នកសូត្រមជ្ឈិមនិកាយ) ទៅកាន់សំណាក់របស់ព្រះទេវត្ថេរៈអ្នកដែនមាល័យ សូមកម្មដ្ឋាន ព្រះថេរៈសួរថា អាវុសោ លោកជាអ្នករៀនបានប៉ុន្មានក្នុងបរិយត្តិ? ព្រះមជ្ឈិមភាណកៈតបថា លោកម្ចាស់ ខ្ញុំជំនាញមជ្ឈិមនិកាយ, ព្រះថេរៈពោលថា អាវុសោ មជ្ឈិមនិកាយនោះ បរិហារលំបាក កាលស្វាធ្យាយមូលបណ្ណាសកៈ មជ្ឈិមបណ្ណាសកៈ ក៏មក(លាយ) កាលស្វាយធ្យាយមជ្ឈិមបណ្ណាសកៈ ឧបរិបណ្ណាសកៈ ក៏មក (ច្រឡូកច្រឡំ) (កាលបើរវល់មិនចេះចប់ដូច្នេះ) ពេលណាកម្មដ្ឋាននឹងកើតមានដល់លោកបាន ព្រះមជ្ឈឹមភាណកៈប្ដេជ្ញាថា លោកម្ចាស់ដ៏ចម្រើន ខ្ញុំព្រះករុណា បានរៀនកម្មដ្ឋានក្នុងសំណាក់ព្រះគុណម្ចាស់ហើយ នឹងមិនងាយមើល (គន្ថៈ) តទៅឡើយ ដូច្នេះហើយទទួលយកកម្មដ្ឋាន (ទៅធ្វើសេចក្ដីព្យាយាម) មិនបានធ្វើការស្វាធ្យាយដល់ទៅ ១៩ ឆ្នាំ លុះដល់ឆ្នាំទី ២០ ក៏បានសម្រេចព្រះអរហត្ត។ ថ្ងៃមួយ លោកពោលដល់ភិក្ខុទាំងឡាយ ដែលនាំគ្នាមកដើម្បីនឹងស្វាធ្យាយ (ប្រាប់)ថា អាវុសោទាំងឡាយ កាលយើងមិនងាកមើលបរិយត្តិរហូតដល់ទៅ ២០ ឆ្នាំ តែថា យើងមានការសន្សំ បានធ្វើទុកក្នុងបរិយត្តិនោះ និមន្តលោកទាំងឡាយផ្ដើម (ស្វាយធ្យាយទៅ) ចុះ (កាលភិក្ខុទាំងនោះស្វាធ្យាយទៅប្រាកដថា លោកនៅចាំបរិយត្តិនោះបានល្អ) លោកមិនមានការស្ទាក់ស្ទើរ សូម្បីក្នុងព្យញ្ជនៈត្រឹមតែមួយតួ តាំងពីដើមរហូតដល់ចប់។ សូម្បីព្រះនាគត្ថេរៈ អ្នកនៅក្នុងភ្នំកុរុន្ធិយគីរីលះបង់បរិយត្តិ ដល់ទៅ ១៨ ឆ្នាំ ហើយមកសម្ដែងធាតុកថាដល់ភិក្ខុទាំងឡាយដល់ភិក្ខុនោះ (ចាំបានហើយយកទៅ) ផ្ទៀងផ្ទាត់ជាមួយព្រះថេរៈគាមវាសីទាំងឡាយ ប្រាដកថា បញ្ហាសូម្បីមួយដែលមកខុសលំដាប់ ក៏មិនមាន។ សូម្បីក្នុងមហាវិហារព្រះថេរៈ ឈ្មោះថា ចូឡាភ័យដែលជា តិបិដក (ទ្រទ្រង់បិដកទាំង៣) មិនបានរៀនអដ្ឋកថាឡើយ (នឹកភ្នកឡើង) ឲ្យមនុស្សវាយសុវណ្ណភារីថា នឹងបរិវត្ត (ពណ៌នា) ឬប្រែបិដកទាំង ៣ ក្នុងវង្ស (អ្នកសិក្សា) បញ្ចនិកាយ។ ពួកភិក្ខុផងគ្នា (បានឮថាព្រះចូឡាភ័យ មិនមានគ្រូអាចារ្យ) ទើបក្លែងធ្វើជាពោលជំទាស់ថា "បានរៀនអំពីសំណាក់អាចារ្យណាមក ព្រះចូឡាភ័យក៏ចូលពោលតែត្រង់ដែលបានរៀនអំពីអាចារ្យរបស់ខ្លួនចុះ យើងទាំងឡាយ មិនព្រមឲ្យពោលក្រៅអំពីនេះ" សូម្បីឧបជ្ឈាយ៍ ក៏បានសួរលោកដែលមកឧបដ្ឋាកខ្លួនថា អាវុសោ ! លោកឲ្យគេវាយស្គរឬ? លោកទូលថា "ព្រះករុណា" ឧបជ្ឈាយ៍ទើបសួរទៀតថា "ព្រោះហេតុអ្វី" លោកប្រាប់ថា "ខ្ញុំព្រះករុណានឹងបរិវត្តធម៌" (ប្រែធម៌ឲ្យមនុស្សស្ដាប់)" ព្រះឧបជ្ឈាយ៍សាកល្បងសួរទៀតថា "នែ៎អាវុសោអភ័យ អាចារ្យទាំងឡាយពោលបទនេះ ដូចម្ដេច? លោកឆ្លើយភ្លាមថា ពោលយ៉ាងនេះ, ឧបជ្ឈាយ៍ ធ្វើជាពោលបដិសេធដោយសម្លេងថា "ហ៊ឹ ហ៊ឹ" លោកក៏ឆ្លើយជាថ្មី ដោយបរិយាយដទៃៗ ថា "ពោលយ៉ាងនេះៗ" ដល់ទៅ ៣ ដង ព្រះថេរៈក៏បដិសេធថា ហ៊ឹហ៊ឹ ទាំងអស់ ហើយពោលថា នែ៎អាវុសោគន្លងដែលអ្នកពោលឆ្លើយមុនដំបូងនោះឯងជាអាចរិយមគ្គ (កថាមគ្គរបស់អាចារ្យ) តែព្រោះអ្នកមិនបានរៀនពីអាចរិយមុខ (មាត់របស់អាចារ្យ) ទើបមិនអាចប្រាកដប្រជាថា អាចារ្យទាំងឡាយពោលយ៉ាងនេះ ព្រោះដូច្នេះ អ្នកចូលទៅស្ដាប់ក្នុងសំណាក់នៃ អាចារ្យទាំងឡាយ (ដែលគួរជាអាចារ្យ) របស់ខ្លួនចុះ។ លោកសួរថា នឹងទៅក្នុងទីណាល្អ ព្រះឧបជ្ឈាយ៍ទើបប្រាប់ថា ព្រះថេរៈព្រះនាមធម្មរក្ខិតៈ អ្នកជំនាញក្នុងបរិយត្តិទាំងពួង គង់នៅវត្តតុលាធារបព៌ត ក្នុងរោហណជនបទត្រើយស្ទឹងម្ខាងឯណោះ អ្នកចូលទៅកាន់សំណាក់របស់លោកចុះ។ ព្រះចូឡាភ័យទទួលពាក្យ (ព្រះឧបជ្ឈាយ៍) ថ្វាយបង្គំលាព្រះថេរៈហើយ ទៅកាន់សំណាក់ព្រះថេរៈធម្មរក្ខិតៈ ព្រមដោយបរិវារប្រមាណ ៥០០ រូប (កាលចូលទៅដល់ហើយ) ថ្វាយបង្គំហើយអង្គុយចុះ ព្រះថេរៈសួរថា មកមានកិច្ចការអ្វី? ក៏ពិតថេរៈដីកាថា មកដើម្បីស្ដាប់ធម៌ ទើបព្រះថេរៈពោលថា អាវុសោអភ័យ ភិក្ខុទាំងឡាយមកសួរខ្ញុំក្នុងទីឃនិកាយ និងមជ្ឈិមនិកាយ (ខ្លះ) ម្ដងម្ដាល ចំណែកសូត្រដ៏វិសេសខ្ញុំមិនធ្លាប់មើលរំលឹកមកប្រមាណ ៣០ ឆ្នាំហើយ តែណ្ហើយចុះ ពេលកណ្ដាលយប់ លោក (មក) បរិវត្តក្នុងសំណាក់ខ្ញុំ ពេលថ្ងៃខ្ញុំនឹងពោលដល់លោក (ឲ្យលោកស្ដាប់ថាតើមានខុសត្រូវយ៉ាងណា) ព្រះចូឡាភ័យយល់ព្រមធ្វើយ៉ាងនោះ។ ពួកអ្នកស្រុកឲ្យធ្វើបារាំធំក្បែរទ្វារបរិវេណហើយមកស្ដាប់ធម៌ជុំគ្នារាល់ថ្ងៃ។ ព្រះថេរៈយកសូត្រដែលព្រះចូឡាភ័យបរិវត្តក្នុងពេលយប់មកពោល (ផ្ទៀងផ្ទាត់) ក្នុងវេលាថ្ងៃ (មិនមានខុស)រឿយៗ ទៅរហូតដល់ចប់(ព្រះសូត្រ) ហើយ(គង់នឹងសង្កេតឃើញថា ព្រះចូឡាភ័យមានបដិភាណខ្ពស់ជាងខ្លួន ទើបថ្ងៃមួយចូលទៅ) អង្គុយលើកន្ទេលជិតព្រះអភយត្ថេរៈ ពោលថា "លោកមានអាយុ ចូលប្រាប់កម្មដ្ឋានដល់ខ្ញុំព្រះករុណាផងចុះ" ព្រះចូឡាភ័យទើបពោលថា "ព្រះគុណម្ចាស់និយាយអ្វី? ក្រែងកម្មដ្ឋាននោះ ខ្ញុំក៏បានស្ដាប់មកក្នុងសំណាក់របស់ព្រះគុណម្ចាស់នោះឯង មិនមែនឬ? ខ្ញុំព្រះករុណានឹងប្រាប់កម្មដ្ឋានអ្វីទៀត ដែលព្រះគុណម្ចាស់នៅមិនទាន់ដឹងនោះ" លំដាប់នោះ ព្រះថេរៈទើបពោល (ឲ្យច្បាស់ឡើង)ថា "អាវុសោ ! ផ្លូវរបស់បុគ្គលអ្នកទៅដល់ហើយនោះជាផ្លូវតែមួយ (ដែលលោកពោលដូចនេះក៏ព្រោះ) ជ្រាបថា ពេលនោះព្រះអភយត្ថេរៈ ជាព្រះសោតាបន្ន។ គ្រានោះ ព្រះចូឡាភ័យឲ្យកម្មដ្ឋានដល់ព្រះថេរៈហើយ ក៏(ត្រឡប់)មក បរិវត្តធម៌ជិតលោហៈប្រាសាទ (ក្នុងអនុរាធបុរៈ) ក្រោយមកបានឮដំណឹងថា (ព្រះថេរៈបានសម្រេចព្រះអរហត្ត) បរិនិព្វានហើយ។ កាលបានឮដូច្នេះ ទើបប្រាប់(សិស្ស)ឲ្យយកចីវរមកឲ្យ ដណ្ដប់ចីវរ (ជាបរិមណ្ឌល) ហើយពោលសរសើរព្រះថេរៈ (ក្នុងចំណោមភិក្ខុទាំងឡាយ) ថា "អាវុសោទាំងឡាយ ព្រះអរហត្តមគ្គ សមគួរដល់លោកអាចារ្យរបស់យើងហើយ លោកអាចារ្យរបស់យើងជាអ្នកស្មោះត្រង់ ជាអាជានេយ្យបុគ្គល ទើបលោកព្រមអង្គុយលើកន្ទេលជិតធម្មន្តេវាសិករបស់ខ្លួន ពោលថា "លោកចូលប្រាប់កម្មដ្ឋានដល់ខ្ញុំផងចុះ" អាវុសោទាំងឡាយ ព្រះអរហត្តមគ្គ សមគួរដល់ព្រះថេរៈ (អាចារ្យ) លោកហើយ។
គន្ថៈ រមែងមិនជាបលិពោធ ដល់ភិក្ខុទាំងឡាយដែលមានគុណធម៌ ដូច្នេះឯង។ ដកស្រង់ចេញពីសៀវភៅ កម្មដ្ឋាននិទ្ទេស រៀបរៀងដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |