អានអត្ថបទ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ១៤,៤៥៣ ដង)
ខេមាថេរីគាថា

|
ខេមាថេរីគាថា
ថ្ងៃមួយព្រះនាងខេមាថេរី កំពុងអង្គុយសម្រាកពេលថ្ងៃក្តោមម្លប់ឈើមួយដើម ។ មារមានចិត្តបាប ប្លែងកាយជាប្រុសកម្លោះចូលទៅរក ហើយបានពោលពាក្យទៅរកព្រះាងខេមាថេរីដូច្នេះថា៖ ហៃនាងខេមា នាងនៅក្នុងវ័យ ជាស្រីមានរូបល្អ យើងសោតក៏នៅក្មេងកម្លោះ នាងចូរមក យើងនឹងត្រេកត្រអាលដោយតូរ្យតន្ត្រីប្រកបដោយអង្គ ៥ ។
ព្រះនាងខេមាថេរី បានស្តាប់ពាក្យនោះហើយ ក៏ប្រកាសសេចក្តីដែលខ្លួនអស់ការត្រេកត្រអាលដោយរាគៈ ១ សេចក្តីដែលថាអ្នកឯងជាមារមានចិត្តបាប ១ សេចក្តីមិនជ្រះថ្លារបស់ខ្លួនក្នុងពពួកសត្វដែលប្រកាន់ដោយអត្តា ១ និង សេចក្តីដែលខ្លួនធ្វើកិច្ចស្រេចហើយ ១ ទើបបានពោលព្រះគាថាមានសេចក្តីដូចតទៅ ៖ យើងធុញទ្រាន់ នឿយណា ចំពោះកាយស្អុយជារបស់ពុកផុយ មានជម្ងឺជានិច្ចនេះណាស់ កាមតណ្ហាយើងបានដកចេញហើយ ។ កាមទាំងឡាយ មានឧបមាដូចលំពែងនិងដែកស្រួច ខន្ធទាំងឡាយគឺជាទីរងទទួលការចាក់ដោត អ្នកនិយាយចំពោះតម្រេកក្នុងកាមណា ឥឡូវនេះ តម្រេកក្នុងកាមនោះ មិនមានដល់យើងឡើយ ។ យើងបានកម្ចាត់បង់នូវសេចក្តីរីករាយក្នុងអារម្មណ៍ទាំងពួងបានហើយ គំនរងងឹតគឺអវិជ្ជា យើងក៏បានទម្លាយហើយ ម្នាលមារមានចិត្តបាប អ្នកចូរដឹងយ៉ាងនេះចុះ អ្នកឯងត្រូវយើងកម្ចាត់ចេញហើយ ។ ពួកបុគ្គលល្ងង់ខ្លៅ មិនដឹងតាមពិត សំពះនក្ខត្តឫក្សទាំងឡាយ បូជាភ្លើងក្នុងព្រៃ ដោយសម្គាល់ថាជាការបរិសុទ្ធ ។ យើងឯណេះវិញ នមស្ការព្រះសម្មាសម្ពុទ្ធជាឧត្តមបុរស យើងជាអ្នកធ្វើតាមសាសនារបស់ព្រះសាស្តា បានរួចស្រឡះហើយចាកទុក្ខទាំងពួង ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិ ភាគទី ៥ រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |