អានអត្ថបទ
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ២៨,៤៨៩ ដង)
ការចាយវាយទ្រព្យសម្បត្តិ ៤ យ៉ាង

|
ការចាយវាយទ្រព្យសម្បត្តិ ៤ យ៉ាង
ទី១- ត្រូវតែដឹងខ្លួនឯងថា ជាអ្នកជំពាក់ហើយត្រូវដើរតួរជាអ្នកសងជានិច្ច គឺត្រូវចិញ្ចឹមមាតាបិតា ដែលគាត់បានចិញ្ចឹមយើងមក តាំងតែពីតូចរហូតដល់ធំប៉ុណ្នឹងមិនមែនអស់ស្រូវអង្ករតិចបាវទេ មិនមែនអស់ប្រាក់តិចលានទេ ដូច្នេះចំពោះអ្នកម្ដាយលោកឪពុក ដែលគាត់បានចិញ្ចឹមយើងមកនេះ មិនមែនទាបំណុល ទាថ្លៃក្នុងការដែលចិញ្ចឹមយើងនោះទេ ប៉ុន្តែរឿងនេះយើងត្រូវដឹងថា មាតាបិតាគាត់មានសេចក្ដីទុក្ខលំបាកដោយសារយើងច្រើនណាស់ គាត់ទាំងទ្វេសុខចិត្តអត់សីល សុខចិត្តអត់បានធ្វើទាន គ្មានពេលទៅវត្ត គ្មានពេលស្ដាប់ព្រះធម៌ គ្មានឱកាសដើម្បីអប់រំទូន្មានចិត្តឡើយ។ មាតាបិតាអត់ឃ្លាន ក្រលំបាក សុខចិត្តស៊ីឈ្នួលអ្នកដទៃ នៅក្រោមកំដៅថ្ងៃ ហាលខ្យល់ព្យុះ ភ្លៀងផ្គរ ក្ដៅពេក ត្រជាក់ពេក រងារពេក ឃ្លានពេក ស្រេកពេក មាតាបិតាសុខចិត្តខាំធ្មេញសង្កត់ចិត្ត សម្រក់ទឹកភ្នែក ទទួលរ៉ាប់រងនូវការលំបាកសព្វបែបយ៉ាង ទាំងអស់ដើម្បីកូន! រឿងអីគ្រាន់តែយើងដឹងគុណ គ្រាន់តែសងគុណគ្រាន់តែតបគុណយើងធ្វើមិនបាន តាមពិតការធ្វើបដិការគុណចំពោះគាត់ មិនមែនស៊ីសងរួចគ្នាបានទេ មិនមែនដូចពាក្យខ្មែរពោលថា (បួសជាសាមណេរសងគុណម្ដាយ បួសជាភិក្ខុសងគុណឪពុក) (ម្ដាយមានគុណ ១២ ឪពុកមានគុណ២១) នោះឡើយ មិនមែនអ្នកណាមួយ អាចពោលរៀបរាប់នូវគុណរបស់មាតាបិតាថា ប៉ុណ្ណេះប៉ុណ្ណោះបានឡើយ លោកប្រៀបថាសូម្បីយកភ្នំសុមេរុធ្វើដៃខ្មៅ ឬប៊ិចយកមកសរសេរលើផែនដី ដើម្បីពណ៌នាគុណមាតាបិតា រហូតដល់រិចរិលភ្នំអស់យ៉ាងណា ក៏មិនអាចពណ៌នាគុណមាតាបិតាអស់បានដែរ សេចក្ដីនេះ គួរតែកូនប្រុសស្រីទាំងឡាយ ខំគោរពបូជាបីបាច់ថែរក្សាចិញ្ចឹមគាត់ នេះឯងហើយដែលជាការសងបំណុលចាស់ កូនប្រុសស្រីទាំងឡាយ សម្លឹងដោយល្អចុះ គាត់ចិញ្ចឹមយើងតាំងពីតូចរហូតដល់ធំ គាត់បំពេញតួនាទីរបស់គាត់ហាមកូន មិនឲ្យកូនធ្វើបាបឲ្យកូនតាំងនៅក្នុងសេចក្ដីល្អ ឲ្យកូនសិក្សាទាំងផ្លូវបាបឲ្យកូនតាំងនៅក្នុងសេចក្ដីល្អ ឲ្យកូនសិក្សាទាំងផ្លូវលោកទាំងផ្លូវធម៌ រៀបចំកូនឲ្យគូស្វាមីភរិយារួចហើយ បន្ថែមជាងនេះទៅទៀត គឺគាត់ចែកទ្រព្យសម្បត្តិតាមមាន តាមបានដល់កូនប្រុសស្រី សួរថា តើមាតាបិតាគាត់ធ្វើអំពើល្អយ៉ាងនេះចំពោះកូន តើមានបានអ្វីអំពីកូនទេ ក្រៅអំពីការទទួលសេចក្ដីលំបាក មិនទាន់បានប៉ុន្មានផងគាត់ឈឺ គាត់ស្លាប់ចោលយើងហើយ។ ដូច្នេះ កុំឲ្យគាត់ស្លាប់ទៅបិទភ្នែកមិនជិត យើងត្រូវតែដឹងនូវកត្តញ្ញូតាធម៌របស់មាតាបិតាឲ្យបានច្រើន។ ទី២- បានទ្រព្យសម្បត្តិមកវិញហើយ ត្រូវដឹងថាខ្លួនជាអ្នកខ្វះខាត ជាអ្នកក្រលំបាកកម្លេះហើយ ត្រូវតែបុលបំណុលថ្មីគឺចិញ្ចឹមបុត្រធីតាទាំងឡាយ ការសង្គ្រោះដល់បុត្រ និងភរិយា ព្រះភគវាព្រះអង្គទ្រង់សម្ដែងក្នុងមង្គលសូត្រថា មាតាបិតុឧប្បដ្ឋានំ បុត្តទារស្ស សង្គហោ អនាកុលា ច កម្មន្តា ឯតម្មង្គលមុត្តមំ ប្រែថា កិរិយាបម្រើនូវមាតាមួយ កិរិយាបម្រើនូវបិតាមួយ សេចក្ដីសង្គ្រោះដល់បុត្រ និងភរិយាមួយ ការងារទាំងឡាយដែលមិនច្របូកច្របល់មួយ ទាំងបួននេះគឺជាមង្គលដ៏ឧត្ដម។ ចំពោះការចិញ្ចឹមបុត្តធីតានេះ មាតាបិតានេះ ក៏គួរ យល់ផងដែរថាយើងបង្កើតកូនបានមែន តែយើងមិនអាចបង្កើតអធ្យាស្រ័យ ឧបនិស្ស័យរបស់កូនបានទេ ការសន្សំឧបនិស្ស័យល្អ ឬអាក្រក់ កូនកើតមកជាអ្នកមិនស្ដាប់បង្គាប់មាតាបិតា នេះជារឿងឧបនិស្ស័យ ដែលបានសន្សំមករៀងៗខ្លួន មាតាបិតាមិនតិចនាក់ទេ កើតទុក្ខលំបាក ព្រោះតែកូនខូចមិនស្ដាប់បង្គាប់ខ្លួនឯង ទាំងដែលខ្លួនឯងខ្វះការអប់រំទូន្មានបន្ទំឧបនិស្ស័យល្អផង ហើយនឹងមិនបានយល់ចូលចិត្តអំពីកម្ម និងវិបាករបស់កម្មនៃសត្វទាំងឡាយផង មួយថ្ងៃៗរបស់តែកើតទុក្ខដុតរោល តែចិត្តរបស់ខ្លួនឯងឥតស្រាកស្រាន ពេលដែលមាតាបិតា បានយល់ឧបនិស្ស័យរបស់សត្វទាំងឡាយ បានច្បាស់លាស់ហើយ មាតាបិតាធូរមួយកម្រិតធំដែរ ព្រោះបើកូនមិនអាចទទួលបានទេ កូនអាចស្ដាប់បានទេ នោះជារឿងរបស់កូន មិនមែនជាទោសរបស់មាតាបិតាទេ ដូចប្រៀបក្នុងព្រះធម៌ថា ព្រះសម្មាសម្ពុទ្ធ ប្រៀបបីដូចជាអ្នកចង្អុលផ្លូវដល់មនុស្សអ្នកវង្វេងផ្លូវ បើមនុស្សមិនមែនជាទោសរបស់ព្រះសម្មាសម្ពុទ្ធទេ ហើយក៏មិនមែនជាទោសរបស់ផ្លូវដែរ គឺជាទោសរបស់បុគ្គលអ្នកដើរតាមនោះឯង ឬ ដូចជាមនុស្សម្នាក់កំពុងដើរហាលវាយក្រោមកំដៅថ្ងៃ បែកញើស ប្រឡាក់ក្អែល អស់កម្លាំងស្រេកទឹក ស្រាប់តែមានបុគ្គលម្នាក់ចង្អុលប្រាប់ថា នុ៎ះហ្ន៎! ស្រះទឹក មានទឹកថ្លាអាចផឹកក៏បាន ហើយមានដើមឈើបែកមែកសាខា មានម្លប់ត្រឈឹងត្រឈៃមនុស្សម្នាក់ដែលកំពុងរងទុក្ខលំបាក ស្រាប់តែពោលប្រាប់ដល់មនុស្សវិញថា ខ្ញុំមិនខ្ចីទៅស្រះនោះទេ! ទោះមនុស្សនោះ មិនបានទៅតាមការប្រាប់របស់នោះក៏ដោយក៏មិនមែនជាទោសរបស់អ្នកប្រាប់ទេ គឺជាទោសរបស់មនុស្សអ្នកមិនដើរតាមនោះឯង យ៉ាងណាមិញ ចំពោះមាតាបិតាក៏ដូចគ្នា យើងមិនមែនអប់រំកូនឯណា តាមពិតមាតាបិតាព្យាយាមខ្លាំងក្លាណាស់ចំពោះគុណ ចង់ឲ្យកូនក្លាយទៅជាមនុស្សល្អ សម្រាប់គ្រួសារសម្រាប់ប្រទេសជាតិ រហូតមាតាបិតាខ្លះ ណែនាំអប់រំដោយខ្លួនឯងមិនបាន សុខចិត្តយកកូនទៅវត្តឲ្យព្រះសង្ឃប្រទានឱវាទអប់រំទូន្មានជំនួសខ្លួន ព្រោះហេតុដូច្នេះ បានជាព្រះពុទ្ធសាសនាទៅជាថ្នាលបណ្ដុះធនធានមនុស្ស។ ទី៣- បានទ្រព្យមកហើយ យើងត្រូវតែដឹងថា រូបរាងកាយយើងបប្រៀបដូចជាជ្រោះ មាត់យើងប្រៀបដូចជាមាត់ជ្រោះ ពោលគឺអាហារសម្រាប់ចិញ្ចឹមជីវិត ការចិញ្ចឹមជីវិតនេះ ពោលគឺអាហារសម្រាប់ចិញ្ចឹមជីវិត ការចិញ្ចឹមជីវិតនេះ គឺជាទុក្ខមួយដែរ ព្រោះការស្វែងរកអាហារ មានការសម្ដែងនៅក្នុងគម្ពីរព្រះអភិធម្មថា សង្វេគវត្ថុមាន ៨ ប្រការ ទី១ ជាតិទុក្ខ ទី២ ជរាទុក្ខ ទី៣ ព្យាធិទុក្ខ ទី៤ មរណទុក្ខ ទី៥ អបាយិកទុក្ខ ទី៦ អតីតវដ្ដមូលកទុក្ខ ទី៧ អនាគតវដ្ដមូលកទុក្ខ និងទី៨ ទុក្ខព្រោះការស្វែងរកអាហារ។ ដឹងថាការស្វែងរកអាហារជាទុក្ខហើយ ប៉ុន្តែកុំឲ្យទុក្ខជាន់លើទុក្ខ ទុក្ខត្រួតគ្នា បានសេចក្ដីថា ការស្វែងរកទុក្ខហើយ តែបើស្វែងរកដោយសុចរិតទៀងត្រង់ នោះគឺជាទុក្ខមានតែមួយ ព្រោះការស្វែងរកតែប៉ុណ្ណោះ តែបើស្វែងរកដោយទុចរិតវិញ ទុក្ខទាំងការស្វែងរក និងទុក្ខព្រោះបានទ្រព្យដោយសារតែទុចរិតកម្មផ្សេងៗមានសេចក្ដី ទុក្ខទាំងបច្ចុប្បន្ន និងបរលោកដូច្នេះត្រូវចិញ្ចឹមជីវិត ដោយមានធម៌ គឺប្រាសចាកនូវបញ្ចវេរាផ្សេងៗ ចៀសឲ្យផុតអំពីអបាយមុខផ្សេងៗ ព្រោះថាជីវិត បានមកដោយប្រយោជន៍ណា ចូរញ៉ាំងប្រយោជន៍នោះឲ្យបានសម្រេចចុះ ដូចព្រះអង្គទ្រង់សម្ដែងចំពោះព្រហ្មណ៍ម្នាក់ថាៈ ម្នាលព្រាហ្មណ៍ អ្នកចូរមកដើម្បីប្រយោជន៍ណា អ្នកចូលញ៉ាំងប្រយោជន៍នោះឲ្យបានសម្រេចចុះ។ ដូចជីវិតរបស់យើងអ៊ីចឹង តើកើតមកដើម្បីអ្វី? មិនមែនកើតមកដើម្បីស្លាប់ទេ គឺកើតមកដើម្បីរស់ ដើម្បីប្រព្រឹត្តនៅសេចក្ដីល្អ ហើយដើម្បីមើលងាយអ្នកដទៃ ច្រណែនឈ្នានីសអ្នកដទៃ អាឃាតព្យាបាទ គំនុំគំគួនអ្នកដទៃទេ គឺស្វែងរកទីពឹងសម្រាប់ខ្លួនឯង កុំបោះបង់ខ្លួនឯងចោលឲ្យសោះ កុំធ្វើខ្លួនឯងដូចជាឈើស្អុយ បណ្ដែតទឹកតាមទន្លេគង្គា។ ទី៤- បានទ្រព្យមកហើយ យើងត្រូវដឹងក្នុងចិត្តច្បាស់លាស់ថាក្នុងលោកនេះ តែងតែមានចោរ ដូច្នេះកុំឲ្យចោរលួចទាន់ គឺយើងកប់ទុក្ខជាកំណប់ទ្រព្យ ចោរមានពីរយ៉ាង គឺចោរខាងក្នុង១ ចោរខាងក្រៅ១ ភ័យខ្លាចចោរលួចក្នុងទីនេះ គឺចោរខាងក្នុង ពោលគឺសំដៅដល់លោភៈ សេចក្ដីជាប់ជំពាក់មច្ឆរិយៈសេចក្ដីកំណាញ់ដូច្នេះ ការចាយវាយទ្រព្យឲ្យបានត្រឹមត្រូវទី៤នេះគឺកប់កំណប់ ទុក គឺបុញ្ញនិធិកំណប់បុណ្យជាការបញ្ជាក់ឲ្យឃើញថា ហេតុផលក្នុងអនាគតកាលដែលមនុស្សសត្វទាំងឡាយ ស្លាប់បាត់បង់ជីវិតទៅមិនអាចនាំយកនូវអ្វីៗ ទៅបាន ទាល់តែសោះមានតែកម្ម និងវិបាករបស់កម្មតែប៉ុណ្ណោះសត្វធ្វើល្អឈ្មោះថា បានកម្មល្អសត្វធ្វើអាក្រក់ឈ្មោះថា បានកម្មអាក្រក់ទៅជាមួយ កម្ម គឺជាមរតករបស់សត្វទាំងឡាយ។ ដូច្នេះក្នុងសេចក្ដីនេះ ខ្ញុំព្រះករុណា អាត្មាភាពបញ្ជាក់អំពីអារក្ខសម្បទា ដែលដល់ព្រមដោយការបាននូវទ្រព្យសម្បត្តិ ព្រមទាំងចេះចាយវាយទ្រព្យសម្បត្តិនោះ ឲ្យបានត្រឹមត្រូវទៀតផង គឺទី១ សងបំណុលចាស់ ទី២ បុលបំណុលថ្មី ទី៣ បោះទៅក្នុងជ្រោះ ទី៤កប់ទៅក្នុងដី។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១ រៀបរៀងដោយ សាមណេរ ចាន់ សុជន ដោយ៥០០០ឆ្នាំ |