អានអត្ថបទ
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ១១,៤០៩ ដង)
គុណកថា

|
គុណកថា
ជីវិតគឺជាសច្ចធម៌ ដែលសត្វលោកទាំងឡាយ បានដឹងច្បាស់ហើយ រមែងរួចផុតចាកទុក្ខបាន។ តែសច្ចធម៌ គឺជីវិតនេះ សត្វលោកមិនអាចសម្លឹងឃើញ បានដោយងាយៗ ទេ អម្បាលព្រះសម្មាសម្ពុទ្ធទាំងឡាយគ្រប់ៗព្រះអង្គដែលព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ទ ព្រះបច្ចេកពុទ្ធទាំងឡាយ ព្រះអរហត្តទាំងឡាយ ដែលលោកបានត្រាស់ដឹង មិនមែនសន្សំបារមីតិចអសង្ខេយ្យដែរទេ គឺយ៉ាងតិចបំផុត ១ សែនដែនដី ក្នុងការបានត្រាស់ដឹងនូវសច្ចធម៌នេះ។ ដូច្នេះ ចំពោះពុទ្ធចរិយា ការប្រព្រឹត្តធ្វើបំពេញនូវអភិនីហារ្យផ្សេងៗ របស់ព្រះសម្មាសម្ពុទ្ធ ក្នុងអតីតកាលសឲ្យឃើញសេចក្ដីលំបាកសព្វបែបយ៉ាង របស់ ព្រះសម្មាសម្ពុទ្ធ តើព្រះសម្មាសម្ពុទ្ធ ទទួលនូវទុក្ខលំបាកយ៉ាងណាខ្លះ? ក្នុងការត្រាស់ដឹងរបស់ព្រះអង្គ ដូចក្នុងកាលដែលព្រះអង្គជាព្រះបរមពោធិសត្វ។ មានសម្ដែងនៅក្នុងគម្ពី វិសុទ្ធិមគ្គ សម្ដែងត្រង់មេត្តាព្រហ្មវិហារធម៌បានប្រាប់ដល់យើង ទាំងឡាយគ្រប់គ្នា ឲ្យរលឹកដល់បុព្វចរិយារបស់ព្រះសម្មាសម្ពុទ្ធ ដែលជាអម្ចាស់ដើម្បីប្រដៅខ្លួនឯងកុំឲ្យមានសេចក្ដី ខឹងក្រោធ ព្រោះដោយអំណាចការគោរព ចំពោះព្រះ សាស្ដា មានការរលឹកដល់សេចក្ដីអត់ធន់ កាលដែលព្រះអង្គនៅជា ខន្តិវាទិតាបសជាដើមនោះ។ ព្រះបរមសាស្ដា កាលដែលព្រះអង្គនៅនាជេតវ័នមហាវិហារ ទ្រង់ប្រារព្ធចំពោះភិក្ខុមួយអង្គ ដែលច្រើនទៅដោយសេចក្ដីក្រោធ ទើបព្រះអង្គទ្រង់ត្រាស់សម្ដែងព្រះធម៌ទេសនាជាឱវាទ ព្រមទាំងព្រះជាតកផង ព្រះអង្គទ្រង់ត្រាស់សម្ដែងចំពោះភិក្ខុនោះថា ម្នាលភិក្ខុ អ្នកបួសក្នុងព្រះពុទ្ធសាសនារបស់តថាគត ដែលជាបុគ្គលមិនខឹងក្រោធ ចុះហេតុអ្វីបានជាអ្នកធ្វើនូវសេចក្ដីខឹងក្រោធយ៉ាងនេះទៅវិញ បុរាណបណ្ឌិតទាំងឡាយ កាលគ្រឿងប្រហារទាំងឡាយ ទាំងពាន់ៗធ្លាក់ចុះមកលើរាងកាយ កាលត្រូវគេ កាត់ដៃ កាត់ជើង កាត់ច្រមុះ កាត់ស្លឹកត្រចៀក ក៏ព្រះអង្គមិនត្រឡប់តបតទៅអ្នកដទៃវិញដែរ។ នេះគឺជាសេចក្ដីមួយ ដែលយើងគួរស្ងប់ស្ងែង ចំពោះព្រះគុណរបស់ព្រះអង្គ ដែលយើងបានទទួលនូវ ព្រះត្រ័យសរណគមន៍ថា ពុទ្ធំ សរណំ គច្ឆាមិ, ធម្មំ សរណំ គច្ឆាមិ, សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះ សម្មាសម្ពុទ្ធ សូមដល់នូវព្រះធម៌ សូមដល់នូវព្រះសង្ឃ ជាទីពឹងទីរលឹក។ សេចក្ដីនេះ យើងក៏ត្រូវយល់ផងដែរ អំពីពាក្យថាគុណ គុណគឺសេចក្ដីល្អដែលព្រះសម្មាសម្ពុទ្ធ ព្រះអង្គមានចំពោះសព្វសត្វទាំងអស់ អ្នកខ្លះឆ្ងល់ថា ព្រះសម្មាសម្ពុទ្ធ មិនដឹងមានគុណអ្វីត្រង់ណាផង! ព្រះពុទ្ធមិនមានដែលឲ្យលុយចាយ ព្រះពុទ្ធមិនដែលឲ្យបានស៊ី អ្នកកាន់ព្រះពុទ្ធសាសនាខ្លះក្រ ឃើញតែធ្វើបុណ្យ ឃើញតែកាន់សីល ប៉ុន្តែមិនដែលឃើញបុណ្យឯណា សីលឯណា ព្រះពុទ្ធឯណាជួយផង! សេចក្ដីនេះ ព្រះធម៌សូមឆ្លើយថាប្រសិនបើមានអ្នកណាយល់យ៉ាងនេះ ខុសហើយមិនពិតទេ! តាមពិតនោះ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គមានគុណយ៉ាងក្រៃលែង ចំពោះសត្វលោកណាស់ តែសត្វលោកទេតើ ដែលមិនបានដឹងគុណរបស់ព្រះអង្គ ដែលព្រះអង្គមានមហាករុណាទិគុណ ចំពោះសត្វទាំងឡាយ។ សួរថា ព្រះអង្គបានសន្សំបារមីដើម្បីអ្វី? មិនមែនព្រះអង្គសន្សំបារមីពុទ្ធចរិយា ញាតត្ថចរិយាតែប៉ុណ្ណោះទេ គឺព្រះអង្គសន្សំបារមីធម៌នេះ ដើម្បីលោកត្ថចរិយាផងដែរ ព្រះអង្គសុខចិត្តលះបង់ជីវិត លះបង់សាច់ស្រស់ ឈាមស្រស់ គ្មានសេចក្ដីស្រណោះ អាឡោះអាល័យអ្វីបន្តិចបន្តួចឡើយឲ្យតែបាននូវព្រះសព្វញ្ញុត្តញ្ញាណត្រាស់ដឹង ជាព្រះសម្មាសម្ពុទ្ធ ហើយព្រះអង្គមិនព្រងើយកន្តើយដោយការអារធនា របស់មហាព្រហ្ម ព្រះអង្គទ្រង់ប្រកាសសម្ដែងនូវព្រះធម៌ ដើម្បីប្រយោជន៍អ្វី គឺដើម្បីឲ្យសត្វណាមានសោតបសាទ អាចបើកស្ដាប់ព្រះធម៌បានក៏បើកស្ដាប់ កាលបើបើកស្ដាប់ព្រះធម៌ យល់ចូលចិត្តហើយ ឧបនិស្ស័យល្មមអាចត្រាស់ដឹងនូវសច្ចធម៌ រួចផុតចាកអំពីសេចក្ដីទុក្ខ មិនមានសេសសល់សូម្បីបន្តិចបន្តួច ទាំងអស់នោះ ពុំមែនជាព្រះគុណសរបស់ព្រះសម្មាសម្ពុទ្ធទេឬ? មួយទៀត ហៅថា បញ្ញាគុណ សំដៅយកការត្រាស់ដឹងនូវមគ្គញាណ និងញាណក៏វិសេស មានចតុវេសារជ្ជញ្ញាណ ទសពលញ្ញាណ និងអាណាវរណញ្ញាណជាដើម ដែលកើតអំពីមគ្គញ្ញាណ ដូចគ្នាដែលជាហេតុឲ្យសម្រេចគុណដល់សព្វសត្វ ព្រោះជ្រាបច្បាស់ អំពីនេះជាប្រយោជន៍ដល់សត្វ អំពើនេះមិនមែនជាប្រយោជន៍ដល់សត្វ អំពើដែលជាប្រយោជន៍ព្រះអង្គរកឧបាយឲ្យសត្វសន្សំ អំពើមិនជាប្រយោជន៍ព្រះអង្គរកឧបាយឲ្យសត្វលះបង់ ដោយឱវាទានុសាសនីយ៉ាងនេះហើយ ទើបឈ្មោះថាបញ្ញាគុណ ហើយចំពោះវិសុទ្ធិគុណ សំដៅយកត្រង់ការបរិសុទ្ធរបស់ព្រះអង្គ បានដល់ការលះបង់ កិលេសព្រមទាំងវាសនាដាច់ស្រឡះ ទោះលោកធម៌ទាំង ៨ ប្រការ មានលាភ អត់លាភ មានយស អត់យស សរសើរ និន្ទា សុខ ទុក្ខ កើតឡើងចំពោះ ព្រះភ័ក្រ្តក៏ទឹកព្រះទ័យរបស់ព្រះអង្គ មិនមានរំភើប ញាប់ញ័រ សន្ដានរបស់ព្រះសម្មាសម្ពុទ្ធ ស្អាតបរិសុទ្ធ ណាស់ដោយសារតែព្រះអង្គ មិនមាននូវរាគៈ ទោសៈ មោហៈ គួរដល់ជនានុជនទាំងឡាយ ក្រាបសំពះឱន លំទោន នមស្សការ បូជានូវភ្ញីផ្កាគ្រឿង សក្ការទាំងឡាយចំពោះព្រះអង្គ។ បុគ្គលពីកាលមុនធ្លាប់ជាចោរ ធ្លាប់ជាមនុស្សអាក្រក់ ក្រោយមកបុគ្គលនោះឯង គ្រាន់តែលះបង់នូវ រាគៈ ទោសៈ មោហៈ ប៉ុន្នឹងក៏ក្លាយទៅជាបូជានីយបុគ្គល បុគ្គលគួរដល់ការគោរពបូជា ដោយសារតែបុគ្គលនោះឯង ស្អាតបរិសុទ្ធ មិនមានកិលេស ជាគ្រឿងសៅហ្មងក្នុងសន្ដាន រហូតថាសូម្បីកន្លែងដែលជ្រកកោណ ធ្លាប់ស្នាក់អាស្រ័យកន្លែងនោះទៅជាបូជនីយដ្ឋានទៀត ផង។ ព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធច្រើនណាស់សម្ដែងមិនអស់ទេ សូម្បីរាប់តាំងពីព្រះអង្គត្រាស់ដឹងរួច ព្រះអង្គសម្ដែងអំពីគុណរបស់ព្រះអង្គ រហូតដល់ព្រះអង្គបរិនិព្វានក៏ព្រះអង្គសម្ដែងមិនអស់ដែរ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១ រៀបរៀងដោយ សាមណេរ ចាន់ សុជន ដោយ៥០០០ឆ្នាំ |