អានអត្ថបទ
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៣៩,៩០៧ ដង)
មិនបម្រើតណ្ហា

|
មិនបម្រើតណ្ហា
ការតាមចិត្តចង់របស់ខ្លួនឯង ទៅតាមដែលចិត្តមិនបានសិក្សា មិនបានអប់រំ គឺជាមូលហេតុដ៏ចម្បងនៃការចាញ់ខ្លួនឯង ។ ឯរីការប្រឆាំងជំទាស់នឹងចិត្តរបស់ខ្លួនឲ្យដំណើរជីវិតឋិតនៅក្នុងផ្លូវដែលព្រះធម៌បានកំណត់ឲ្យតែប៉ុណ្ណោះ មានគោលធម៌សម្រាប់កសាងខ្លួនច្បាស់លាស់និងមានទិសដៅ នេះគឺជាមូលហេតុដ៏សំខាន់នៃការឈ្នះខ្លួនឯង ។ ធម្មជាតិប្រព្រឹត្តទៅតាមច្បាប់របស់ធ្មជាតិ មិនប្រព្រឹត្តទៅតាមតណ្ហាឡើយ បុគ្គលលុះតាមអំណាចតណ្ហា រមែងជាទុក្ខជួបនឹងការខកចិត្ត ។ សភាពនៃតណ្ហា គឺមិនព្រមតាមការពិតចេះតែចង់បានយ៉ាងនេះ ចង់បានយ៉ាងនោះ មានសភាពមិនស្ងប់ជាមួយនឹងធម្មជាតិ ។ ម៉្យាងទៀត សភាពនៃតណ្ហា គឺ មិនមែនជាតួខ្លួនយើងឡើយ ។ ស្រឡាញ់ក្តី ចង់បានក្តី មិនមានអ្វីដែលចាំបាច់ត្រូវផ្គាប់ផ្គុនទេ ។ កើតមកជាមនុស្សបានទាន់ព្រះពុទ្សាសនា ត្រូវខំរកការចម្រើនផ្លូវចិត្ត មិនត្រូវគិតតែការសប្បាយហើយបណ្តោយឲ្យខ្លួននៅតែល្ងង់ខ្លៅឡើយ ។ ដកស្រង់ចេញពីសៀវភៅ ៤៨ ធម្មទស្សន៍ រៀបរៀងដោយៈ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |