អានអត្ថបទ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៦១,៩១៥ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងវត្តជេតពន

|
អានិសង្សនៃមេត្តាចេតោវិមុត្តិ
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលធ្វើឲ្យថ្នឹក ចម្រើនធ្វើឲ្យរឿយ ៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាទីនៅ បានតាំងទុករឿយ ៗ បានសន្សំទុក បានប្រារព្ធល្អហើយ មានអានិសង្ស ៨ ប្រការជាប្រាកដ ។ អានិសង្ស ៨ ប្រការនោះគឺ ១ ‑ ដេកលក់ជាសុខ ១ ២ ‑ ភ្ញាក់ឡើងជាសុខ ១ ៣ ‑ មិនឃើញនូវសុបិនអាក្រក់ ១ ៤ ‑ ជាទីស្រឡាញ់នៃពួកមនុស្ស ១ ៥ ‑ ពួកទេវតាតែងរក្សា ១ ៦ ‑ ភ្លើងក្តី ថ្នាំពិសក្តី សស្រ្តាវុធក្តី មិនប៉ះពាល់នូវបុគ្គលនោះ ១ ៧ ‑ កាលបើមិនទាន់បានគុណវិសេសដ៏ខ្ពង់ខ្ពស់ទេ រមែងទៅក្នុងព្រហ្មលោក ១ ។ ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលធ្វើឲ្យថ្នឹក ចម្រើន ធ្វើឲ្យ រឿយ ៗ បានសន្សំ បានប្រារព្ធល្អហើយ រមែងបានអានិសង្ស ៨ ប្រការនេះឯងជាប្រាកដ ។ បុគ្គលដែលនឹករលឹកចំពោះ ចម្រើននូវមេត្តា ប្រមាណមិនបានពិចារណាឃើញនូវការអស់ទៅនៃឧបធិក្កិលេស សំយោជនៈ ទាំងឡាយក៏ស្រាលស្តើង ( ចាកខន្ធសន្តាន ) បើបុគ្គលមានចិត្តមិនបានប្រទុស្តសត្វណាមួយ ឈ្មោះ ថាជាប់មេត្តា កុសលក៏រមែងកើតមាន ដោយហេតុនោះ ចំណែកព្រះអរិយៈ មានចិត្តអនុគ្រោះសត្វទាំងឡាយទាំងពួង តែងធ្វើបុណ្យច្រើន ពួកស្តេចណាដែលប្រាកដដូចជាឥសី បានឈ្នះនូវផែនដីដែលពាសពេញដោយមនុស្សសត្វកាលឲ្យទាន ប្រព្រឹត្តរឿយ ៗ ( ដោយសង្គហវត្ថុ ៤ ប្រការ ) គឺឈ្លាសវៃ ក្នុងការទំនុកបម្រុងធញ្ញជាតិ ១ ឈ្លាសវៃក្នុងការទំនុកបម្រុងមនុស្ស ១ ការចងចិត្តមនុស្ស ១ ពោលពាក្យជាទីស្រឡាញ់ ១ មិនបាច់ប្រើរនុកទ្វារផ្ទះឡើយ ការឲ្យទានទាំងឡាយនោះ ក៏មិនដល់ នូវចំណិតក្នុងចំណែក ១៦ នៃមេត្តាចិត្ត ដែលបានអប់រំហើយដូចជារស្មីព្រះចន្ទ្រនឹងពួកផ្កាយទាំងពួង បុគ្គលណា ជាអ្នកមានចំណែកនៃមេត្តាសមាធិចិត្ត ចំពោះពួកសត្វទាំងអស់ មិនបៀតបៀន មិនសម្លាប់ មិនធ្វើសេចក្តីវិនាសដល់សត្វដទៃដោយខ្លួនឯង មិនប្រើអ្នកដទៃ ឲ្យធ្វើសេចក្តីវិនាសដល់សត្វដទៃ វេរារបស់បុគ្គលនោះមិនមានដោយហេតុណាមួយឡើយ ។
ដកស្រង់ចេញពីព្រះត្រៃបិដកលេខ ៤៨ បណ្ណាសក មេត្តាវគ្គ វាយអត្តបទដោយៈ សូត្រ តុលា
ដោយ៥០០០ឆ្នាំ |