អានអត្ថបទ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៥,៤៧២ ដង)
សទ្ធាសម្បទា

|
សទ្ធាសម្បទា
ដល់ព្រមដោយសទ្ធា ការជឿចំពោះបុគ្គល ឬវត្ថុទៅតាមតែការដឹងការឮមិនជាក់ច្បាស់ ហើយចេះតែជឿដោយការចូលចិត្តស៊ប់ (អធិមោក្ខៈ) ដែលមិនមានហេតុផលគួរជឿបាន លោកមិនហៅថា " សទ្ធា " ឡើយ ព្រោះថា " សទ្ធា " នេះ ជាគុណជាតិល្អ កើតតែនៅក្នុងចិត្តល្អដែលជាសោភណចិត្តប៉ុណ្ណោះ មិនដែលកើតជាមួយនឹងអកុសលចិត្តទេ។ គប្បីស្គាល់នូវសទ្ធា ដោយអាការៈដូច្នេះគឺ - កម្មស្សទ្ធា ការជឿទៅលើកម្ម គឺជឿថា " បាបកម្ម ជាអំពើញ៉ាំងសត្វលោកឲ្យថោកទាប កុសលកម្ម ជាអំពើញ៉ាំងសត្វលោកឲ្យប្រសើរថ្លៃថ្នូរ........" ។ - វិបាកស្សទ្ធា ការជឿទៅលើផល គឺជឿថា " សេចក្ដីវិនាសហិនហោច និងសេចក្ដីទុក្ខគ្រប់ប្រការ ដែលខ្លួនត្រូវជួបប្រទះ គឺជាផលរបស់កម្មអាក្រក់ដែលខ្លួនធ្លាប់បានធ្វើហើយ ចំណែកសេចក្ដីសុខចម្រើនដែលខ្លួនត្រូវទទួលបាន គឺជាផលរបស់កម្មល្អដែលខ្លួនធ្លាប់ធ្វើ ដោយមិនមានអ្នកណាជាអ្នកធ្វើជំនួសនោះទេ "។ - កម្មស្សកតាសទ្ធា ជឿថា " សត្វទាំងឡាយមានកម្មជារបស់ខ្លួន គឺថាកម្មដែលសត្វលោកបានធ្វើហើយ ទោះបីជាល្អក្ដី អាក្រក់ក្ដី តែងតែជាប់ទៅតាមសត្វលោកនោះជានិច្ច ដូចជាកង់រទេះដែលវិលទៅតាមជើងគោ ឬដូចជាស្រមោលអន្ទោលតាមប្រាណ បើទុកជាខំរត់គេច ឬរាយមន្តការពារយ៉ាងណា ក៏មិនអាចរួចផុតអំពីអំណាចកម្មបានឡើយ "។ - តថាគតពោធិសទ្ធា ជឿការត្រាស់ដឹងរបស់ព្រះតថាគត គឺជឿថា " ព្រះមានព្រះភាគនោះ ព្រះអង្គជាអរហន្ត ជាសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជានិងចរណៈមានព្រះដំណើរល្អ ជ្រាបច្បាស់នូវលោក ឥតមានបុគ្គលដទៃស្មើ ទូន្មាននូវបុរសដែលគួរទូន្មានបាន ជាគ្រូនៃទេវតានិងមនុស្សទាំងឡាយ ត្រាស់ដឹងនូវចតុរារិយសច្ច លែងវិលត្រឡប់មកកាន់ភពថ្មីទៀត " មួយអន្លើដោយការជឿគុណព្រះធម៌ និងគុណព្រះសង្ឃផង។ ការជឿដែលចាត់ចូលក្នុង សទ្ធាសម្បទានេះ គឺសំដៅដល់ការជឿក្នុងរឿងដែលមានហេតុផល ស្របទៅតាមធម្មជាតិដែលមានពិតៗ មិនមែនជារឿងភ្ញាក់ផ្អើលនោះឡើយ។ ការគោរពជឿវត្ថុស័ក្តិសិទ្ធិដទៃៗ ក្រៅអំពីប្រការដែលរៀបរាប់មកខាងលើ មិនមែនជាសទ្ធាដែលគួរបណ្ដុះនោះទេ ហើយបើកំពុងតែមានក្នុងចិត្តគំនិតគួរតែប្រញាប់លះបង់ចោលទើបប្រពៃ ព្រោះការជឿនោះ នាំឲ្យខាតបង់ទាំងពេលវេលា វិនាសទាំងសម្មាទិដ្ឋិនិងជាឧបនិស្ស័យនៃមិច្ឆាទិដ្ឋិតទៅទៀតផង។ បរិស័ទរបស់ព្រះសម្មាសម្ពុទ្ធ ត្រូវតែជាអ្នកមានហេតុផល មិនមែនចេះតែភ្ញាក់ផ្អើលតាមតែគេចាក់ ដូចជាគោដែលមិនធ្លាប់ចូលនឹមនោះទេ។ ដកស្រង់ចេញពីសៀវភៅ ប្រយោជន៍បីប្រការ រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ៥០០០ឆ្នាំ |