អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៥៣,៩១២ ដង)
សមជីវតា

|
សមជីវតា
ដោយច្រើន មនុស្សដែលចេះចាយវាយទ្រព្យបានល្អ ដឹងខ្ទង់ដែលត្រូវចំណាយ ក៏គឺជាមនុស្សដែលឧស្សាហ៍ ហើយខិតខំប្រឹងប្រែងរកទ្រព្យសម្បត្តិដោយកម្លាំងខ្លួនឯង។ មនុស្សខ្លះ ចាយវាយខ្ជះខ្ជាយ មិនចេះសន្សំសំចៃសោះ ព្រោះទ្រព្យដែលខ្លួនបានមកនោះ គឺបានដោយស្រួលៗពេក ដែលថាបានដោយស្រួលក្នុងទីនេះ គឺសំដៅទៅលើទ្រព្យដែលមិនមែនបានមកដោយកម្លាំងរបស់ខ្លួនឯង។ កូនប្រុសស្រីដោយច្រើន ដែលមិនមានការអប់រំល្អ មិនដែលក្លាយខ្លួនជាអ្នកគ្រប់គ្រងគ្រួសារ ហើយថែមទាំងមិនទាន់ចេះស្វែងរកទ្រព្យសម្បត្តិម្ដងផង តែការចាយវាយរបស់គេហាក់ដូចជាមានលុយដាក់ធនាគា រាប់កោដិអ៊ីចឹងឯង។ ពេលគេត្រូវការ គេអាងតែសុំពីឪពុកម្ដាយរបស់គេ ដោយគេមិនបានដឹងទាល់តែសោះថា តើឪពុកម្ដាយរបស់គេ មានការលំបាកយ៉ាងណាខ្លះ ទម្រាំតែបានទ្រព្យសម្បត្តិនោះមក ជួនកាលគ្រាន់តែចង់ទៅដើរលេងជាមួយមិត្តភក្តិ ក៏ហ៊ានហាមាត់សុំលុយពីម៉ែឪដែរ ដូចជាមិនចេះអៀនមាត់ទាល់តែសោះ។ គ្រាខ្លះ កាលបើឪពុកម្ដាយមិនបានឲ្យគ្រប់ចំនួនដែលគេត្រូវការ គេក៏សំដែងនូវអាកប្បកិរិយាមិនពេញចិត្ត ធ្វើឫកពាមិនគួរឲ្យស្រឡាញ់ទាល់តែសោះ កូនរបៀបនេះ ពិតជារំខានមែន។ អ្នកលេងល្បែងស៊ីសងដោយច្រើន ក៏ចាយវាយមិនសូវចេះគិតដែរ ព្រោះគេគិតថា " ឲ្យតែអញលេងភ្នាល់ទៀតគង់តែឈ្នះមិនខាន"។ អ្នកមានមិត្តភក្តិ ឬបងប្អូននៅបរទេសមួយចំនួនក៏ដូចគ្នាដែរ ការងារធ្លាប់ធ្វើខ្លួនឯងកើតក៏ស្រាប់តែលែងចេះធ្វើ ហ៊ានយកលុយដែលមិត្តភក្តិ ឬបងប្អូនផ្ញើមកនោះ ទៅជួលអ្នកបម្រើឲ្យធ្វើជំនួសវិញ ឬក៏ចំនាយក្នុងរឿងមិនបានការផ្សេងៗទៀត ដោយគិតអាងថា "ឲ្យតែខ្វះលុយ អញនឹងសុំគេទៀត" ។ ត្រូវចាំសុភាសិតមួយថា "អ្នកសុំរមែងទាល់ចិត្តអ្នកឲ្យ ការសុំនោះហើយនាំឲ្យបែកមិត្ត អ្នកសុំគ្មាននរណាចង់ដើរជិត ជាតិជាបណ្ឌិតត្រូវគិតហើយចាំសុំ"។ ចំពោះលោកអ្នក ដែលមានមិត្តភក្តិ ឬបងប្អូននៅបរទេសដែរ តែបើមិនមានគំនិតដូចបុគ្គលខាងលើនេះទេ សូមកុំទាន់អាលខឹងនឹងអ្នកសរសរធ្វើអី គ្រាន់តែតាំងចិត្តថា " អញនឹងមិនធ្វើដូចគេ " ប៉ុណ្ណេះទៅ ជាការប្រពៃណាស់ទៅហើយ។ តាមពិតទ្រព្យដែលអ្នកដទៃ មានសន្ដានចិត្តជួយផ្ដល់ឲ្យមក មិនមែនថាមិនឲ្យទទួលនោះទេ បើមានការចាំបាច់ហើយគប្បីតែទទួលលចុះប៉ុន្តែត្រូវចេះដឹងប្រមាណក្នុងការទទួលផង កាលបើទទួលហើយ រឹតតែត្រូវចំណាយឲ្យបានល្អជាងទ្រព្យ ដែលយើងរកបានដោយខ្លួនឯងទៅទៀត ព្រោះទ្រព្យដែលយើងរកបានដោយខ្លួនឯង បើយើងប្រមាទក្នុងការចាយខ្លះ ក៏មិនសូវមានអ្នកណាតិះដៀលដែរ តែទ្រព្យដែលគេផ្ដល់ឲ្យមក បើចាត់ចែងមិនបានល្អទេ ម្ចាស់ទ្រព្យគេនឹងអាចពោលតិះដៀលយើងថា " ជាមនុស្សធ្ងន់ ខំលើកយ៉ាងណាក៏មិនរួចដែរ "។ ដកស្រង់ចេញពីសៀវភៅ ប្រយោជន៍បីប្រការ រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ៥០០០ឆ្នាំ |