អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,៥៥៨ ដង)
ភាពងងឹតអន្ធការ មិនមែនជារបស់ដែលអ្នកណាម្នាក់បង្កើតមកទេ

|
ជីវិតអន្ធការ
ភាពងងឹតអន្ធការ មិនមែនជារបស់ដែលអ្នកណាម្នាក់បង្កើតមកទេ ជារបស់ដែលមានជាធម្មតាប្រចាំលោកនេះឲ្យតែទីណាខ្វះពន្លឺ ងងឹតក៏នឹងមាននៅក្នុងទីនោះ។ អវិជ្ជា ក៏ជាធម្មជាតិម្យ៉ាង កើតអាស្រ័យនឹងជីវិតសត្វលោកគ្រប់គ្នា វៀរលែងតែបុគ្គលដែលបានសម្រេចថាព្រះអរហន្ត។ តាមន័យនៃបដិច្ចសមុប្បាទសម្ដែងថា អវិជ្ជា គឺជាមេនៃសង្ខារធម៌ទាំងឡាយ បើនិយាយឲ្យងាយស្ដាប់ អវិជ្ជាគឺជាមេនាំអាទិ៍ឲ្យមានតួជីវិតនេះឯង។ អវិជ្ជា ដែលជាស្បៃងងឹតនៃជីវិតមាន ៨ យ៉ាងគឺ ១- ទុក្ខេ អញ្ញាណំ មិនដឹងក្នុងសេចក្ដីទុក្ខ គឺមិនដឹងក្នុងទុក្ខទាំង ១២ កង មានជាតិទុក្ខជាដើម ដែលជាទុក្ខសច្ចៈ។ ២- ទុក្ខសមុទយេ អញ្ញាណំ មិនដឹងនូវធម៌ដែលជាហេតុនាំឲ្យកើតទុក្ខ គឺមិនដឹងនូវតណ្ហា សេចក្ដីប្រាថ្នាគ្រប់យ៉ាង ដែលជាទុក្ខសមុទយសច្ចៈ។ ៣- ទុក្ខនិរោធេ អញ្ញណំ មិនដឹងនូវព្រះនិព្វានជាទីរំលត់នូវសេចកក្ដីទុក្ខ ដែលជានិរោធសច្ចៈ។ ៤- ទុក្ខនិរោធគាមិនីបទាយ អញ្ញាណំ មិនដឹងនូវផ្លូវជាទីចូលទៅរំលត់នូវសេចក្ដីទុក្ខ ដែលជាមគ្គសច្ចៈ។ ៥- បុព្វន្តេ អញ្ញាណំ សេចក្ដីមិនដឹងក្នុងខន្ធ អាយតនៈធាតុ ដែលជាអតីត គឺមិនដឹងនូវជាតិដំណើត ដែលធ្លាប់កើតក្នុងជាតិមុនៗ។ ៦- អប់រន្តេ អញ្ញាណំ សេចក្ដីមិនដឹងក្នុងខន្ធអាយតនៈ ធាតុ ដែលជាអនាគត គឺមិនដឹងនូវជាតិកំណើតដែលនឹងកើតតទៅក្នុងជាតិខាងមុខៗទៀត។ ៧- បុព្វន្តាបរន្ដេ អញ្ញាណំ សេចក្ដីមិនដឹងក្នុងខន្ធ អាយតនៈ ធាតុ ទាំងក្នុងអតីត ទាំងក្នុងអនាគត។ ៨- ឥទប្បច្ចយតាបដិច្ចសមុប្បន្នេសុ ធម្មេសុ អញ្ញាណំ សេចក្ដីមិនដឹងក្នុងនាមរូប ដែលកើតឡើងដោយអាស្រ័យហេតុបច្ច័យ តាមន័យក្នុងបដិច្ចសមុប្បាទ។ ធម៌ដែលលើកមកសម្ដែងនេះ មានជម្រៅណាស់ទាល់តែស្ដាប់ និងសិក្សាស្រាវជ្រាវច្រើនទើបមិនមានការយល់ខុស បើនិយាយយកន័យដោយខ្លី សំដៅយកអវិជ្ជាដែលមិនដឹងក្នុងលក្ខណៈ ៣ យ៉ាងគឺ ១- មិនដឹងថា ជីវិតគឺជាអ្វី ២- មិនដឹងហេតុនាំឲ្យកើតជីវិត ៣- មិនដឹងថា ជីវិតគឺជាផលរបស់ហេតុ។ អវិជ្ជាទាំងនេះ មិនមែនមានសម្រាប់តែអ្នកមានកាន់សាសនា ឬសម្រាប់តែអ្នកកាន់សាសនាផ្សេងៗទេ សូម្បីតែអ្នកកាន់ព្រះពុទ្ធសាសនាក៏ដោយ ដរាបណានៅក្នុងភាពជាបុថុជ្ជន តែងតែមានគ្រប់គ្នាទាំងអស់ ប្លែកគ្នាត្រង់ថា បើបុថុជ្ជននុ៎ះ បានអាស្រ័យនឹងធម៌របស់ព្រះមានព្រះភាគច្រើន អវិជ្ជាក៏មិនសូវគ្របសង្កត់ខ្លាំង ប្រសិនបើមិនបានយកធម៌របស់ព្រះមានព្រះភាគជាទីតាំងទេ អវិជ្ជាក៏គ្របសង្កត់ខ្លាំងតាមលំដាក់ រហូតធ្វើឲ្យអ្នកនុ៎ះជឿរឿងមង្គលភ្ញាក់ផ្អើលផ្សេងៗ មានការបន់ស្រន់ ស្រោចទឹក រំដោះគ្រោះជាដើម ដែលជាជំនឿឆ្វេង ហើយផ្ទុយគ្នាស្រឡះអំពីធម៌របស់ព្រះសម្មាសម្ពុទ្ធ។ ជីវិតដែលកើតមកនេះ គឺងងឹតស្រាប់ទៅហើយ បើមាននូវសេចក្ដីប្រមាទធ្វេសប្រហែសបន្ថែមទៀត តើជីវិតនឹងក្លាយទៅជាយ៉ាងណា! ព្រោះតែសត្វលោកស្ទើរតែទាំងអស់ មានជីវិតរស់នៅក្នុងភាពអន្ធការយ៉ាងនេះ ទើបព្រះមានព្រះភាគជាម្ចាស់ទ្រង់ត្រាស់សម្ដែង ក្នុងគម្ពីរខុទ្ទកនិកាយ ធម្មបទគាថាលោកវគ្គ ថា អន្ធភូតោ អយំ លោកោ តនុកេត្ថ វិបស្សតិ សកុណោ ជាលមុត្តោវ អប្បោ សគ្គាយ គច្ឆតិ ។ លោកិយមហាជននេះ ជាមនុស្សងងឹតបណ្ដាជនទាំងនេះ ជនតិចគ្នាដែលឃើញច្បាស់ (នូវខន្ធាទិលោកនេះ ដោយអំណាច អនិច្ចលក្ខណៈ ជាដើម) ជនតិចគ្នា ដែលទៅកាន់ឋានសួគ៌ ដូចសត្វស្លាប (ដែលជាប់សំណាញ់របស់ព្រានហើយ) តិចណាស់ ដែលរួចអំពីសំណាញ់ដូច្នោះ។ ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ៥០០០ឆ្នាំ |