អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៤២០ ដង)
ជីវិតនេះមានប្រមាណតិចហ្ន៎ សត្វតែងស្លាប់ថយអំពី ១០០ឆ្នាំ

|
ជរាសូត្រ
ជីវិតនេះមានប្រមាណតិចហ្ន៎ សត្វតែងស្លាប់ថយអំពី ១០០ឆ្នាំ ប្រសិនបើរស់ហួសពី ១០០ឆ្នាំ សត្វនោះនឹងស្លាប់ដោយជរាជាប្រាកដ ។ ជនទាំងឡាយតែងសោក ព្រោះវត្ថុដែលប្រកាន់ថា របស់យើង សេចក្តីប្រកាន់ជារបស់ទៀងទាត់មិនមានឡើយ ជីវិតនេះមានការព្រាត់ប្រាសចាករបស់ដែលមានជាធម្មតា អ្នកប្រាជ្ញលុះឃើញដូច្នេះហើយ រមែងមិននៅគ្រប់គ្រងផ្ទះឡើយ ។ បុរសសំគាល់របស់ណាថា នេះជារបស់អញ រមែងលះរបស់នោះដោយមរណៈ ឯអ្នកប្រាជ្ញរាប់អានព្រះរតនត្រ័យ ជ្រាបច្បាស់នូវទៅសនុ៎ះ ហើយមិនបង្អោន (ចិត្ត) ទៅ ដើម្បីសេចក្តីប្រកាន់ថា របស់យើងឡើយ ។ បុរសអ្នកភ្ញាក់ (ពីដេក) រមែងមិនឃើញរូបារម្មណ៍ជាដើម ដែលមកជួបប្រទះ ដោយយល់សប្តិ យ៉ាងណាមិញ បុគ្គល មិនឃើញជនជាទីស្រឡាញ់ ដែលធ្វើកាលកិរិយាទៅកាន់ លោកខាងមុខ ក៏យ៉ាងនោះដែរ ។ ជនទាំងនោះដែលគេឃើញហើយ ឮហើយ គេតែងហៅឈ្មោះ កាលលះលោកនេះទៅ នៅសល់តែឈ្មោះសម្រាប់ហៅប៉ុណ្ណោះ ។ ពួកសត្វមានសេចក្តីលោភ តែងមិនលះបង់ នូវសេចក្តីខ្សឹកខ្សួលនឹងសេចក្តីកំណាញ់ ក្នុងវត្ថុដែលជាទីរាប់អានបានឡើយ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ដែលឃើញព្រះនិព្វានថាជាទីក្សេមហើយ រមែងលះបង់សេចក្តីប្រកាន់បាន ។ ភិក្ខុណា មិនសម្តែងខ្លួនក្នុងភព (ថ្មីទៀត) អ្នកប្រាជ្ញ ទាំងឡាយ ហៅអំពើនោះ របស់ភិក្ខុនោះ អ្នកប្រព្រឹត្តរួញរា អ្នកកប់ប្រសព្វអាសនៈ ស្ងាត់ ថាជាសភាពសមរម្យហើយ ។ អ្នកប្រាជ្ញមិនបានអាស្រ័យ ក្នុងអាយតនៈ ទាំងអស់ឡើយ មិនធ្វើសត្វនឹងសង្ខារឲ្យជាទីស្រឡាញ់ ទាំងមិនធ្វើសត្វនឹងសង្ខារឲ្យមិនជាទីស្រឡាញ់ សេចក្តីខ្សឹកខ្សួលនិងសេចក្តីកំណាញ់ មិនជាប់ក្នុងសន្តាន របស់ព្រះខីណាស្រពនោះ ដូចទឹកមិនប្រឡាក់លើស្លឹកឈូក ដូច្នោះដែរ ។ ដំណក់ទឹកមិនដក់នៅលើស្លឹកឈូក ដូចម្តេច ក្តី ទឹកមិនទទឹកផ្កាឈូក ដូចម្តេចក្តី អ្នកប្រាជ្ញមិនជាប់នៅក្នុងអារម្មណ៍នីមួយ សូម្បីអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ ក៏ដូច្នោះដែរ ។ មួយទៀត ព្រះអរហន្តមិនសំគាល់ក្នុងអារម្មណ៍នីមួយ សូម្បីអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ ដោយវត្ថុនោះៗឡើយ ទាំងមិនប្រាថ្នាការស្អាត ដោយវត្ថុដទៃទេ ព្រោះព្រះអរហន្តនោះមិនត្រេកត្រអាល មិនប្រាសតម្រេក (ដូចកល្យាណបុថុជ្ជននឹងសេក្ខៈ) ។ ចប់ ជរាសូត្រ ដកស្រង់ពីព្រះត្រៃបិដក ភាគ ៥៤ ទំព័រ ២៧៥-២៧៧ ដោយ៥០០០ឆ្នាំ |