អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៤,៩៧០ ដង)
អាត្មាអញតែងមានការចាស់ជរាជាធម្មតា

|
ជរាធម្មោម្ហិ ជរំ អនតីតោ
អាត្មាអញតែងមានការចាស់ជរាជាធម្មតា មិនអាចកន្លងនូវការចាស់ជរាបានឡើយ។ អ្នកវិទ្យាសាស្ត្រក្នុងពិភពលោក គេបាននឹងកំពុងស្វះស្វែងរកវិធីកែរូបសម្ផស្ស ធ្វើយ៉ាងណាដើម្បីឲ្យគេមើលឃើញថា នៅស្អាត ក្មេងជាងវ័យ ដើម្បីប្រមូលយកលុយអំពីមនុស្សដែលមិនចង់ចាស់រាប់រយលាននាក់។ អ្នកដែលមិនចង់ចាស់អស់ទាំងនោះ ប្រសិនបើមិនបានស្លាប់ពីក្មេងទេ ទីបំផុតក៏គង់តែក្លាយជាយាយតាទាំងអស់ឥតមានសេសសល់ម្នាក់ឡើយ ទោះបីជារត់ទៅនៅទីណា ឬប្រើវិធីអ្វីក៏ដោយ លទ្ធផលដែលគេទទួលបាន គឺសេចក្ដីខកចិត្តប៉ុណ្ណោះឯង។ ការដែលព្រះសម្មាសម្ពុទ្ធទ្រង់បង្រៀន ឲ្យឃើញថា ជីវិតរបស់យើងម្នាក់ៗ តែងតែចូលទៅកាន់ការចាស់ជរានេះមិនមែនបានន័យថា ឲ្យយើងបណ្ដោយឲ្យជីវិតចាស់ទៅដោយឥតអំពើដូចជាគោចាស់ទេ គឺឲ្យយើងមានស្មារតីប្រឹងប្រែងកសាងគុណធម៌ឲ្យបានច្រើន តាំងតែពីខ្លួននៅក្មេងព្រោះថា កាលបើខ្លួនចាស់ទៅ ប្រាជ្ញាស្មារតីត្រូវតែចុះទន់ខ្សោយដែរ មិនវាងវៃដូចខ្លួននៅក្មេងទៀតឡើយ។ ម្យ៉ាងទៀត សេចក្ដីនៃមាតិកាធម៌នេះ ព្រះអង្គមានព្រះបំណង មិនឲ្យសត្វលោកស្រវឹងក្នុងវ័យ ដែលហៅថា វយមទោ និងមិនឲ្យសត្វលោកមានភាពសតក់ស្លុត នឹកស្ដាយក្រោយនៅពេលដែលវ័យនិងសម្រស់បាត់បង់ទៅ។ ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត ដោយ៥០០០ឆ្នាំ |