អានអត្ថបទ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៩,៥៨៨ ដង)
កិរិយាវៀរចាកនូវបាប

|
ព្រះពុទ្ធទ្រង់ត្រាស់សម្តែងឲ្យយើងចេះអប់រំកាយវាចាដើម្បីរស់នៅក្នុងសង្គមគ្រួសារក្តី សង្គមជាតិក្តី បានទទួលនូវសិរីសួស្តី សុភមង្គល ។ ចំណែកក្នុងមង្គលតទៅមុខនេះ ព្រះអង្គទ្រង់សម្តែងការអប់រំចិត្ត ។ ការកាប់សម្លាប់ លួចឆក់ប្លន់ សភាពវឹកវរ ចលាចល គ្មានសណ្តាប់ធ្នាប់ ក្នុងសង្គមសុទ្ធតែកើតមកពីអំពើបាប ។ មនុស្សម្នាក់ៗ មិនចង់បានសភាពដូច្នោះទេ ដើម្បីសម្រេចនូវគោលបំណង ចាំបាច់ខានមិនបាន ដែលមនុស្សគ្រប់គ្នាចង់បានដូច្នេះ គ្រប់គ្នាត្រូវជៀសវាងពីអំពើបាប ។
១. បាប មានន័យដូចម្តេច? បាប មានន័យថា អំពើឃោរឃៅ បៀតបៀន បង្កវិនាសកម្ម នាំឲ្យបាត់បង់ផលប្រយោជន៍ អ្នកដទៃ ។ អំពើបាបនេះ កកើតឡើងតាំងពីតិចតួច ដូចជាខ្ជិលមិនស្តាប់បង្គាប់ឪពុកម្តាយ ដើរលេងប៉ោឡែ រហូតដល់ចេះលួច ឆក់ប្លន់ គេជាដើម ។ ២. ការប្រព្រឹត្តិធ្វើអំពើបាប អំពើអាក្រក់ស្តែងចេញតាមរយៈផ្លូវកាយ វាចា ចិត្ត ក. អំពើអាក្រក់ផ្លូវ ហៅថា កាយទុច្ចរិត មាន ៣ ៖ - សម្លាប់បៀតបៀនជីវិតអ្នកដទៃ - លួចឆក់ប្លន់ ឆបោក ទ្រព្យសម្បត្តិគេ - ផឹកទឹកស្រវឹង សេពគ្រឿងញៀន ដែលនាំឲ្យខូចស្មារតី *ការប្រព្រឹត្តខុសលើកូនប្រពន្ធអ្នកដទៃ ក៏សង្គ្រោះចូលក្នុងទីនេះដែរ ខ. អំពើអាក្រក់ផ្លូវវាចា ហៅថា វចីទុច្ចរិត មាន ៤ ៖ - និយាយភូតភរ កុហក មិនប្រកាន់ពាក្យសត្យ - និយាយពាក្យសម្តីជេរប្រទេច ផ្តាសា គម្រោះគម្រើយ - និយាយពាក្យមិនបានការឥតប្រយោជន៍ គ. អំពើអាក្រក់ផ្លូវចិត្ត ហៅថា មនោទុច្ចរិត មាន ៣ - គិតល្មោភ លោភលន់ ចង់បានទ្រព្យសម្បត្តិអ្នកដទៃ - គិតព្យាបាទ ចងគំនុំគំគួន ឈ្នានីសអ្នកដទៃ - យល់ខុស គឺយល់ថា បាបគ្មាន បុណ្យគ្មាន ឪពុកម្តាយគ្មានគុណ ជាដើម ។ អំពើទាំងនេះ បានបំផ្លាញនូវប្រយោជន៍ខ្លួនឯង ផង អ្នកដទៃផង ព្រោះហេតុដូច្នោះ គ្រប់គ្នាត្រូវរៀនលះបង់ វៀរចេញ ដើម្បីសេចក្តីសុខខ្លួនឯងផង និងអ្នកដទៃផង ។ មូលហេតុដើមនៃបញ្ហា គឺឋិតនៅក្នុងចិត្តរបស់យើង កាលណាចិត្តរបស់យើងបានស្ងប់រម្ងាប់ពីអំពើបាបហើយ សង្គមជាតិ ក៏ស្ងប់រម្ងាប់ មានសន្តិភាពដែរ ។ " ដើម្បីរស់នៅក្នុងសង្គមគ្រួសារក្តី ក្នុងសង្គមជាតិក្តី មានសិរីសួស្តី សុភមង្គល លុះត្រាតែមនុស្សគ្រប់គ្នា ជៀសវាងអំពីអំពើបាប " ដកស្រង់ពីសៀវភៅ " មង្គលជីវិត " រៀបរៀងដោយ ភិក្ខុ គូ-សុភាព
ដោយ៥០០០ឆ្នាំ |