អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៨,០៦៩ ដង)
បម្រើមាតាបម្រើបិតា

|
បម្រើមាតាបម្រើបិតា
ទឹកមហាសមុទ្រដ៏ធំធេង មិនងាយអ្នកណាអាចវាស់បានឡើយ យ៉ាងណាទឹកចិត្តស្រឡាញ់របស់ឪពុកម្តាយមកលើយើងគ្រប់គ្នា ក៏មិនអាចប៉ាន់ប្រមាណបានដែរ ដូច្នេះ យើងត្រូវតបស្នងគុណគាត់ដោយការទំនុកបម្រុងឲ្យសមនឹងទឹកចិត្តរបស់គាត់ ។ ១. មាតាបិតា មានន័យដូចម្តេច? -មាតា ប្រែថា ស្រ្តីអ្នករាប់អានកូន ។ -បិតា ប្រែថា បុរសអ្នករាប់អានកូន ។ នេះ ប្រែតាមស័ព្ទ បាលី ។ សរុបមកវិញ មាតាបិតា គឺអ្នកចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសស្រីឲ្យរស់រានមានជីវិត ទោះបីគាត់បានឆ្លងកាត់ឧបសគ្គការលំបាកច្រើនឥតគណនា យ៉ាងណាក៏ដោយ ។ ២. មាតាបិតា មានឈ្មោះ ៤យ៉ាង តាមព្រះពុទ្ធតម្រាស់ត្រាស់ថា មាតាបិតា មានឈ្មោះ ៤យ៉ាង គឺ៖ ក. បុព្វាចារ្យ ជាគ្រូបង្រៀនដើម បានដល់គ្រូ បង្រៀន ស្លៀកពាក់ ស៊ីចុក ដើរដេក និយាយស្តី ជុះនោមជាដើម មុនគ្រូបង្រៀននៅសាលាទាំងអស់ ។ ខ. បុព្វទេវា ទេវតាដើម យើងតែងសង្ឃឹមថា ទេពរក្ស អ្នកតា ទេព្តា នៅក្នុងព្រៃព្រឹក្សាជួយថែរក្សាយើង តែបើជញ្ជឹងគិតបន្តិចទៅនឹងឃើញថា ទេវតាដែលគាំពាររក្សាទំនុកបម្រុងយ៉ាងយកចិត្តទុកដាក់បំផុតជាងទេវតាទាំងអស់នោះ គឺមាតាបិតា ។ គ. ព្រហ្មា ព្រះព្រហ្ម ព្រហ្មមានមុខ ៤ ឪពុកម្តាយឲ្យឈ្មោះថា ព្រះព្រហ្ម ព្រោះគាត់មានព្រហ្មវិហារធម៌ ៤ យ៉ាងគឺ មេត្តា ករុណា មុទិតា ឧបេក្ខា ។ ឃ. អរហន្ត ព្រះអរហន្តមិនចេះចាប់ទោសអូសដំណើរអ្នកណាមួយមកទុកក្នុងព្រះទ័យព្រះអង្គឡើយ យ៉ាងណា មាតាបិតាមិនចេះរំពៃរកទោស ចាប់កំហុសកូនឡើយ មានតែមេត្តា ករុណា អាណិតអាសូរ ជួយបិទបាំងអំពើខុសឆ្គងរបស់កូនទៀតផង ។ ឪពុកម្តាយបានបូជាកម្លាំងកាយ កម្លាំងចិត្ត លះបង់ញើសឈាម ទ្រព្យសម្បត្តិគ្រប់បែបយ៉ាង ដោយមិនគិតពីការនឿយហត់ឡើយ ដើម្បីចិញ្ចឹមយើងជាកូនប្រុសស្រី ។ ព្រោះហេតុដូច្នោះ យើងត្រូវសម្តែងនូវកតញ្ញូកតវេទិតាធម៌ ចំពោះគាត់វិញ ដោយការបម្រើ ជួយធ្វើកិច្ចការងារគាត់ និងចេះស្តាប់បង្គាប់គាត់ ធ្វើយ៉ាងណា កុំឲ្យគាត់លំបាកចិត្តដោយសារយើង ។ * សុខនអាស្រ័យក្រពះរស់នៅក្នុងផ្ទះ តែដឹងគុណជួយរក្សាម្ចាស់ផ្ទះយ៉ាងណា សូម្បីអ្នករស់រានមានជីវិត ព្រោះអាស្រ័យមាតាបិតា សូមកុំរមិលគុណលោក កុំធ្វើឲ្យលោកលំបាកចិត្ត សូមកុំអន់ជាងសត្វតិរច្ឆានឡើយ ។ ៣. ព្រះរស់ បុគ្គលខ្លះបន់ស្រន់ព្រះសំពះទេវតា ស្វែងរកព្រះដើម្បីគោរពថ្វាយបង្គំ បូជាយកបុណ្យ បែរជាដើរហួសរំលងព្រះរស់នៅក្នុងផ្ទះ ហើយថែមទាំងមិនយកចិត្តគោរពបម្រើគាត់ទៀតផង ។ តាមពិត បើសិនជាគ្មានព្រះរស់នេះទេ យើងក៏គ្មានថ្ងៃឃើញព្រះខាងក្រៅដែរ ។ ៤. គុណធម៌របស់កូន ក. កតញ្ញូ ដឹងគុណឪពុកម្តាយដែលលោកបានចិញ្ចឹមកូនដោយគ្មានទាមទារប្រាក់ខែប្រាក់ថ្ងៃអ្វីទាំងអស់ ជាខ្ញុំរបស់កូនតាំងពីតូចដល់ធំ ។ ដូច្នេះ កូនត្រូវមានវិចារណញាណពិចារណាឲ្យបានជាក់ច្បាស់ ដោយស្មារតី កុំយល់ថា គាត់ចិញ្ចឹមខ្ញុំ ខ្ញុំចិញ្ចឹមកូនខ្ញុំ ដូច្នេះឡើយ ។ ខ. កតវេទី ធ្វើតបគឺពេលណាបានដឹងថា ឪពុកម្តាយ មានមហាករុណាទិគុណមកលើយើងហើយ យើងត្រូវទំនុកបម្រុងបម្រើ ឲ្យអស់ពីចិត្តបំពេញតួនាទីជាកូនល្អឲ្យបានហ្មត់ចត់ជាទីបំផុត ។ ៥. តួនាទីកូនល្អ ៥យ៉ាង កូនល្អត្រូវបំពេញតួនាទីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនដូចខាងក្រោម៖ ក. កូនល្អត្រូវចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា ខ. កូនល្អត្រូវជួយធ្វើកិច្ចការងាររបស់មាតាបិតា កុំគេចវេស ខ្ជិលច្រអូសឡើយ គ. កូនល្អត្រូវចេះថែរក្សាពូជពង្ស វង្សត្រកូល ។ ឃ. កូនល្អត្រូវចេះ ប្រតិបត្តិខ្លួនឲ្យបានល្អ ដើម្បីទទួលកេរ្តិ៍មត៌ករបស់មាតាបិតា ង. ពេលឪពុកម្តាយស្លាប់ទៅ ត្រូវធ្វើបុណ្យឧទិ្ទសជូនគាត់ ៦. អានិសង្សនៃការបម្រើមាតាបិតា -ឈ្មោះថា ជាសប្បុរស -មានគេស្រឡាញ់ចូលចិត្តច្រើន -មានកិត្តិយស កេរ្តិ៍ឈ្មោះល្អ -មានសេចក្តីរុងរឿងរីកចម្រើន ក្នុងសង្គមគ្រួសារ -ជាទិដ្ឋានុគតិដល់ជនទូទៅ -ស្លាប់ទៅហើយ ទៅកើតស្ថានសួគ៌ ។ ដកស្រង់ពីសៀវភៅ " មង្គលជីវិត " រៀបរៀងដោយ ភិក្ខុ គូ-សុភាព ដោយ៥០០០ឆ្នាំ |