អានអត្ថបទ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១៩,២៧០ ដង)
បុណ្យថ្វាយឆត្រផ្កាចំពោះព្រះសម្ពុទ្ធ

|
បុប្ផច្ឆត្តិយត្ថេរាបទាន
កាលព្រះដ៏ព្រះភាគព្រះនាមសិទ្ធត្ថ ជាច្បងក្នុងលោកប្រកបដោយតាទិគុណ ទ្រង់ប្រកាសនូវសច្ចៈ ញ៉ាំងពួកសត្វឲ្យរំលត់ទុក្ខ ខ្ញុំបានយកផ្កាឈូកដែលដុះក្នុងទឹក ជាទីរីករាយនៃចិត្តធ្វើជាឆត្រផ្កា ហើយបូជាព្រះសម្ពុទ្ធ ។ ឯព្រះសាស្តា ព្រះនាមសិទ្ធត្ថ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់ឋិតនៅក្នុងពួកភិក្ខុ ហើយសម្តែងនូវគាថាទាំងនេះថា បុគ្គលណា ញ៉ាំងចិត្តឲ្យជ្រះថ្លា បានបាំងឆត្រថ្វាយតថាគត បុគ្គលនោះ រមែងមិនទៅកាន់ទុគ្គតិ ដោយចិត្តជ្រះថ្លានោះឡើយ ។ លុះព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថ ជាលោកនាយក ទ្រង់ត្រាស់គាថានេះហើយ ទ្រង់បញ្ជូនបរិស័ទទៅ រួចហើយស្តេចពុទ្ធដំណើរទៅកាន់អាកាស ដែលជាទីរីករាយនៃសត្វស្លាប ។ កាលព្រះសម្ពុទ្ធជាទេវតារបស់មនុស្ស ទ្រង់ក្រោកឡើង សេ្វតច្ឆត្រក៏អណ្តែតឡើងឆត្រដ៏ឧត្តម បានអណ្តែតទៅពីខាងមុខព្រះសម្ពុទ្ធដ៏ប្រសើរ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាឆត្រ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឆត្រផ្កា ។ ក្នុងកប្បទី ៧៤ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ មានព្រះនាមជលសិខៈ ទ្រង់បរិបូរណ៌ដោយកែវ ៧ប្រការ មានកម្លាំងច្រើន ។
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបុប្ផច្ឆត្តិយត្ថេរ មានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។ ចប់បុប្ផច្ឆត្តិយត្ថេរាបទាន ។ ដកស្រង់ចេញពី ព្រះត្រៃបិដកភាគ ៧៤ ទំព័រ ៣៨-៣៩ ដោយ៥០០០ឆ្នាំ |