អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ២០,៣៧៧ ដង)
សម្រេចមគ្គផលក្នុងភ្លើង

|
សម្រេចមគ្គផលក្នុងភ្លើង
ព្រះនាងសាមាវតី ជាមួយនឹងស្ត្រីជាបរិវារ បានសម្រេច ធម៌ទីណា ក្នុងព្រៃដែរឬទេ ? មិនមែនទេ គឺសម្រេចក្នុងព្រះរាជវាំងព្រះបាទឧទេន ក្រុងកោសម្ពី ។ នៅពេលភ្លើងឆេះប្រាសាទ ព្រះនាងព្រមទាំងបរិវារ ៥០០ នាក់ ត្រូវអស់ជីវិត ប៉ុន្តែមុននឹង អស់ជីវិត ព្រះនាងសាមាវតីបានឱ្យឱវាទដល់ស្ត្រីទាំងនោះថា ការ កំណត់អត្តភាព ដែលត្រូវេភ្លីងឆេះយ៉ាងនេះ សម្រាប់ពួកយើង ដែលជាអ្នកត្រាច់រង្គាត់ក្នុងសង្សារវដ្ត ដែលមានទីបំផុតមិនប្រាកដឡើយ សូម្បីពុទ្ធញ្ញាណ ក៏មិនអាចកំណត់ទីបំផុតនៃសង្សារវដ្តបាន អ្នកទាំងឡាយ ចូរជាបុគ្គលមិនប្រមាទ ។ ស្ត្រីទាំងនោះ កាលដែលប្រាសាទត្រូវភ្លើងឆេះ បានមនសិការនូវវេទនាបរិគ្គហកម្មដ្ឋាន គឺកាន់យកនូវទុក្ខវេទនាជាដើមក្នុងគ្រានោះជាអារម្មណ៍ ពួកស្ត្រីខ្លះសម្រេចផលទី ២ ពួកស្ត្រីខ្លះទៀតសម្រេចផលទី ៣ ។ កាលដែលភិក្ខុទាំងឡាយ ក្រាបទូលដល់ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងឧបាសិកាទាំងនោះ ឧបាសិកាខ្លះជាសោតាបន្នបុគ្គល ខ្លះទៀតជាសកទាគាមិបុគ្គល និង ខ្លះទៀតជាអនាគាមិបុគ្គល ឧបាសិកាទាំងអស់នោះ មិនជា បុគ្គលប្រាសចាកផល ហើយធ្វើកាលកិរិយានោះឡើយ ។ លុះ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវសេចក្តីនោះហើយ ទើប ទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា (បិដក ៥២,ទំព័រ ៣១៨ ) មោហសម្ពន្ធនោ លោកោ ភព្វរូបោវ ទិស្សតិ ឧបធិពន្ធនោ ពោលា តមសា បរិវារិតោ សស្សតោរិវ ខាយតិ បស្សតោ នត្ថិ កិញ្ចនន្តិ។ សត្វលោក មានមោហៈជាចំណង ប្រាកដដូចជាមានរូប ចម្រើន បុគ្គលពាល មានឧបធិក្កិលេសជាចំណង ត្រូវងងឹតគឺ អវិជ្ជាចោមរោមហើយ ប្រាកដដូចជាទៀងទាត់ ចំណែកបុគ្គល អ្នកពិចារណាដឹងច្បាស់ រមែងមិនមាននូវកង្វល់ឡើយ ។ អដ្ឋកថា ពន្យល់សេចក្តីត្រង់ដែលថា សត្វលោកមាន មោហៈជាចំណង ប្រាកដដូចជាមានរូបចម្រើន គឺខ្លួនរបស់សត្វ លោកនោះ ប្រាកដដូចជាមានរូប ដូចជាមានសភាវៈទៀង គឺ ប្រាកដដូចជាមិនចាស់មិនស្លាប់ ដែលជាហេតុឱ្យប្រព្រឹត្តនូវអំពើ មិនគួរធ្វើ មានបាណាតិបាតជាដើម ព្រោះតែមោហៈរួបរឹត ។ ត្រង់ដែលថា បុគ្គលពាល មានឧបធិក្កិលេសជាចំណង ជាដើមនោះ គឺសត្វលោកនេះមិនមែនមានតែមោហៈជាចំណង ប៉ុណ្ណោះទេ គឺមានឧបធិជាគ្រឿងចងទៀត ត្រូវអវិជ្ជាចោមរោម ងងឹតបិទបាំងសភាវធម៌ពិត ដូច្នោះ បុថុជ្ជនល្ងង់ខ្លៅ ទើបមាន ឧបធិជាចំណង ។ ឧបធិគឺកាម ឧបធិគឺកិលេស ឧបធិគឺខន្ធ ឧបធិ ទាំងអស់សុទ្ធតែជាគ្រឿងទ្រទ្រង់នូវទុក្ខ ព្រោះភាពងងឹតគឺអវិជ្ជា បិទបាំង សេចក្តីប្រកាន់ក៏ទទួលយកបញ្ចក្ខន្ធមកធ្វើជាតួខ្លួន ម៉្លោះ ហើយត្រូវស្វែងរកកាម និងត្រូវខ្វល់ព្រោះកិលេសផ្សេងៗ នេះឯង ដែលថា បុគ្គលពាលមានឧបធិជាចំណង (ឧបធិពន្ធនោ ពោលា )។ ព្រោះមានឧបធិជាចំណង ក៏ប្រាកដដូចជាមានសភាវៈទៀង ជា អត្តា រមែងកើត រមែងមាន គ្រប់កាលទាំងពួង ។ បស្សតោ នត្ថិ កិញ្ចនំ ដោយសេចក្តីថា បុគ្គលណា កំណត់សង្ខារទាំងឡាយ ពិចារណាឃើញនូវលក្ខណៈមានអនិច្ច លក្ខណៈជាដើម បុគ្គលនោះ ចាក់ធ្លុះតាមសេចក្តីពិត ដោយ មគ្គប្បញ្ញា ដែលអាស្រ័យវិបស្សនា ទើបកិលេសជាគ្រឿងកង្វល់ មានរាគៈជាដើម ជាហេតុចងសត្វទុកក្នុងវដ្តៈ រមែងមិនមាន ។ សិក្សាអំពីការបានសម្រេចនូវមគ្គផល របស់បុគ្គលផ្សេងៗ ដើម្បីបញ្ជាក់អំពីតួធម៌បដិបត្តិ ។ តួធម៌បដិបត្តិ គឺភាពភ្លឺស្វាងកម្ចាត់ អវិជ្ជា ហើយធម៌ដែលមានពិតជាបរមត្ថ ក៏បានប្រាកដក្នុងពន្លឺភ្លឺ ស្វាងនោះ យ៉ាងនេះ ទើបជាបុព្វភាគនៃអរិយមគ្គ ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |