អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៩,៣៧២ ដង)
សូចិលោមយក្ស អ្នកមានសំណាង

|
សូចិលោមយក្ស អ្នកមានសំណាង
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅជិតស្រុកគយា ជាលំនៅនៃយក្ស ឈ្មោះសូចិលោមៈ ។ កាលពីសាសនាព្រះពុទ្ធ កស្សបទសពល យក្សនេះជាព្រះភិក្ខុមួយអង្គ សន្សំឧបនិស្ស័យក្នុង ការសិក្សាស្រាវជ្រាវរាវរកធម៌ពិត ។ សូចិលោមយក្ស បានទូល សួរធម៌ព្រះដ៏មានព្រះភាគដូច្នេះថា រាគៈ និង ទោសៈ មានអ្វីជាហេតុ ការអផ្សុកសេចក្តី ត្រេកអរ និង សេចក្តីព្រឺព្រួចរោម កើតអំពីទីណា មនោវិតក្ក តាំងឡើងអំពីទីណា ហើយលែងចោលនូវចិត្តទៅវិញ ដូចក្មេងចងជើងក្អែកនឹង ខ្សែហើយ ឱ្យក្អែកហើរទៅ ។ សូចិលោមយក្ស ចង់ចេះដឹងអំពីជីវិតពិតៗ តើហេតុអ្វីបាន ជាមានរាគៈ ទោសៈ ជាដើមនេះ ។ មនោវិតក្ក គឺការត្រិះរិះរបស់ ចិត្ត ទោះជាគិតទៅឆ្ងាយយ៉ាងណា រឿងនេះ រឿងនោះ ក៏ត្រឹមតែ ជាចិត្តគិតប៉ុណ្ណោះ បើមិនមានចិត្តទេ ការគិតក៏មិនមានដែរ ដូច ក្អែកជាប់ខ្សែ ទោះជាហើរទៅណា ក៏ត្រូវតែមកដល់ក្មេងវិញ ដដែល ។ ចិត្តដូចក្មេង ឯមនោវិតក្ក ដូចក្អែកជាប់ខ្សែ វិតក្ក ជា ចេតសិក ទោះជាគិតដូចមានស្លាបហើរទៅដល់ណា ក៏ជាធម៌កើត រលត់ជាមួយនឹងចិត្ត មិនអាចអត់ចិត្តបានទេ ។ តាមពិត អ្វីៗដែលកើតឡើង មានត្រឹមតែចិត្ត ចេតសិក រូប ប៉ុណ្ណោះ មិនមានអ្វីកើតលើសពីបរមត្ថ ៣ យ៉ាងនេះឡើយ ។ អ្វី ដែលកើតឡើង ទើបមាន អ្វីដែលអត់កើត គឺអត់មាន ដូច្នេះ អ្វី ដែលមាន គឺអ្វីដែលកើតឡើង អ្វីដែលកើតឡើង គឺជាបរមត្ថ អាស្រ័យបច្ច័យ ជាធម៌ពិត យ៉ាងណាយ៉ាងហ្នឹង ជាអនត្តា ជា អារម្មណ៍នៃព្រះកម្មដ្ឋាន អប់រំចិត្ត រលត់ការហួងហែង ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់តបថា រាគៈ និង ទោសៈ មានអត្តភាពនេះជាហេតុ ការអផ្សុក សេចក្តីត្រេកអរ និង សេចក្តីព្រឺព្រួចរោម ក៏កើតអំពីអត្តភាពនេះ មនោវិតក្ក ក៏តាំងឡើងអំពីអត្តភាពនេះដែរ ហើយលែងចោលនូវ ចិត្តទៅវិញ ដូចក្មេងចងជើងក្អែកនឹងខ្សែហើយ ឱ្យក្អែកហើរទៅ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់បន្តទៀតថា អកុសលវិតក្កដ៏ច្រើន កើតពីស្នេហា ពោលគឺតណ្ហា កើត ព្រមក្នុងខ្លួនហើយផ្សាយទៅក្នុងវត្ថុកាមទាំងឡាយ ដូចពួរជ្រៃកើត ពីដើមជ្រៃហើយរួបរឹតដើមឈើក្នុងព្រៃដែលខ្លួនអាស្រ័យ ដូច្នោះ ឯង ។ ពួកបុគ្គលណា ដឹងច្បាស់នូវអត្តភាពនោះថា មានរបស់ ណាជាហេតុ ពួកបុគ្គលនោះ ក៏បន្ទោរបង់នូវអត្តភាពនោះបាន ។ ម្នាលយក្ស អ្នកចូរស្តាប់ចុះ ពួកបុគ្គលនោះ រមែងឆ្លងនូវអន្លង់នេះ ដែលឆ្លងបានដោយកម្រ ទាំងដែលមិនធ្លាប់បានឆ្លង ដើម្បីមិនមាន នូវភពថ្មីតទៅទៀត ។ ព្រះសូត្រនេះ នៅក្នុងបិដកលេខ ៣០ , ទំព័រ ២១០ សូចិលោមយក្សបានសម្រេចសោតាបត្តិផល ដោយការបញ្ជូនញាណ ទៅតាមព្រះធម៌ទេសនា នៅពេលដែលកំពុងឈរស្តាប់ នោះឯង។ បុគ្គលដែលសន្សំអប់រំបញ្ញាមក កាលដែលពិចារណាតាម សេចក្តីនៃព្រះធម៌ទេសនា ក៏បានឃើញថា ការស្រឡាញ់ស្អប់ គាប់ទាស់ ព្រមទាំងការរវល់ក្នុងចិត្ត គិតខ្វល់ គិតព្រួយ ភ័យខ្លាច អ្វីៗទាំងអស់ ក៏ព្រោះការត្រេកអរប្រកាន់ចំពោះអត្តភាពគឺតួខ្លួន នេះឯង ។ បុគ្គលដែលមិនដឹងអត្តភាពគឺបញ្ចក្ខន្ធនេះ កើតអំពីរបស់ ណា ក៏ចាប់យកមកធ្វើជាតួខ្លួន ហើយរវល់មួយសង្សារវដ្តរហូតមក ការរវល់នេះជាតួអភិសង្ខារតាក់តែងភពថ្មី ។ អភិសង្ខារមិនមាន ព្រោះលះអវិជ្ជាដោយវិជ្ជា បញ្ញាឃើញ ការកើតឡើងនៃសង្ខារលោកតាមពិត ទាំងបានឃើញការរលត់ អស់ទៅនៃសង្ខារលោកតាមពិតផងដែរ ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ |