អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១១,៤០៦ ដង)
ឧដ្ឋានសម្បទា

|
ឧដ្ឋានសម្បទា
កិច្ចការប្រឹងប្រែងរកទ្រព្យសម្បត្តិ គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់ឃរាវាស អ្នកនៅគ្រប់គ្រងផ្ទះគ្រប់គ្នា។ ព្រះពុទ្ធជាម្ចាស់ ទ្រង់បានប្រៀនប្រដៅឲ្យមនុស្សគ្រប់គ្នា មានសេចក្ដីប្រឹងប្រែងបំពេញការងារតាមតួនាទីរបស់ខ្លួន ព្រមទាំងឲ្យលះបង់នូវភាពទម្រន់ និងការខ្ជិលច្រអូសគ្រប់ប្រការទៀតផង។ នៅក្នុងខុទ្ធកនិកាយ សុត្តនិបាត ឧរគវគ្គ បរាភវសូត្រទី ៦ គាថាទី ៣ ព្រះមានព្រះភាគជាម្ចាស់ទ្រង់ត្រាស់តបបញ្ហារបស់ទេវតាថា " និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោ អលសោ កោធបញ្ញាណោ តំ បរាភវតោ មុខំ " ប្រែថា " អ្នកដេកលក់ច្រើនក្ដី និយាយច្រើនក្ដី មិនឃ្មាតខ្មី ខ្ជិលច្រអូសក្ដី ប្រាកដតែខាងក្រោធក្ដី នោះជាប្រធាននៃសេចក្ដីវិនាស " ។ តាមពុទ្ធភាសិតខាងលើ ស្ដែងឲ្យឃើញបានថា អ្នកដែលខ្ជិលច្រអូស មិនប្រឹងប្រែងបំពេញកិច្ចការងារ មិនអាចធ្វើខ្លួនឯងឲ្យក្លាយជាមនុស្សមានប្រយោជន៍ សម្រាប់សង្គមជាតិផងថែមទាំងមិនអាចធ្វើខ្លួន ឲ្យក្លាយទៅជាពុទ្ធបរិស័ទដ៏ល្អផង ព្រោះមិនអាចញ៉ាំងព្រះហឫទ័យរបស់ព្រះសាស្ដាឲ្យពេញបាន។ ទ្រព្យសម្បត្តិ មិនអាចកើតឡើងដល់មនុស្សខ្ជិលច្រអូសបានទេ។ អ្នកមិនមានការងារ គឺជាមនុស្សចង្អៀតលោក អន់ជាងឈើពុកអណ្ដែតតាមទឹកទៅទៀត ព្រោះឈើពុកនោះ កាលណាបើគេស្រង់យកមកអំពីទឹក គេគង់ប្រើឲ្យជាប្រយោជន៍ខ្លះមិនខាន ឯមនុស្សទម្រន់ មិនបំពេញកិច្ចការងារ ប្រៀបបានដូចជាបញ្ញើក្អែក បានត្រឹមតែរំខានអ្នកដទៃប៉ុណ្ណោះ។ ព្រះពុទ្ធសាសនា បានសម្ដែងសង្កត់ធ្ងន់ទៅលើកម្មនិងផល។ កម្មគឺជាការងារដែលសត្វលោកត្រូវប្រព្រឹត្ត ផល គឺអ្វីដែលសម្រេចបានមកអំពីការប្រព្រឹត្តនោះឯង។ ដូច្នោះការសម្ដែងអំពីកម្មផល មិនមែនជាការសម្ដែងធ្វើឲ្យមនុស្សទន់ខ្សោយស្មារតីនោះទេ តាមពិតរឹតតែធ្វើឲ្យមនុស្សមានស្មារតី យកចិត្តទុកដាក់បំពេញយ៉ាងពេញទំហឹងនូវការងាររបស់ខ្លួនកំពុងធ្វើ ថែមទាំងមានទំនុកចិត្តថា ការដែលនឹងធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សថោកទាបឬថ្លៃថ្នូរនោះ គឺអាស្រ័យទៅលើការងារដែលខ្លួនឯងកំពុងប្រព្រឹត្តនោះឯង ដោយមិនប្រគល់វាសនាឲ្យទេវតា ឬអាទិទេពណាជាអ្នកសម្រេចនោះឡើយ។ ការងារអាចបែងចែកសត្វលោក ឲ្យថ្លៃថ្នូរឬថោកទាបបាន ដូច្នេះសូមឲ្យមនុស្សគ្រប់គ្នាប្រឹងប្រែងប្រកបការងារចិញ្ចឹមជីវិតណា ដែលល្អប្រាសចាកទោស ដែលហៅថា " សម្មាអាជីវៈ " រួមជាមួយនឹងសេចក្ដីសន្ដោស ចេះត្រេកអរនឹងលទ្ធផល ដែលសម្រេចបានអំពីការងារដែលល្អនោះផង។ គប្បីជ្រាបថា មិនមានការសម្រេចណា ដោយមិនអាស្រ័យ នឹងការតស៊ូបំពេញកិច្ចការងារនោះទេ គ្រាន់តែប្លែកត្រង់ថា ជួនកាលក៏សម្រេចមកអំពីការងារបច្ចុប្បន្ន ជួនកាលក៏សម្រេចមកអំពីការងារក្នុងអតីតៈប៉ុណ្ណោះ។ ការបានយល់ដឹងអំពីផលរបស់ការងារយ៉ាងនេះ អាចធ្វើឲ្យយើងចេះទទួលស្គាល់គ្រប់លទ្ធផលនៃការងារ ដោយសេចក្ដីត្រជាក់ចិត្ត បើទុកជាផលនៃការងារនោះបានតិច ឬក៏ច្រើនយ៉ាងណាក៏ដោយ។ តាមទស្សនៈខ្លះយល់ថា ការគោរពជឿតាមពាក្យប្រៀនប្រដៅ របស់ព្រះសម្មាសម្ពុទ្ធបានធ្វើឲ្យមនុស្សក្រ ឬទន់ខ្សោយស្មារតី គ្មានជំហានឈានទៅរកសេចក្ដីចម្រើនរុងរឿង។ ការដែលគេយល់យ៉ាងនេះ មានប្រក្រតីពោលយ៉ាងនេះ ក៏គ្មានអ្នកណាអាចហាមឃាត់គំនិត ឬពាក្យពោលរបស់គេបានឡើយ ព្រោះគេមិនទាន់បានសិក្សា នូវពាក្យបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធឲ្យបានច្បាស់លាស់ប៉ុណ្ណោះ គេជឿតាមតែភ្នែកនិងត្រចៀករបស់គេប៉ុណ្ណោះ គេមិនបានបើកភ្នែកបញ្ញាដើម្បីសិក្សាស្រាវជ្រាវ រាវរកសេចក្ដីពិតចាកព្រះសាសនានេះឡើយ ប្រសិនបើគេកុំជឿលើភ្នែកនិងត្រចៀករបស់គេពេក ហើយវិលមកសិក្សាព្រះពុទ្ធវចនៈឲ្យបានល្អិតល្អន់ មួយរយសឹងតែរាប់ដល់មួយពាន់ គឺថាគេនឹងអាចបោះបង់នូវគំនិតនេះ និងការពោលយ៉ាងនេះ ហើយមានតែការពោលសរសើរនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធជាម្ចាស់មិនដាច់ពីមាត់មិនខានឡើយ។ នៅក្នុងខុទ្ទកនិកាយ តិកនិបាត ថេរគាថា មាតង្គបុត្តរគាថា បានសម្ដែងថា " ខណៈ រមែងប្រព្រឹត្តកន្លងនូវមាណពទាំងឡាយ ដែលមានការងារលះចោល ( ដោយគិតអាងថា ) ត្រជាក់ពេក ក្ដៅពេក ល្ងាចពេក។ បុគ្គលណាមួយ កាលធ្វើនូវចិត្តរបស់បុរស មិនអើពើចំពោះត្រជាក់នឹងក្ដៅ ឲ្យក្រៃលែងជាង បុគ្គលនោះរមែងមិនសាបសូន្យចាកសេចក្ដីសុខឡើយ......" ។
មនុស្សដែលមិនយកចិត្តទុកដាក់ នឹងកិច្ចការងារចិញ្ចឹមជីវិត អាងលេសយ៉ាងនេះយ៉ាងនោះមិនក្រវើនក្រតើន ជាអ្នកដេកស្ដាយយល់សប្តិជាដើម មិនខុសពីមនុស្សអត់ការងារនោះឡើយព្រោះមិនយូរប៉ុន្មាន សូម្បីមុខរបរដែលមានហើយក៏នឹងត្រូវដួលរលំទៅ ហើយនឹងក្លាយជាមនុស្សពិការទាំងដែលមានអវយវៈល្អ។ ចង់ស្រណុកហើយខ្វះខាតសេចក្ដីព្យាយាម មិនអាចនឹងរួចអំពីសេចក្ដីទុក្ខបានឡើយ។ សេចក្ដីព្យាយាមប្រឹងប្រែង គឺជាពរដ៏ប្រសើរសម្រាប់មនុស្សគ្រប់គ្នា ព្រោះជាហេតុនាំសត្វលោកឲ្យរួចផុតទុក្ខលំបាកបាន ដូចដែលព្រះមានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់សម្ដែងថា " វិរិយេន ទុក្ខមច្ចេតិ = ឆ្លងចាកសេចក្ដីទុក្ខបានដោយសេចក្ដីព្យាយាម"។ ការងារចិញ្ចឹមជីវិតខ្លះ ដូចជាការងារដាំដុះ ការងាររាជការ ... មើលពីក្រៅហាក់បីដូចជាការងារសម្រាប់ផ្ទាល់ខ្លួនម្នាក់ៗប៉ុណ្ណោះ ប៉ុន្តែតាមពិត ពិនិត្យឲ្យដិតដល់ទៅ គ្រប់ការងារចិញ្ចឹមជីវិតតាមផ្លូវសុចរិតទាំងអស់សុទ្ធតែប្រព្រឹត្តទៅជាប្រយោជន៍ដល់ខ្លួនឯងផង និងជាកិត្តិយសរបស់ប្រទេសជាតិទាំងមូលផង ព្រោះគេអាចដឹងថាប្រទេសមួយរីកចម្រើន គឺគេវាស់កម្រិតជីវភាពរបស់នៅរបស់ប្រជាជននោះឯង។ សូមមនុស្សគ្រប់គ្នា មានការងាររបស់ខ្លួនជាទីពឹង សូមកុំពឹងដង្ហើមអ្នកដទៃដកឲ្យសោះ។ ដកស្រង់ចេញពីសៀវភៅ ប្រយោជន៍បីប្រការ ដោយ៥០០០ឆ្នាំ |