អានអត្ថបទ
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ១៣,៣២០ ដង)
ធម៌ជាគ្រឿងកំចាត់នីវរណៈ ៥

|
ធម៌ជាគ្រឿងកំចាត់នីវរណៈ ៥
១. កាមឆន្ទនីវរណៈ កំចាត់ដោយអសុភនិមិត្ត សេចក្ដីសម្គាល់ថា មិនល្អមិនស្អាត។ ម្យ៉ាងទៀត ធម៌ ៦ ប្រការ លោកពោលថាជាធម៌សម្រាប់លះកាមឆន្ទនីវរណៈ គឺ៖ ក). អសុភនិមិត្ត ឧគ្គហោ រៀននិមិត្តក្នុងអសុភកម្មដ្ឋាន ខ). អសុភភាវនានុយោគោ ខំចម្រើនអសុភកម្មដ្ឋាន គ). ឥន្ទ្រិយេសុ គុត្តទ្វារតា សង្រួមទ្វារក្នុងឥន្ទ្រិយទាំង ៦ ឃ). ភោជនេ មត្តញ្ញុតា ដឹងប្រមាណក្នុងភោជន ង). កល្យាណមិត្តា ភប់ប្រសព្វនឹងកល្យាណមិត្ត ច). សប្បាយកថា និយាយសំដីដែលជាទីសប្បាយ គឺពាក្យដែលគួរនិយាយ ២. ព្យាបាទនីវរណៈ កំចាត់ដោយមេត្តាភាវនាការចម្រើនមេត្រីចិត្តទៅរកសត្វទាំងឡាយទាំងពួង។ ម្យ៉ាងទៀត ធម៌ ៦ ប្រការ លោកពោលថាជាធម៌សម្រាប់លះព្យាបាទនីវរណៈ គឺ៖ ក). មេត្តានិមិត្តស្ស ឧគ្គហោ រៀននិមិត្តក្នុងមេត្តា ខ). មេត្តាភាវនានុយោគោ ខំចម្រើនមេត្តាភាវនា គ). កម្មស្សកតាបច្ចវេក្ខណា ពិចារណាសេចក្ដីដែលសត្វមានកម្មជារបស់ៗខ្លួន ឃ). បដិសង្ខាពហុលតា ខំរំពឹងពិចារណាច្រើនដង ង). កល្យាណមិត្តតា ភប់ប្រសព្វនឹងកល្យាណមិត្ត ច). សប្បាយកថា និយាយតែសម្តីដែលជាទីសប្បាយគឺពាក្យដែលគួរនិយាយ ៣. ថីនមិទ្ធនីវរណៈ កំចាត់បង់ដោយបណ្ដុះសេចក្ដីព្យាយាមឲ្យមានឡើង។ ម្យ៉ាងទៀត លោកពោលថាធម៌ ៦ ប្រការជាធម៌សម្រាប់លះថីនមិទ្ធនីវរណៈ គឺ៖
ក). អតិភោជនេ និមិត្តគ្គាហោ កាន់យកនិមិត្ត គឺនឹកសង្កេតក្នុងការបរិភោគច្រើនពេក ខ). ឥរិយាបថសម្បរិវត្តនតា ខំផ្លាស់ប្ដូរឥរិយាបថឲ្យបានស្រួល គ). អលោកសញ្ញាមនសិការោ មនសិការៈអលោកសញ្ញា គឺខំធ្វើចិត្តឲ្យស្វាង ឃ). អព្តោកាសវាសោ នៅតែក្នុងទីវាល ទីទំនេរ ង). កល្យាណមិត្តតា ភប់ប្រសព្វតែនឹងកល្យាណមិត្ត ច). សប្បាយកថា និយាយតែសម្ដីដែលជាទីសប្បាយគឺពាក្យដែលគួរនិយាយ។ ៤. ឧទ្ធច្ចកុក្កុច្ចនីវរណៈ កំចាត់បង់ដោយធ្វើចិត្តឲ្យស្ងប់។ ម្យ៉ាងទៀត ធម៌ ៦ ប្រការ លោកពោលថាជាធម៌សម្រាប់លះឧទ្ធច្ចកុក្កុច្ចនីវរណៈ គឺ៖ ក). ពហុស្សុតតា សភាពជាបុគ្គលបានស្ដាប់ បានរៀនច្រើន ខ). បរិបុច្ឆកតា ប្រឹងសាងសួរនូវកិច្ចដែលគួរ និងមិនគួរ គ). វិនយេ បកញ្ញុតា ចេះដឹងស្ទាត់ក្នុងវិន័យ ឃ). វុឌ្ឍសេវតា ចូលទៅរកលោកអ្នកចាស់ព្រឹទ្ធាចារ្យឬលោកអ្នកចម្រើនដោយគុណ ង). កល្យាណមិត្តតា ភប់ប្រសព្វតែនឹងកល្យាណមិត្ត ច). សប្បាយកថា និយាយតែសម្ដីដែលជាទីសប្បាយគឺពាក្យដែលគួរនិយាយ។ ៥. វិចិកិច្ឆានីវរណៈ កំចាត់បង់ដោយយោនិសោមនសិការៈ ធ្វើទុកក្នុងចិត្តដោយយោបល់។ ម្យ៉ាងទៀត ធម៌ ៦ ប្រការ លោកពោលថាជាធម៌សម្រាប់លះវិចិកិច្ឆានីវរណៈ គឺ៖ ក). ពហុស្សុតតា សភាពជាបុគ្គលបានស្ដាប់ បានរៀនច្រើន ខ). បរិបុច្ឆកតា ប្រឹងសាកសួរនូវកិច្ចដែលគួរ និងមិនគួរ គ). វិនយេ បកតញ្ញុតា ចេះដឹងស្ទាត់ក្នុងវិន័យ ឃ). អធិមោក្ខពហុលតា ច្រើនដោយការបង្អោនចិត្តជឿ ង). កល្យាណមិត្តតា ភប់ប្រសព្វតែនឹងកល្យាណមិត្ត ច). សប្បាយកថា និយាយតែសម្ដីដែលជាទីសប្បាយគឺពាក្យដែលគួរនិយាយ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |