អានអត្ថបទ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៧,៧៤៣ ដង)
រឿងវិសមលោមរាជកុមារ

|
រឿងវិសមលោមរាជកុមារ
(ផលនៃការធ្វើទានដោយសេចក្ដីជ្រះថ្លា) កាលសាសនាព្រះសម្ពុទ្ធព្រះនាមកស្សប មានបុរសម្នាក់បានស្ដាប់ធម៌ទេសនា ព្រះសម្ពុទ្ធមានសេចក្ដីជ្រះថ្លាបានធ្វើទានប្រគេនចង្ហាន់ចំពោះព្រះសង្ឃមានព្រះពុទ្ធជាប្រធាន លុះស្លាប់ទៅបានកើតក្នុងសុគតិភព អស់កាលជាយូរអង្វែងដល់មក សាសនាព្រះសម្ពុទ្ធគោតម បរមគ្រូរបស់យើងនេះ ព្រះអង្គបរិនិព្វានផុតទៅហើយបាន មកកើត ជាព្រះរាជបុត្រ ព្រះបាទធម្មាសោករាជស្ដេចចុល្លចក្រ មានរូបកាយល្អ អស្ចារ្យមានរោម ក្រញាញ់ប្រទាក់ គ្នាបានជាព្រះរាជបិតាព្រះរាជទាននាមថា វិសម លោមរាជកុមារ ដល់ចំរើនវ័យឡើងមានព្រះជន្ម ១៦ ឆ្នាំរូបរាងកាយក៏រឹតតែល្អ មានកំលាំងខ្លាំងអស្ចារ្យ អាចហក់លោកទៅព្ធដ៏អាកាសបានកំពស់ ១៨ហត្ថ។ ថ្ងៃមួយព្រះបាទធម្មាសោករាជ បានប្រជុំព្រះរាជាចំនួន ៨ ហ្មឺន ៤ ពាន់ព្រះអង្គដែល ជាស្ដេចចំណុះលុះមកជួបជុំ ហើយក៏នាំទៅលេងព្រៃហេមពាន្ត ដើម្បីកំសាន្តសប្បាយ ឯវិសមលោមរាជកុមារបានយាង ទៅជាមួយដែរ។ ព្រះបាទធម្មាសោកដែលមាន ស្ដេច៨ ហ្មឺន ៤ពាន់អង្គ ចោមរោមជាបរិវារ ស្ដេចយាងទៅដល់ស្ទឹងចន្ទភាតា ទ្រង់ឈប់សម្រាកនៅទីនោះ។ ឯស្ទឹងចន្ទភាតានោះជាស្ទឹងធំជាស្ទឹងសម្បូណ៍ទៅដោយ សត្វសាហាវគ្រប់មុខ ។ ព្រះបាទ ធម្មាសោក ទតឃើញស្ទឹងសម្បូណ៍នោះគួរឲ្យខ្លាច ហើយទ្រង់មានព្រះតម្រាស់ត្រាស់សួរពួកបរិវារ ទាំងអស់ថាអ្នកណាហ៊ានហែលកាត់ ស្ទឹងនេះទេ? ព្រះរាជាទាំង ៨ ហ្មឺន៤ ពាន់ព្រះអង្គដែល ពូកែៗទាំងប៉ុន្មាន មិនហ៊ានហែលឆ្លងឡើយ មានតែវិសមលោម រាជកុមារមួយ ចូលទៅថ្វាយបង្គំទូលថា ហ៊ានហែលឆ្លង។ព្រះរាជបិតាត្រាស់ថា បើបាឯងហ៊ានមែន ហែលឆ្លងទៅ ! ហើយហែលមកវិញ យើងចាំនៅក្នុងទីនេះ។ វិសមលោមរាជកុមារ កាលបើព្រះរាជបិតាអនុញ្ញាតហើយក៏ផ្លាស់គ្រឿងអម្ពរ ទុកនៅសល់តែខោទ្រនាប់ខ្លី ( ស្លីប ) ថ្វាយបង្គំ បិតាហើយហក់ពីមាត់ច្រាំងទៅលើ អាកាសបាន ១៨ ហត្ថទើបលោតចុះទៅក្នុងស្ទឹងហែលឆ្លងទៅត្រើយនាយ ហើយហែល ត្រឡប់មកវិញ មានសន្ទុះរហ័សដូចព្រួញ ពួកសត្វសាហាវទាំងឡាយមានក្រពើ ឆ្លាមម្ករជាដើមស្ទុះដេញខាំ វិសមលោមរាជកុមារយកដៃទះបាក់ខ្លួនប្រាណ ខ្ទេចខ្ទី ស្លាប់ជាច្រើនលុះមកដល់ ហើយឡើងទៅថ្វាយបង្គំព្រះរាជបិតាៗ នឹកស្ងើចអស្ចារ្យក្រៃ ពេកថាព្រះរាជបុត្រ នេះមានឫទ្ធី ច្រើនណាស់ គ្មានបុគ្គលណាស្មើឡើយឯស្ដេច ទាំង៨ ហ្មឺន៤ពាន់ព្រះអង្គ ក៏អស្ចារ្យស្លុតព្រះទ័យ។ គ្រាក្រោយមកព្រះរាជបិតានឹកខ្លាចថា ព្រះរាជបុត្រនេះនឹងសម្លាប់អញយក រាជសម្បត្តិបានដោយងាយ បើដូច្នោះអញត្រូវតែសម្លាប់ចោល លុះដល់ត្រឡប់មក នគរវិញ ក៏ប្រើរាជអាមាត្យឲ្យចាប់វិសមលោមរាជកុមារ ជាព្រះរាជបុត្រដាក់គុកបង្អត់ បាយឲ្យតែ បន្តិចៗកុំឲ្យតែឆាប់ស្លាប់ ដល់គ្រប់៤ខែ ព្រះរាជាឲ្យរាជអមាត្យចងឫស្សី ៦០បាច់ បង្កប់ដែកនៅខាងក្នុងហើយតម្រៀបបញ្ឈរទុកក្នុងទីមួយទើបឲ្យទៅយក ព្រះរាជកុមារ ពីគុកប្រាប់ថាព្រះរាជបិតាឲ្យយកព្រះខ័នកាប់ឫស្សីទាំង៦០បាច់ ឲ្យដាច់ជាកំណាត់ប្រវែង បួនៗធ្នាប់បើកាត់មិនដាច់ទេនឹងសម្លាប់ចោល។ វិសមលោមរាជកុមារ ប្រាប់រាជអមាត្យថា រកអាហារមកឲ្យខ្ញុំបរិភោគសិនព្រោះ៤ខែហើយ មិនដែលបានអាហារបរិភោគឆ្អែតម្ដងទេ។ រាជអមាត្យថាមិនបានទេ។ វិសមលោមរាជកុមារនឹកក្នុងចិត្តថា បើបានអាហារបរិភោគឲ្យឆ្អែត អញនឹងកាប់ ឫស្សីឲ្យដាច់ ជាកំណាត់បួនៗ ធ្នាប់កុំ ឲ្យសល់ កំពុងតែគិតបណ្ដើរដើរបណ្ដើរ ក៏ឃើញស្រះមួយ មានទឹកថ្លាល្អហើយសុំអមាត្យ ផឹកអមាត្យព្រមឲ្យផឹក ក៏ចុះទៅក្នុងស្រះមុជទៅកាយ ភក់ស៊ីដរាបដល់ឆ្អែត ទើបឡើងមកវិញទៅថ្វាយបង្គំ ព្រះរាជបិតាៗ ថាបើបាឯង កាត់ឫស្សី ៦០ បាច់នេះដាច់ដូចបង្គាប់មែន នឹងលើកលែងឲ្យរួចទោសបើកាត់ មិនដាច់ទេយកទោសដល់ជីវិត។ វិសមលោមរាជកុមារទូលថាកាត់ដាច់ទើបកាន់ ព្រះខ័ន ហក់ស្ទុះទៅព្ធដ៏អាកាស កំពស់ ៨០ ហត្ថចុះមកវិញកាត់ឫស្សីទាំង ៦០ បាច់ដាច់ ជាកំណាត់ ៤ៗ ធ្នាប់ហើយបានឮសូរកិណិៗ ដឹងថាគេបង្កប់ដែកនៅក្នុងក៏បោះ ព្រះខ័ន ចោលស្រែកទ្រហោយំវិសមលោមរាជកុមារប្រាប់ថាខ្ញុំគ្មានអ្នកណាមួយស្រឡាញ់រាប់ អានខ្ញុំទេ បើមានខ្លះមុខជាប្រាប់ខ្ញុំនឹង កាប់ដាច់ជាងនេះទៅទៀត។ រាជបិតាឮដូច្នោះ ហើយទ្រង់មានព្រះទ័យមេត្តាសោមនស្សចំពោះឥទ្ធិពលរបស់ ព្រះរាជបុត្រក៏ព្រះរាជទានសម្បត្តិជាច្រើនអភិសេកឲ្យឡើងឋានៈជាឧបរាជ។ វិសមលោមរាជកុមារកាលបើបានសុខស្រួលហើយក៏មានសទ្ធាជ្រះថ្លា ចំពោះព្រះពុទ្ធសាសនា បានបរិច្ចាគទានរក្សាសីលទំនុកបំរុងព្រះសង្ឃ មានព្រះមោគល្លី បុត្រតិស្សត្ថេរ ជាដើមដរាបដល់ទីបំផុងព្រះជន្មហោង។ ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល ដោយ៥០០០ឆ្នាំ |