អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១២,៣០៨ ដង)
ទោសនិងគុណនៃការបរិភោគ

|
ទោសនិងគុណនៃការបរិភោគ
ការពិចារណាដោយយោបល់ក្នុងវេលាដែលកំពុងបរិភោគភត្តាហារនោះ ជាហេតុមិនឲ្យវង្វេងក្នុងអំណាចតណ្ហា ( សេចក្ដីច្រួលច្រាល់ ) បានប្រព្រឹត្តទៅដោយសេចក្ដីល្មមល្អ។ បណ្ដាសត្វទាំងឡាយទាំងពួងក្នុងលោករមែងរស់ដោយសារអាហារ បើមិនបរិភោគអាហារក៏មិនអាចរស់នៅបាន។ ព្រោះហេតុដូច្នោះបានជា អាហារនេះជាវត្ថុដែលត្រូវបរិភោគខានមិនបាន, ប៉ុន្តែបើបរិភោគមិនដឹងប្រមាណ គឺតិចពេក ច្រើនពេក ឬឥតពិចារណា ក៏ធ្វើឲ្យកើតទុក្ខវេទនាមិនស្រួលដែរ ទាំងជាផ្លូវចម្រើននៃអាសវៈផង, កាលបើបរិភោគឲ្យល្មមសមគួរ និងមានសេចក្ដីត្រិះរិះដោយឧបាយនៃប្រាជ្ញាដ៏ប្រពៃ ក៏ប្រព្រឹត្តទៅដើម្បីសេចក្ដីស្រួល រម្ងាប់ទុក្ខវេទនា, ធ្វើរាងកាយឲ្យកើតសេចក្ដីសប្បាយ ព្រោះវេទនាជាបច្ច័យឲ្យកើតតណ្ហា, កាលបើទុក្ខវេទនាស្ងប់ហើយ តណ្ហាសេចក្ដីច្រួលច្រាស់ក៏ស្ងប់ទៅផង។ហេតុដូច្នោះ ការដឹងប្រមាណក្នុងការបរិភោគទើបប្រព្រឹត្តទៅដើម្បីលះបង់អាសវៈដែលមិនទាន់កើត មិនឲ្យកើត, អាសវៈដែលកើតហើយ ឲ្យសាបសូន្យទៅបាន។ ការដែលប្រតិបត្តិឲ្យត្រូវតាមសភាវៈជាអ្នកដឹងប្រមាណក្នុងភោជននោះ ជាការប្រតិបត្តិមិនខុស គឺសុទ្ធតែត្រូវ ហើយជាការប្រតិបត្តិមានកម្រៃពេក។ សេចក្ដីនេះ សមតាមធម្មទេសនាដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថា ៖ កប្បណកប្បដិបទា មាន ៣ យ៉ាង គឺ៖ ១. ឥន្ទ្រិយសំវរៈ សម្រួមឥន្ទ្រិយ ៦ គឺ ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្ត មិនឲ្យកើតសោមនស្សទោមនស្សក្នុងវេលាដែលឃើញរូប ស្ដាប់សំឡេង ហិតក្លិនភ្លក្សរស ពាល់ត្រូវផោដ្ឋព្វៈ ដឹងធម្មារម្មណ៍ ២. ភោជនេ មត្តញ្ញុតា ដឹងប្រមាណក្នុងការបរិភោគតែសមគួរ មិនច្រើន មិនតិច ៣. ជាគរិយានុយោគ ប្រកបសេចក្ដីភ្ញាក់រឭករឿយៗ គឺដេកតិច ភ្ញាក់រឭកច្រើន, ព្យាយាមជម្រះចិត្តឲ្យជ្រះថ្លាស្អាតផូរផង់។ ន័យមួយទៀត សេចក្ដីដឹងប្រមាណក្នុងភោជន ជាគុណធម៌ដ៏ថ្លៃថ្លា អាចស្រង់សត្វដែលលង់នៅក្នុងសមុទ្ទ គឺវដ្ដសង្សារឲ្យអណ្ដែតត្រសែតឡើយដាក់ដល់ត្រើយ គឺព្រះនិព្វានបាន។ សេចក្ដីនេះ សមដូចន័យដែលព្រះទសពលញ្ញាណទ្រង់សំដែងថា៖ ចតូហិ ភិក្ខវេ ធម្មេហិ សមន្មាគតោ ភិក្ខុ អភព្វោ បរិហានាយ និព្វានស្ស សន្តិកេ ម្នាលភិក្ខុទាំងឡាយ ! ភិក្ខុដែលប្រកបដោយធម៌ ៤ ប្រការជាអ្នកមិនគួរនឹងសាបសូន្យចាកគុណធម៌ទាំងឡាយ មានឈានជាដើមរមែងបានឡើងឈ្មោះថា ជាអ្នកឋិតនៅក្នុងទីជិតនៃព្រះនិព្វាន។ កតមេហិ ធម្មេហិ ធម៌ ៤ ប្រការនោះ តើធ្វើដូចម្ដេចខ្លះ? ឥធ ភិក្ខវេ ភិក្ខុ សីលសម្បន្នោ ហោតិ ឥន្ទ្រិយេសុ គុត្តទ្វារោ ហោតិ, ភោជនេ មត្តញ្ញូ ហោតិ, ជាគរិយំ អនុយុត្តោ ហោតិ ម្នាលភិក្ខុទាំងឡាយ ! ( ធម៌ ៤ ប្រការនោះ ) គឺ ភិក្ខុក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសីល ១, ជាអ្នកបានគ្រប់គ្រងរក្សាទ្វារក្នុងឥន្ទ្រិយទាំងឡាយ ១, ជាអ្នកដឹងប្រមាណក្នុងភោជន ១, ជាអ្នកប្រកបសេចក្ដីភ្ញាក់រឭករឿយៗ គឺដេកតិចភ្ញាក់រឭកច្រើន ១។ ពាក្យដែលពន្យល់ឲ្យស្គាល់ការដឹងប្រមាណក្នុងភោជនដូចន័យដែលពោលមកហើយនេះ រាប់ថាជា ពុទ្ធសាសនា ពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គឺព្រះពុទ្ធជាម្ចាស់រាល់ព្រះអង្គដែលទ្រង់បានត្រាស់ក្នុងកាលទាំងពួង រមែងទ្រង់ប្រដៅដូច្នេះ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |