អានអត្ថបទ
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១២,៤២១ ដង)
ការសូមស្មាលាទោសនឹងព្រះអរិយៈ

|
ការសូមស្មាលាទោសនឹងព្រះអរិយៈ
បើមានភិក្ខុដទៃណាមួយ ពោលតិះដៀលព្រះអរិយបុគ្គល, ភិក្ខុនោះ ត្រូវទៅសូមស្មាលាទោសនឹងលោក, បើខ្លួនចាស់ជាងកុំបាច់សំពះ គ្រាន់តែនិយាយសូមស្មាលាទោសដោយពាក្យថា " ខ្ញុំបានពោលពាក្យដដូច្នេះខ្លះ ដូច្នេះខ្លះ ចំពោះលោកដ៏មានអាយុ សូមលោកម្ចាស់អត់ទោសឲ្យខ្ញុំ " ។ បើខ្លួនខ្ចីជាង ត្រូវក្រាបបង្គំហើយអង្គុយច្រហោងប្រណម្យអញ្ជលី សូមស្មាលាទោសដោយពាក្យថា ៖ " ទានប្រោស ! ខ្ញុំព្រះករុណាបានពោលពាក្យដូច្នេះខ្លះ ដូច្នេះខ្លះ ចំពោះលោកម្ចាស់, សូមលោកម្ចាស់អត់ទោសឲ្យខ្ញុំព្រះករុណា " ។ បើប្រសិនជាលោកមិនអត់ទោសឲ្យ ឬក៏លោកនិមន្តបាត់ទៅ ត្រូវទៅសូមស្មាលាទោសក្នុងសំណាក់នៃភិក្ខុទាំងឡាយដែលនៅក្នុងវត្ត, បើខ្លួនចាស់ជាងលោកទាំងនោះ គ្រាន់តែឈរស្មាលាទោស បើខ្ចីជាង ត្រូវអង្គុយច្រហោងប្រណម្យអញ្ជលី ហើយសូមស្មាលាទោសដោយពាក្យថា ៖ " ទានប្រោស ! ខ្ញុំព្រះករុណាបានពោលពាក្យដូច្នេះ ខ្លះ ដូច្នេះខ្លះ ចំពោះលោកក៏មានអាយុឈ្មោះនោះ, សូមលោកដ៏មានអាយុឈ្មោះនោះអត់ទោសឲ្យខ្ញុំព្រះករុណា " ។ បើលោកឈ្មោះនោះបរិនិព្វានទៅ ត្រូវទៅដល់គ្រែដែលជាទីបរិនិព្វាន ដរាបដល់ទីដែលធ្វើឈាបនកិច្ចសពលោក ហើយសូមស្មាលាទោសនឹងលោកចុះ, បើបានធ្វើយ៉ាងនេះ ទើបរួចទោសមិនឃាត់សួគ៌ មិនឃាត់មគ្គផលព្រះនិព្វានទេ នៅជាប្រក្រតីដូចដែលវិញ។ ទោសនៃឧបវាទកម្ម ការពោលតិះដៀលនេះ បើភិក្ខុណាមួយបានជាជ្រុលធ្វើទៅហើយ លុះមានសេចក្ដីភិតភ័យជាខាងក្រោយ ត្រឡប់មកសូមស្មាលានឹងព្រះអរិយៈ ដែលខ្លួនតិះដៀលនោះវិញ ទើបរួចចាកទោសបាន មិនឃាត់សួគ៌ និងមគ្គផលព្រះនិព្វានឡើយ។ បើពោលតិះដៀលហើយ មិនត្រឡប់សូមស្មាលាទោសវិញទេ, កម្មនោះ ក៏ឃាត់ទាំងសួគ៌ ទាំងមគ្គផលព្រះនិព្វាន ដូច ជម្ពូកាជីវក ។ សូមនាំរឿងនោះមកសំដែងជាឧទាហរណ៍ ដូចតទៅនេះ ៖ រឿង ជម្ពូកាជីវក នាកាលកន្លងទៅហើយ ក្នុងសាសនាព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមកស្សប មានកុដុម្ពីម្នាក់ធ្វើវត្ត ១ ប្រគេនភិក្ខុជាថេរៈ ១ រូបហើយផ្គត់ផ្គង់ចតុប្បច្ច័យ។ លុះចំណេរមកខាងក្រោយ មានភិក្ខុ ១ រូបជាព្រះខីណាស្រព ត្រេចទៅបិណ្ឌបាតទៀបទ្វារផ្ទះនៃ កុដុម្ពីនោះ កុដុម្ពីបានឃើញកើតសេចក្ដីជ្រះថ្លា ក៏ប្រគេនចង្ហាន់, ប្រគេនសំពត់សាដក, ជួលជាងមកកោរសក់ប្រគេន, ប្រគេនគ្រែសំណឹង ហើយនិមន្តលោកឲ្យគង់នៅក្នុងវត្តនោះ។ ឯលោកចៅអធិការវត្ត កាលបើបានឃើញគេរៀបសក្ការៈដូច្នោះមិនសប្បាយចិត្ត, ដើរចូលទៅដល់ទីសំណឹងរបស់ព្រះថេរៈនោះក៏ពោលតិះដៀល ជេរប្រទេចដោយពាក្យជេរ ៤ យ៉ាងដូច្នេះថា ៖ ១. នែ៎ ! អាវុសោអាគន្តុកៈ ប្រស្ដែងមិនគួរឆាន់ចង្ហាន់ក្នុងផ្ទះទេ, ស៊ីលាមកវិញជាជាង ២. មិនគួរឲ្យកុដុម្ពីជួលជាងមកកោរសក់ឲ្យទេ, កោសដោយធាងត្នោតវិញជាជាង ៣. មិនគួរឲ្យកុដុម្ពីប្រគេនសំពត់សាដកទេ, អាក្រាតវិញជាជាង ៤. មិនគួរដេកលើគ្រែដែលកុដុម្ពីនាំមកឲ្យនោះទេ, ដេកផ្ទាល់នឹងផែនដីវិញជាជាង ថ្ងៃក្រោយមកទៀត កុដុម្ពីនិមន្តលោកទាំងអស់ទៅឆាន់។ ចៅអធិការមិននិមន្តព្រះថេរៈទៅទេ, វេលារៀបនឹងទៅគ្រាន់តែគោះរគាំងដោយខ្នងក្រចកបន្តិចៗ ហើយក៏ទៅ ។ កាលបើកុដុម្ពីសួររក ប្រាប់ថា ៖ - " កុំមានប្រសាសន៍ឡើយ ភិក្ខុដែលជាជីតុនរបស់អ្នកនោះ ជាមនុស្សខ្ចិលច្រអូសណាស់ មិនល្អទេ, ចូលទៅដេកក្នុងបន្ទប់តាំងពីព្រលប់ទាល់ភ្លឺ មកដល់ពេលនេះ មិនទាន់ក្រោកទេ អាត្មាក្រោកឡើងពីព្រលឹមគោះរគាំងហៅ ក៏មិនដឹងខ្លួនសោះ " ។ ចំណែកកុដុម្ពីមិនជឿពាក្យនោះឡើយ ។ កាលបើភិក្ខុចៅធិការនោះឆាន់ហើយ គេក៏យកបាត្រមកលាងឲ្យស្អាតល្អ រួចដាក់ចង្ហាន់ដ៏ថ្មោងថ្មីទៅប្រគេនព្រះថេរៈនោះ ។ លុះភិក្ខុចចៅអធិការដើរដល់ពាក់កណ្ដាលផ្លូវ ក៏គិតថា៖ - " បើភិក្ខុនោះបានឆាន់ចង្ហាន់យ៉ាងនេះហើយ មុខជានឹងក្រាញនៅក្នុងទីនេះឯង " ។ គិតហើយក៏ចាក់ចង្ហាន់នោះចោលទៅ ។ លុះទៅដល់វត្តស្រាប់តែរកព្រះថេរៈនោះមិនឃើញ។ ព្រោះតែធ្វើកម្មអាក្រក់ប៉ុណ្ណោះ សូម្បីភិក្ខុជាចៅអធិការនោះធ្វើសមណធម៌អស់ ២ ម៉ឺនឆ្នាំ ក៏ដោះខ្លួនមិនរួច។ លុះអស់អាយុហើយទៅកើតក្នុងអវីចិមហានរក សោយទុក្ខយ៉ាងខ្លាំងអស់ ១ ពុទ្ធន្តរ។ ដល់មកក្នុងពុទ្ធុប្បាទនេះទើបបានឡើងមកកើតក្នុងត្រកូល ១ ក្នុងក្រុងរាជគ្រឹះ ឈ្មោះ ជម្ពូកៈ អាក្រាតកាយតាំងពីតូចរហូតដល់ធំ មិនស្លៀកដណ្ដប់, មិនស៊ីអាហារ ស៊ីតែលាមក, ដេកលើផែនដី, វេលាសក់វែងក៏កោសដោយធាងត្នោត។ មាតាបិតានាំទៅឲ្យនៅក្នុងពួកអាជីវក គេហៅថា ជម្ពូកាជីវក លុះពួកអាជីវកគេដឹងថាស៊ីតែលាមកដូច្នោះគេក៏បណ្ដេញចេញចាកពួកឲ្យទៅក្នុងព្រៃតែម្នាក់ឯង។ អស់ពួកមហាជនដែលល្ងង់ ៗ សំគាល់ថាព្រះអរហន្តវិសេស ក៏តាំងតែងអាហារភោជន មកសុំអង្វរឲ្យបរិភោគ, គាត់មិនបរិភោគឡើយ គ្រាន់តែយកចុងស្បូវចាក់ភោជននោះ ៗ ហើយលិទ្ធនឹងចុងអណ្ដាត ។ លុះវេលាស្ងាត់ពីគេក៏ទៅស៊ីលាមកដែលគេចោលក្នុងព្រៃ, ប្រព្រឹត្តដូច្នេះ ពេញ ៥៥ ឆ្នាំ ។ ព្រះបរមគ្រូជាម្ចាស់ទ្រង់ជ្រាបឧបនិស្ស័យនៃជម្ពូកាជីវកនោះ ក៏ទ្រង់ស្ដេចទៅប្រោស ឲ្យបានសម្រេចព្រះអរហត្តព្រមទាំងបដិសម្ភិទាដោយផលដែលធ្លាប់ចម្រើនសមណធម៌មកពីដើម។ ឧបវាទកម្ម ការតិះដៀលគេដោយវាចា រមែងមានទោសយ៉ាងធ្ងន់ ដូចពោលមកនេះ ។ ព្រោះហេតុដូច្នេះបានជាព្រះដ៏មានព្រះភាគបរមគ្រូជាម្ចាស់ ទ្រង់ប្រដៅពុទ្ធបរិស័ទមិនឲ្យធ្វើឡើយ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |