អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៩,៧៤៧ ដង)
សមាធិជាបទដ្ឋាននៃបញ្ញា

|
មានអ្នកយល់ច្រឡំច្រើនណាស់អំពីពាក្យថា សមាធិ ជាបទដ្ឋានរបស់បញ្ញា គឺយល់ច្រឡំថា ត្រូវធ្វើសមាធិឱ្យ បានសិន ចាំធ្វើវិបស្សនាតាមក្រោយ ។ តាមពិតពាក្យនេះមិនមែនមានន័យ មានសេចក្តី ដូច្នេះទេ ព្រះសម្មាសម្ពុទ្ធពុំបានសំដែងថា មុននឹងចំរើន វិបស្សនា អ្នករាល់គ្នាត្រូវធ្វើសមាធិសិន ព្រះអរិយៈទាំង ឡាយក៏ពុំបានសំដែងយ៉ាងនេះដែរ ។
ពាក្យថា សមាធិជា បទដ្ឋានរបស់បញ្ញា គឺដោយសេចក្តីថា កាលបុគ្គលមាន ប្រក្រតីចំរើនសតិប្បដ្ឋាន ៤ រឿយៗក្នុងជីវិតប្រចាំថ្ងៃ ទើប សម្មាសមាធិដែលបុគ្គលចំរើនដោយល្អតាមចរិតអធ្យាស្រ័យ នោះ ជាគ្រឿងទ្រធ្វើឱ្យមានប្រយោជន៍ចំពោះបញ្ញា គឺ ទិដ្ឋិវិសុទ្ធិ បានដល់សេចក្តីបរិសុទ្ធក្នុងការឃើញនាមរូប ។ បើបុគ្គលណាមិនបានចំរើនសតិប្បដ្ឋានរលឹករឿយៗ នូវរូបធម៌នាមធម៌ជាប្រក្រតីគ្រប់ឥរិយាបថបួនទេនោះ រូប សមាបត្តិក្តី អរូបសមាបត្តិក្តី មិនមានប្រយោជន៍អ្វីដល់ បញ្ញាទិដ្ឋិវិសុទ្ធិឡើយ ពោលគឺ សមាបត្តិនោះ មិនអាចជា បទដ្ឋាននៃបញ្ញាបានទេ ប្រៀបបីដូចយកជីទៅចាក់លើដី ទទេ ទោះបីជីច្រើនប៉ុណ្ណាៗក្តី ក៏ដំណាំមិនមែនដុះអំពីជីនោះ ឡើយ ។ សីលប្រៀបដូចជាផែនដី ស្រែចំការ សមាធិប្រៀប ដូចជីសំរាប់ដាក់ដំណាំឱ្យបានល្អ បញ្ញាប្រៀបដូចដំណាំមាន ដូង ចេក ក្រូច ខ្នុរ ជាដើម ដំណាំមិនមែនដុះចេញអំពីជីទេ គឺត្រូវមានពូជនៃដំណាំនោះពិតៗ ចំណែកជី គ្រាន់តែសំរាប់ ជួយឱ្យដំណាំល្អតែប៉ុណ្ណោះ ប៉ុន្តែបើមិនមានដំណាំទេនោះ ជី ក៏មិនមានប្រយោជន៍អ្វីដែរ ។ ម៉្យាងទៀត សមាធិប្រៀបដូចជាថ្មសំលៀងកាំបិត បញ្ញាប្រៀបដូចដាវសំរាប់កាប់ចាក់ខ្មាំងសត្រូវ ដាវមិនមែន កើតអំពីថ្មទេ គឺកើតអំពីដែក វាដោយឡែកផ្សេងអំពីថ្ម ចំណែកថ្មគ្រាន់តែសំរាប់សំលៀងឱ្យដាវមុតតែប៉ុណ្ណោះ ដូច្នេះត្រូវតែស្លដែកឱ្យកើតបានជាដាវកាំបិតពិតៗ យ៉ាង ណា វិបស្សនាត្រូវតែកើតមកអំពីសតិប្បដ្ឋានបដិបត្តិ ដោយ ផ្តើមសតិរលឹករឿយៗ សង្កេតពិនិត្យជីវិតប្រចាំថ្ងៃ តាំងតែ អំពីសតិទន់ខ្ចី ដូចជាផ្សាំបណ្តុះពូជដំណាំ ឬ ដូចជាការស្ល ដែកដើម្បីធ្វើដាវដែរ ។ បុគ្គលណាធុញទ្រាន់ មិនយកចិត្តទុក ដាក់ក្នុងការចំរើនសតិប្បដ្ឋាន៤ បុគ្គលនោះ ឈ្មោះថាខ្ពើមឆ្អើមអរិយមគ្គអង្គ ៨ ពិតៗ ។ ទោះជាយ៉ាងណាក៏ដោយ បញ្ញាត្រូវតែមាន យោនិសោមនសិការ ជាបទដ្ឋាន គឺធ្វើទុកក្នុងចិត្តដោយ ទៅតាមទំនងនៃហេតុផលចំពោះឧបាទានក្ខន្ធ ៥ កាលបើ មានបទដ្ឋានយ៉ាងនេះ អាចឱ្យសំរេចនូវសោតាបត្តិមគ្គ ជាដើមបាន សូម្បីមិនមានសមាបត្តិជាជំនួយក៏ដោយ ។ បុគ្គលសម័យព្រះពុទ្ធគង់ព្រះជន្មនៅបានសំរេចមគ្គ ផលច្រើនជាអនេក ដោយមិនមានបានសំរេចឈានសមាបត្តិមាន បឋមជ្ឈានជាដើម ឧទាហរណ៍ដូចជា ឧបាសិកា វិសាខា ឬ ឧបាសក អនាថបិណ្ឌិកៈ ៘ ជាអរិយបុគ្គល អស់ជិវិតទៅក៏មានបដិសន្ធិក្នុងកាមសុគតិភព ព្រោះមិន មានឈានសមាបត្តិហ្នឹងឯង ។ បុគ្គលមិនគួរហួងហែង សមាធិឡើយ ព្រោះនៅក្នុងសតិភាវនា គឺការចំរើនសតិប្បដ្ឋាន មានសមាធិជាខណិកសមាធិរួមជាមួយសតិ ។ សតិប្បដ្ឋានដែលនៅជាលោកិយ មានមគ្គអង្គ ៥ គឺ សម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មា សមាធិ ១ មគ្គអង្គ ៥នេះ កាលដែលចំរើនឱ្យច្រើនហើយ ក៏ រមែងបានគ្រប់នៅអង្គ ៨ប្រការជាលោកុត្តរ ព្រោះថា ការ ចំរើនសតិប្បដ្ឋាន ៤ គឺមហាកុសលញាណសម្បយុត្ត មាន តទង្គប្បហានជាកិច្ច មានព្រះនិព្វានជាទីបង្អោនទៅ នេះ ដោយសារមហាកុសលញាណសម្បយុត្ត គឺជាវិបស្សនាញាណ មានបរមត្ថធម៌ជាអារម្មណ៍ ។ វិបស្សនាញាណ មិនមែនមានពូជនៅ ក្នុងសមាបត្តិ៨ទេ ទោះជាសមាបត្តិណា មួយក៏ដោយ ពីព្រោះសមាបត្តិ ៨ មិនមាន អារម្មណ៍នាំឱ្យកើតវិបស្សនា មានតែសតិប្បដ្ឋានទេ ដែលមានអារម្មណ៍នាំមកនូវ វិបស្សនា ពុទ្ធបរិស័ទគួរសិក្សាសតិប្បដ្ឋាន សូត្រឱ្យបានច្បាស់លាស់ ។ បុគ្គលណាពោលថា ចំរើនសមាធិជា មុនសិន សឹមចំរើនវិបស្សនាជាក្រោយឈ្មោះ ថាពោលប្រឆាំងនឹងសតិប្បដ្ឋានសូត្រ ដែល សំដែងដោយព្រះសម្មាសម្ពុទ្ធ សតិថ្នាក់សតិប្បដ្ឋាន មានការស្តាប់ព្រះធម៌ចាំបានច្បាស់ លាស់ ហើយយល់ចូលចិត្តចំពោះសភាវធម៌ ពិតក្នុងជីវិតប្រចាំថ្ងៃជាបទដ្ឋាន ។ ព្រះអរហន្ត បរិបូណ៌ដោយសីលសមាធិបញ្ញា ដូច្នេះ សីលសមាធិបញ្ញា ដែលបរិបូណ៌ក្នុងអរហត្តមគ្គនោះ ព្រោះសតិប្បដ្ឋានបដិបត្តិ ។ សីលសមាធិបញ្ញា ឈ្មោះថា អនុបុព្វសិក្ខា គឺ សិក្ខាតាមលំដាប់ បានដល់លំដាប់តាំងអំពីសោតាបត្តិមគ្គ មក ។ សោតាបន្នបុគ្គល និង សកទាគាមិបុគ្គល បរិបូណ៌ ដោយសីលសិក្ខា តែមិនទាន់បរិបូណ៌ដោយសិក្ខាពីរទៀត ព្រះអនាគាមី បរិបូណ៌ដោយសីលសិក្ខា និង សមាធិសិក្ខា តែមិនទាន់ធ្វើឱ្យបរិបូណ៌នូវបញ្ញាសិក្ខា ។ អនុបុព្វសិក្ខា ដែលបរិបូណ៌តាមលំដាប់នៃមគ្គ ៤ ព្រោះអាស្រ័យសតិប្បដ្ឋានបដិបត្តិ មិនមែនព្រោះអាស្រ័យសេចក្តីប្រកាន់ តួខ្លួន ជាអ្នកធ្វើឱ្យបរិបូណ៌ទេ ។ បុគ្គលដែលមិនបានអប់រំ ចំរើនសតិប្បដ្ឋាន មិនបាន ដឹងថា ធម៌ទាំងឡាយកើតអំពីហេតុ ទេ រមែង ជាប់ដោយសេចក្តីប្រកាន់ថា ធម៌ទាំងឡាយកើត អំពីតួខ្លួនជាអ្នកធ្វើឱ្យកើតឡើង តាមពិត សីល សមាធិបញ្ញា មិនមានបរិបូណ៌សំរាប់បុថុជ្ជនទេ ដូច្នេះបើមិន អប់រំសតិប្បដ្ឋានជាប្រក្រតីគ្រប់ឥរិយាបថទាំងបួនទេ ពិត ជាមិនមានអនុបុព្វសិក្ខាឡើយ ។ អនុបស្សនា ៧ និងវិបស្សនាញាណ ជាដើម ជាអនុបុព្វបដិបទា គឺបដិបទាជា លំដាប់រហូតដល់អរហត្តមគ្គ ។ ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤" ដោយ៥០០០ឆ្នាំ |