អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៩៨,៤៧២ ដង)
រាគៈ ទោសៈ មោហៈ

|
រាគៈ ទោសៈ មោហៈ
អធិប្បាយអំពើភ្លើងកិលេស ដូចម្ដេចហៅថា ភ្លើងកិលេស? រាគៈ (សេចក្ដីត្រេកត្រអាលក្នុងកាមគុណ); ទោសៈ (សេចក្ដីប្រទូស្ដដល់សត្វនិងសង្ខារ); មោហៈ (សេចក្ដីវង្វេង មិនដឹងតាមពិតរបស់សង្ខារ)។ អកុសលធម៌ ៣ យ៉ាងនេះ ជាដើមលោកហៅថា ភ្លើងកិលេស, ព្រោះជារបស់ដុតសត្វឲ្យក្ដៅដូចភ្លើង; កិលេសនេះកាលបើកើតឡើងក្នុងសន្ដាននៃសត្វឯណាហើយ ក៏ធ្វើសត្វនោះឲ្យក្ដៅក្រហល់ក្រហាយរសាប់រសល់នៅមិនសុខឡើយ។ ពពួកសត្វក្នុងលោក លើកទុកតែព្រះពុទ្ធជាម្ចាស់ និងព្រះអរហន្តសាវ័កចេញ, ក្រៅពីនោះសូម្បីគ្រាន់តែដឹងថា រាគៈ,ទោសៈ,មោហៈ ជាភ្លើងប៉ុណ្ណោះ ក៏ចាត់ជាគ្រាន់បើ, តែមិនដូច្នោះឡើយ មានតែសម្គាល់ខុសថាជារបស់ស្រួលល្អវិសេសវិញ; ដូចសត្វមមាចដែលមិនស្គាល់ភ្លើងប្រទីបក៏ដុតឲ្យដល់សេចក្ដីស្លាប់ក៏មាន ឲ្យឆេះខ្លោចស្លាប់ខ្លោចកន្ទុយជាដើមក៏មាន។ ហេតុនេះបានជា ព្រះដ៏មានបុណ្យជាម្ចាស់ត្រាស់ទេសនាថា កិលេស ៣ ពួកនេះជាភ្លើង ដោយពុទ្ធភាសិតថា៖ ១. រាគគ្គិ ទហតិ មច្ចេ រត្តេ កាមេសុ មុច្ឆិតេ ភ្លើងគឺ រាគៈ តែងដុតសត្វទាំងឡាយដែលជាអ្នកត្រេកអរជ្រុលជ្រប់ទៅក្នុងកាម; ២. ទោសគ្គិ បន ព្យាបន្មេ នរេ បាណាតិបាតិនោ ភ្លើងគឺ ទោសៈ តែងដុតនរជនទាំងឡាយដែលជាអ្នកព្យាបាទ សម្លាប់សត្វ; ៣. មោហគ្គិ សម្មូឡ្ហេ អរិយធម្មេ អកោវិទេ ភ្លើងគឺ មោហៈ តែងដុតសត្វដែលជាអ្នកវង្វេងមិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ។ ទ្រង់សម្ដែងដូច្នេះហើយ ទើបទ្រង់សម្ដែងធម៌សម្រាប់លត់ភ្លើង ៣ យ៉ាងនោះ គឺ៖ ១. ភ្លើងគឺរាគៈ ទ្រង់ត្រាស់បង្គាប់ឲ្យលត់ដោយអសុភសញ្ញា គឺចម្រើនចិត្ត ឲ្យសម្គាល់ថាមិនស្អាតមិនល្អ; ២. ភ្លើងគឺទោសៈ ទ្រង់ត្រាស់បង្គាប់ឲ្យលត់ដោយមេត្តាភាវនា គឺការចម្រើនចិត្តឲ្យកើតមេត្រីទៅក្នុងពពួកសត្វទាំងអស់; ៣. ភ្លើងគឺមោហៈ ទ្រង់ត្រាស់បង្គាប់ឲ្យលត់ដោយបញ្ញា; អធិប្បាយអំពីភ្លើងទុក្ខ ដូចម្ដេចហៅថា ភ្លើងទុក្ខ? ជាតិ, ជរា, មរណៈ ( សេចក្ដីកើត, ចាស់, សា្លប់ ) ជាដើមលោកហៅថា ភ្លើងគឺកងទុក្ខ ព្រោះដុតសត្វឲ្យក្ដៅដូចភ្លើងអត់ទ្រាំបានដោយលំបាក។ ឯជាតិ (សេចក្ដីកើត) ដែលហៅថា ភ្លើងទុក្ខនោះ ពិចារណាក្រឃើញជាងមរណៈ (សេចក្ដីស្លាប់) ព្រោះពពួកសត្វមានមនុស្សជាដើម វេលាដែលកើតឡើងរមែងត្រេកអរ ដល់វេលានឹងស្លាប់ទៅវិញរមែងតូចចិត្ត, តែជាតិនោះជាប្រធាន គឺជាដើមចមនាំឲ្យកើតទុក្ខទាំងពួង, បើមិនកើតឡើងទុក្ខទាំងពួងក៏មិនមាន។ ព្រោះហេតុដូច្នេះបានជាបណ្ឌិតដេលមានសេចក្ដីរន្ធត់នឹងទុក្ខទាំងពួង លោកត្រឡប់ជាខ្លាចកើតវិញមិនខ្លាចស្លាប់ឡើយ។ ក្នុងទីដែលនឹងពិចារនាដល់ជាតិទុក្ខជាដើមនុះ គួរឃើញដល់កំណើតរបស់អព្ភសេយ្យកសត្វ គឺមនុស្សដែលដេកនៅក្នុងគភ៌ ថាជាភ័យដ៏ធំពន្លឹកគួរស្បើមគួរខ្លាច, សេចក្ដីវិកលវិការនៃរាងកាយ មានធ្មេញបាក់ សក់ស្កូវ ថ្ពាល់ផត មាត់គ្រហុប ខ្នងកោង ស្បែកជ្រួញជ្រីវយុរយារជាដើម ជារបស់ដែលយើងរាល់គ្នាមិនចង់បាន មិនមានត្រូវចិត្តសោះ តែគង់ជួបប្រទះ គេចមិនរួចឡើង។ សេចក្ដីស្លាប់ក៏ជារបស់ដែលយើងឥតចង់បានបន្តិចបន្តួចទេ តែនឹងកន្លងឲ្យហួសទៅមិនបាន។ ឯសេចក្ដីកើត ចាស់ ស្លាប់នេះ បានជាឈ្មោះថាទុក្ខពីព្រោះលំបាកអត់ ពិបាកទ្រាំ។ អធិប្បាយថា រាងកាយរបស់មនុស្សក្នុងលោក រកឋិតឋេរគ្មាន កើតឡើងមិនយូរប៉ុន្មានក៏ចាស់គ្រាំគ្រា បែកធ្លាយទៅ ដោយជម្ងឺតម្កាត់មានប្រការផ្សេងៗ មុននឹងបែកធ្លាយស្លាប់ទៅនោះ រមែងកើតទុក្ខវេតនាក្រៃពេក រកអ្វីប្រៀបពុំបាន។ រាគៈ ទោសៈ មោហៈ ជាភ្លើងកិលេស, ជាតិ ជរា មរណៈ ជាភ្លើងទុក្ខ ដូចពោលមកនេះ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |