អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២២,៦៣៣ ដង)
ឈ្នះសេចក្ដីក្រោធ ដោយសេចក្ដីមិនក្រោធ

|
ឈ្នះសេចក្ដីក្រោធ ដោយសេចក្ដីមិនក្រោធ
អ្នកដែលមានអធិវាសនក្ខន្តីខ្ជាប់ខ្ជួនល្អ រមែងឈ្នះអ្នកដែលមានសេចក្ដីក្រេវក្រោធ ដូចនាង ឧត្តរា ដែលឈ្នះនាង សិរិមា។ សូមនាំរឿងនោះមកសម្ដែងជាឧទាហរណ៍ដូចតទៅនោះ៖ រឿង នាងឧត្តរា
នាងឧត្តរា ជាឧបាសិកានោះ ជាអ្នកបានសម្រេចសោតា តាំងពីក្មេង ជាធីតារបស់បុណ្ណសេដ្ឋី ជាភរិយារបស់រាជគហសេដ្ឋីដែលជាមនុស្សមិច្ឆាទិដ្ឋិ។ តាំងពីថ្ងៃដែលនាងទៅនៅក្នុងផ្ទះស្វាមី មិនមានឱកាសនឹងបរិច្ចាគទាន, នាងក៏បានជួយសិរិមា ដែលជាស្ត្រីពេស្យាផ្កាមាសឲ្យមកនៅបម្រើស្វាមីរបស់នាង ហើយនាងចៀសចេញទៅធ្វើការកុសលតាមប្រាថ្នា។ ឯនាងសិរិមានោះ កាលបើបាននៅជាមួយនឹងស្វាមីរបស់គេតែត្រឹមកន្លះខែ ក៏កម្រើកចិត្តគិតចង់ដណ្ដើមយកទីជាមេផ្ទះ បានប្រទូស្ដដល់នាងឧត្តរាមានប្រការផ្សេងៗ ដរាបដល់ប្រើគេឲ្យយកទឹកក្ដៅកំពុងពុះស្រោចចុះលើនាងឧត្តរាជាទីបំផុត, តែនាងឧត្តរាមិនក្រេវក្រោធសោះ ទឹកក្ដៅនោះត្រឡប់ជាទឹកត្រជាក់ដូចទឹកធម្មតា។ ឯនាងសិរិមាដឹងថាខ្លួនមានទោស ទើបចូលទៅសូមស្មាលាទោសនឹងនាងឧត្តរាៗ ក៏នាំទៅចូលគាល់ព្រះបរមសាស្ដាក្រាបបង្គំទូលរឿងនុះឲ្យទ្រង់ជ្រាប។ ព្រះអង្គទ្រង់ព្រះមេត្តាប្រោសប្រទានព្រះសទ្ធម្មទេសនាទូន្មានថា៖ អក្កោធេន ជិនេ កោធំ អសាធុំ សាធុនា ជិនេ ជិនេ កទរិយំ ទានេន សច្ចនាលិកវាទិនំ។
សេចក្ដីថា៖ បុគ្គលគប្បីឈ្នះសេចក្ដីក្រោធ (របស់គេ) បានដោយសារសេចក្ដីមិនក្រោធ (របស់ខ្លួន), គប្បីឈ្នះសេចក្ដីមិនល្អ (របស់គេ) បាន ដោយសេចក្ដីល្អ (របស់ខ្លួន), គប្បីឈ្នះសេចក្ដីកំណាញ់ស្វិត (របស់គេ) បាន ដោយការឲ្យ (របស់ខ្លួន), គប្បីឈ្នះ មនុស្សដែលហៃនិយាយឡេះឡោះបាន ដោយការនិយាយតែពាក្យពិតទៅរក។ ត្រង់បទថា៖ បុគ្គលឈ្នះសេចក្ដីក្រោធ (របស់គេ) បានដោយសារសេចក្ដីមិនក្រោធ (របស់ខ្លួន), នោះមានសេចក្ដីអធិប្បាយដូចតទៅ៖ សេចក្ដីក្រេវក្រោធ ជាសង្កិលេសធម៌ម្យ៉ាង តែងដេកត្រាំនៅក្នុងខន្ធសន្ដាននៃមនុស្សបុថុជ្ជនទូទៅ កម្រនឹងលះបាន, លុះតតែព្រះខីណាស្រព ទើបលះបាន ដោយអំណាចអរហន្តមគ្គ; ឯមនុស្សជាបាបបុថុជ្ជនមានសន្ដានក្រាសដោយបាប លះមិនបានឡើយ, លុះតែជាកល្យាណបុថុជ្ជនមានសន្ដានល្ង ទើបលះបាន ដោយអំណាចអធិវាសនក្ខន្តី។ បុគ្គលណាមួយបើមានអ្នកដទៃមកប្រទូស្ដ ហើយខ្លួនជាមនុស្សអាចធ្វើអ្នកដែលប្រទូស្ដនោះឲ្យវិនាសបានដែរ, តែអត់ធន់ មិនក្រោធពិរោធតបឡើយចេះសម្ដែងមិត្តមេត្រី ធ្វើមុខស្រស់បស់សំណេះសំណាលទៅរកគេវិញ, បើដូច្នេះ អ្នកដែលប្រទូស្ដនោះ មិនយូរប៉ុន្មានក៏នឹងរសាយចិត្ត លែងប្រទូស្ដខ្លះមិនខាន, ហេតុនេះបានជា លោកឲ្យឈ្មោះអ្នកដែលចេះអត់ធន់បែបនោះថា ជាមនុស្សមានជ័យជំនះឈ្នះអ្នកដែលប្រទូស្ដ ដោយពិត ដូចនាងឧត្តរានោះឯង។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |