អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២០,២៦៩ ដង)
ពុទ្ធសាសនានិងប្រជាជនខ្មែរ

|
ពុទ្ធសាសនានិងប្រជាជនខ្មែរ
ក្នុងសម័យអាប់ឱន ប្រជាជនខ្មែរទាំងប្រទេសបានជួបប្រទះសេចក្ដីទុក្ខវេទនាខ្លាំងបំផុត ថមថយកម្លាំងនឹងសាងសេចក្ដីចំរើនដូចព្រេងនាយពុំបាន តែទោះបីធ្លាក់ចុះដុនដាបប៉ុណ្ណឹងក៏ដោយ ប្រជាជនខ្មែរដែលបានស្គាល់រសជាតិព្រះធម៌ថ្លៃវិសេសហើយ ឱបសាសនានេះជាប់នឹងខ្លួនទុកតមក ស៊ូស្លាប់មិនព្រមលះបង់ចោល។ បុណ្យទទួលព្រះបរមសារីរិកធាតុនឹងព្រះអរហន្ត- ធាតុព្រះសារីបុត្តនឹងព្រះមហាមោគ្គល្លានពីខែតុលា ព.ស ២៤៩៤ ជាពស្ដុតាងឲ្យឃើញច្បាស់ថា ប្រជាជនខ្មែរទាំងប្រទេសមានចិត្តភក្ដីចំពោះព្រះពុទ្ធសាសនាស្រាប់ហើយ។ ពុទ្ធសាសនាថេរវាទដែលធ្លាប់មានមកពីសម័យព្រេងនាយស្រាប់ហើយ ក៏ជ្រួតជ្រាបរហ័សចូលទៅដល់ចិត្តថ្លើមប្រជាជនគ្រប់ជាន់គ្រប់ថ្នាក់ ហើយធ្លាក់ជាប់មិនមានឥទ្ធិពលអ្វីមួយមកគាស់រំលើងបានឡើយ។ អស់លោកអ្នកនាំប្រទេសខ្មែរ ព្រះមហាក្សត្រ មន្ត្រី តូចធំ ដែលបានយល់តម្លៃពុទ្ធសាសនាមានផលប្រយោជន៍ មានហេតុផលគ្រប់គ្រាន់ល្មមនាំខ្លួនទៅកាន់សេចក្ដីសុខក្សេមក្សាន្តបាន ក៏ព្រមលះបង់សាសនាដទៃចោលអស់ទៅជ្រើសសម្រាំងយកតែពុទ្ធសាសនាថេរវាទមួយប៉ុណ្ណោះ ទុកជាសម្បត្តិវប្បធម៌ប្រចាំប្រទេសខ្មែររហូតមកបច្ចុប្បន្នកាលនេះ។ ក្នុងសម័យអាប់ឱន ប្រជាជនខ្មែរបានពុទ្ធសាសនានេះហើយ ជាសរណៈដ៏ឧត្ដមខ្ពង់ខ្ពស់ជួយសម្រាលលំហែសេចក្ដីទុក្ខ ដោយជឿកម្មផលច្បាស់លាស់ថា "ធ្វើល្អ បានល្អ ធ្វើអាក្រក់ បានអាក្រក់" ហើយទូន្មានប្រដៅប្រៀនកូនចៅនៅឯក្រោយឲ្យខំសាងសេចក្ដីល្អ ដើម្បីកសាងអនាគតឲ្យបានរុងរឿងដូចសម័យព្រេងនាយវិញ ទោះជាលំបាកយ៉ាងណា ក៏ពេញចិត្តរួមសុខទុក្ខជាមួយពុទ្ធសាសនា ទាល់តែកើតទៅជាសុភាសិតប្រចាំជាតិថា " ស៊ូស្លាប់ទៅគាប់ រសធម៌កុំបីបង់"។ ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធសាសនា២៥០០
ដោយ៥០០០ឆ្នាំ |