អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,១១០ ដង)
ទឹកភ្នែកស្ត្រីប្ដីមានស្រី

|
ទឹកភ្នែកស្ត្រីប្ដីមានស្រី
កាលដើមឡើយ គឺកាលដែលយើងនៅក្រីក្រលំបាកមកជាមួយគ្នា បងល្អនិងអូនណាស់ ស្រឡាញ់ស្មោះស្មគ្រ័ ប្ដូរផ្ដាច់នឹងគ្នា ខំតស៊ូព្យាយាមឆ្លងកាត់ឧបសគ្គសព្វបែបយ៉ាងមកជាមួយគ្នា បងស្រឡាញ់អូន ថ្នមអូនដោយស្មោះអស់ពីចិត្តពិតៗ។ ត្បិតតែយើងក្រីក្រ ខ្វះសព្វខ្វះគ្រប់ តែយើងមានសេចក្ដីសុខសុភមង្គលណាស់ មានការញញឹមរួសរាយរកគ្នា ពេលញ៉ាំ ពេលគេង ពេលធ្វើការងារ យើងក៏សើចសប្បាយរកគ្នាដែរ។ យើងមានសេចក្ដីទុក្ខ ក៏រួមទុក្ខជាមួយគ្នា មានសេចក្ដីសុខ ក៏រួមសុខជាមួយគ្នា ហើយភាសាដែលយើងនិយាយរកគ្នាក៏ពីរោះទន់ភ្លន់ ផ្អែមល្ហែម ប្រកបដោយមនោសញ្ចេតនាស្នេហាយ៉ាងក្រៃលែង ពោរពេញទៅដោយទឹកដមស្នេហ៍ឥតកែប្រែឡើយ។ តែពេលនេះគួរអនិច្ចា សោកាយ៉ាងក្រៃលែង លោកប្ដីដែលធ្លាប់ស្រឡាញ់ថ្នាក់ថ្នមភរិយាស្មើកែវភ្នែក បែរជាត្រូវរំលែកចែកបេះដូងឲ្យទៅស្រីដទៃ តើស្រីណា មិនគ្រាំគ្រា ស្រីណាមិនឈឺចាប់ ស្រីណាមិនស្រក់ទឹកភ្នែក បើប្ដីដែលធ្លាប់តែស្រឡាញ់ បែរជាក្បត់ចិត្ត ទៅលបលួចមានស្រីថ្មីខាងក្រៅនោះ។ កាលយើងនៅក្រីក្រ ហេតុអ្វីបងល្អនឹងអូនម្លេះ តែពេលដែលបងមានលុយចាយ មានឡានជិះ ហ៊ឺហា មានវីលានៅយ៉ាងស្ដុកស្ដម្ភ មានឋានៈបុណ្យស័ក្តិធំដុំ បេះដូងបងក៏ប្រែពណ៌ទៅតាមឋានៈ បុណ្យស័ក្តិនិងទ្រព្យសម្បត្តិអស់គ្មានសល់។ លោកប្ដីដើរ យប់ព្រលប់មិនចូលផ្ទះ ផឹកស៊ីចាយវាយ មានស្រីញីអូនបងខាងក្រៅ យ៉ាងសប្បាយរីករាយ ចំណែកភរិយា បែរជាដេកបង្ហូរទឹកភ្នែក រងចាំមើលផ្លូវប្ដីទាំងខ្លោចផ្សាទៅវិញ។ ក្នុងទ្រូងអួលងំ ផ្ដុំដោយទុក្ខកង្វល់ឈឺចាប់ពន់ពេក បាយមិននឹក ទឹកមិនស្រេក ដេកក៏ដេកមិនលក់ នឹកឃើញពេលណា ឈឺផ្សាពេលនោះ ខ្មាសអ្នកជិតខាង ដែលខំដើរអួតប្រាប់គេថា លោកប្ដីខ្លួនល្អណាស់មានចិត្តស្មោះត្រង់ និងភរិយា មិនដែលក្បត់ភរិយាម្ដងណាឡើយ តែពេលនេះខកចិត្តខ្លាំងណាស់ ពេលដែលប្ដីទៅលួចមានស្រីថ្មីនៅខាងក្រៅ ក្បត់ចិត្តភរិយាស្រស់ៗដូច្នេះមានស្រីប៉ុន្នាននាក់ទៅ ដែលមិនស្រក់ទឹកភ្នែក មិនឈឺចាប់នោះ។ សូមលោកប្ដីទាំងឡាយ អាសូរដល់ទឹកនេត្រារបស់ភរិយាផង...!!! ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ៥០០០ឆ្នាំ |