អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៩,៥៣១ ដង)
សម្រេចព្រះនិព្វាន ក៏ព្រោះចិត្ត

|
សម្រេចព្រះនិព្វាន ក៏ព្រោះចិត្ត
ពាក្យថា សម្រេចព្រះនិព្វានក៏ព្រោះចិត្តនោះ មានសេចក្ដីថា បុគ្គលដែលបង្ហាត់ចិត្តដោយសមថវិធី និងវិបស្សនាវិធីដរាបដល់កើតបញ្ញាឃើញសភាវធម៌តាមពិត មានចិត្តមិនបានប្រកាន់ខ្ជាប់តាម តណ្ហា មានះ ទិដ្ឋិ ធ្វើចិត្តឲ្យស្រុតស្រកចាកកិលេសទាំងតូចទាំងធំ រំលត់កិលេសព្រមទាំងកងទុក្ខទាំងអស់លោកឲ្យឈ្មោះថាដល់ព្រះនិព្វាន ទាំងនេះក៏សម្រេចមកអំពីការប្រតិបត្តិផ្លូវចិត្តទាំងអស់។ ហេតុដូច្នោះបានជាព្រះដ៏មានព្រះភាគទ្រង់សម្ដែងថា ទុរង្គមំ ឯកចរំ អសីរីរំ គុហាសយំ តេ ចិត្តំ សញ្ញាមេស្សន្តិ មោក្ខន្តិ មារពន្ធនា។ សេចក្ដីថា៖ ពួកជនឯណាសង្រួមចិត្ត ដែលមិនមានសរីរៈ ដែលត្រាច់ទៅតែម្នាក់ឯង តែងទទួលអារម្មណ៍ក្នុងទីឆ្ងាយមានគុហាគឺមហាភូតរូប ៤ (ដី ទឹក ភ្លើង ខ្យល់) ជាទីអាស្រ័យនៅបាន ពួកជននោះឯងតែងផុតចាកចំណងនៃមារ។ សេចក្ដីប្រតិបត្តិក្នុងផ្លូវព្រះនិព្វាន ក៏សុទ្ធតែសម្ដែងជាប់ដោយការប្រតិបត្តិផ្លូវចិត្តទាំងអស់។ ហេតុដូច្នោះបានជាលោកពោលថា សម្រេចព្រះនិព្វានក៏ព្រោះតែចិត្ត។ ម្យ៉ាងទៀត ចិត្តនេះ ជាធម្មជាតិសំខាន់បំផុតក្នុងរាងកាយដូចពុទ្ធភាសិតថា៖ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ។ សេចក្ដីថា៖ ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តជាធំ សម្រេចតែអំពីចិត្ត បើបុគ្គលណាមួយនិយាយពាក្យសម្ដីឬធ្វើការអ្វី តាមចិត្តដែលអាក្រក់ ចិត្តអាក្រក់នោះឯងតែងកឲ្យកើតសេចក្ដីទុក្ខលំបាកជាប់តាមគេទៅ ដូចជាកង់រទេះដែលវិលជាប់តាមស្នាមជើងគោ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា តតោ នំ សុខមន្វេតិ ឆាយាវ អនុបាយិនី។ សេចក្ដីថា៖ ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តជាធំ សម្រេចតែអំពីចិត្ត បើបុគ្គលណានិយាយពាក្យសម្ដីឬធ្វើការអ្វី តាមចិត្តជ្រះថ្លា ចិត្តជ្រះថ្លានោះឯងតែងកឲ្យកើតជាសេចក្ដីសុខ ជាប់តាមគេទៅ ដូចជាស្រមោលអន្ទោលតាមប្រាណជាប្រក្រតី នោះឯង។ សេចក្ដីនេះ សមនឹងបុរាណសុភាសិតថា៖ រីបុណ្យនិងបាប អំពើសុភាព នោះវាតែងតាម ដូចស្រមោល អន្ទោលតាមប្រាណ ពុំដែលចៀសបាន ត្រង់ក្ដីទុក្ខសោក។ កាលបើចិត្តជាធម្មជាតិសំខាន់បំផុតដូច្នេះហើយ សាធុជនដែលប្រាថ្នាសេចក្ដីសុខសេចក្ដីចម្រើន គួរតែរក្សាចិត្តតាមពុទ្ធភាសិតដែលទ្រង់ដាស់តឿនថា៖ សុទុទ្ទសំ សុនិបុណំ យត្ថកាមនិបាតិនំ ចិត្តំ រក្ខេថ មេធាវី ចិត្តំ ទន្តំ សុខាវហំ។ សេចក្ដីថា៖ បុគ្គលជាបណ្ឌិតមានប្រាជ្ញាគួរតែខំបីបាច់រក្សាចិត្ត ដែលឃើញបានដោយកម្រ ដែលល្អិតពន់ពេក ដែលលង់ទៅក្នុងអារម្មណ៍ឯណានីមួយហើយ មិនងាយនឹងទាញឲ្យងាកចេញមកវិញបាន ចិត្ត ដែលអ្នកប្រាជ្ញបានថែរក្សាហើយ តែងនាំសុខមកឲ្យជាអនេក។ ឯការរក្សាចិត្តនោះ ក៏គឺប្រយ័ត្នចិត្តមិនឲ្យប្រឡាក់ប្រឡូសដោយគ្រឿងសៅហ្មង ឲ្យស្អាតផូរផង់នៅជាប្រក្រតីនោះឯង។ ចិត្តនេះ ព្រះដ៏មានបុណ្យជាម្ចាស់ត្រាស់ទេសនាថា៖ បភស្សរមិទំ ភិក្ខវេ ចិត្តំ តញ្ច ខោ អាគន្តុកេហិ ឧបក្កិលេសេហិ ឧបកិលិដ្ឋំ ម្នាលភិក្ខុទាំងឡាយ! ចិត្តនេះ ជាធម្មជាតិដ៏ស្អាតផូរផង់ ប៉ុន្តែរមែងសៅហ្មងដោយឧបក្កិលេស ទាំងឡាយដែលចូលមកថ្មី គួរនាដូចវត្ថុគ្រឿងប្រើប្រាស់ទាំងពួងមានសំពត់ជាដើម ដែលនៅថ្មីនៅឡើយ សុទ្ធតែជារបស់ស្អាតល្អទាំងអស់ ប៉ុន្តែវត្ថុទាំងនោះរមែងសៅហ្មងដោយគ្រឿងមិនស្អាតទាំងឡាយ ដូចធូលីជាដើមដែលចូលមកប៉ះពាល់ជាខាងក្រោយ។ ឯឧបក្កិលេសនោះសោត ក៏ជាអកុសលជាតិដែលកើតមកអំពីចិត្ត ហើយត្រឡប់ប្រទូស្ដចិត្តឲ្យសៅហ្មង ឲ្យខូចវិញ ដូចច្រែសដែលកើតអំពីដែក ហើយត្រឡប់ស៊ីដែកឲ្យខូចទៅដូច្នោះ។ ឧបក្កិលេសគ្រឿងសៅហ្មងចិត្តនោះ ព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ទេសនាថា មាន ១៦ យ៉ាង។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |