អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៧៨២ ដង)
មិនប្រមាទក្នុងទី ៤ ស្ថាន

|
មិនប្រមាទក្នុងទី ៤ ស្ថាន
ព្រះសយម្ភូញាណជាម្ចាស់ទ្រង់ត្រាស់ប្រដៅឲ្យលះ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត និងកុំឲ្យប្រមាទក្នុងការលះទុច្ចរិតទាំងនោះ ឲ្យធ្វើកាយសុចរិត វចីសុចរិត មនោសុចរិត ឲ្យកើតមានឡើង និងកុំឲ្យប្រមាទក្នុងការចម្រើនសុចរិតទាំងនោះ។ ក៏ឯសេចក្ដីមិនប្រមាទនេះ បើនឹងពោលតាមសេចក្ដី ក៏គឺសតិ សតិនិងសេចក្ដីមិនប្រមាទមានសេចក្ដីជាមួយគ្នា ដ្បិតព្រះដ៏មានព្រះភាគជាម្ចាស់បានត្រាស់ថា ចតូសុ ភិក្ខវេ ឋានេសុ អត្តរូបេន អប្បមាទោ សតិ ចេតសោ អរក្ខោ ករណីយោ។ ម្នាលភិក្ខុទាំងឡាយ! សេចក្ដីមិនប្រមាទ គឺសតិ ជាធម៌រក្សាទុកនូវចិត្ត ជាធម្មជាតិដែលអ្នកទាំងឡាយត្រូវធ្វើក្នុងទី ៤ ស្ថានតាមសមគួរដល់ខ្លយន សេចក្ដីមិនប្រមាទដែលអ្នកទាំងឡាយត្រូវធ្វើក្នុងទី ៤ ស្ថាននោះ គឺតាំងចិត្តថា ១- ចិត្តរបស់អាត្មាអញកុំត្រេកត្រអាល ក្នុងធម៌ដែលជាហេតុឲ្យកើតសេចក្ដីត្រេកត្រអាល ២- ចិត្តរបស់អាត្មាអញកុំប្រទូស្ដ ក្នុងធម៌ដេលជាហេតុឲ្យកើតសេចក្ដីប្រទូស្ដ ៣- ចិត្តរបស់អាត្មាអញកុំវង្វេង ក្នុងធម៌ដែលជាហេតុឲ្យកើតសេចក្ដីវង្វេង ៤- ចិត្តរបស់អាត្មាអញកុំស្រវឹង ក្នុងធម៌ដែលជាហេតុឲ្យកើតសេចក្ដីស្រវឹង។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |