អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៤៦៧ ដង)
បុញ្ញកិរិយាវត្ថុ ១០ យ៉ាង

|
បុញ្ញកិរិយាវត្ថុ ១០ យ៉ាង
១- កិរិយាឲ្យនូវវត្ថុដ៏គួរដល់បុគ្គលដែលគួរឲ្យ ដោយសេចក្ដីសង្គ្រោះឬបូជាគុណ មានឲ្យដល់មនុស្សកំសត់ ឬបូជាដល់លោកអ្នកដ៏មានសីល និងមាតាបិតាជាដើម ហៅថា ទាន ២- កិរិយាវៀរចាកអំពើអាក្រក់ ដែលកើតអំពីកាយឬវាចាមានវៀរចាកបញ្ចវេរាទាំង ៥ ជាដើម ហៅថាសីល ៣- កិរិយាធ្វើចិត្តឲ្យស្ងប់រម្ងាប់ ដោយសមថវិធីត្រឹមឧបចារ វិបស្សនាវិធីត្រឹមអនុលោក ហៅថា ភាវនា ៤- កិរិយាបន្ទន់អស្មិមានះ ដែលមានក្នុងចិត្តដោយសេចក្ដីកោតក្រែងដល់បុគ្គលដែលគួរកោតក្រែង គឺជនដែលចម្រើនដោយជាតិ ដោយវ័យ និងដោយគុណ ហៅថា អបចាយនៈ ៥- កិរិយាជួយខ្វល់ខ្វាយក្នុងកិច្ចរបស់អ្នកដទៃ ដែលគួរធ្វើដោយកាយ ឬវាចា ហៅថា វេយ្យាវច្ចៈ ៦- កិរិយាឲ្យនូវចំណែកបុណ្យ ដែលខ្លួនបានធ្វើហើយដល់អ្នកដទៃដោយចិត្តមេត្រី ដើម្បីឲ្យគេប្រព្រឹត្តត្រេកអរតាម ហៅថា បត្តិទានៈ ៧- កិរិយាអនុមោទនាត្រេកអរ តាមសេចក្ដីល្អរបស់អ្នកដទៃ ដោយចិត្តដែលប្រាសចាកសេចក្ដីឫស្យា ឈ្នានីស ហៅថា បត្តានុមោទនា ៨- កិរិយាណែនាំបង្រៀនប្រដៅអ្នកដទៃ ឲ្យចេះចំណេះដែលឥតទោស ឬពន្យល់ក្នុងផ្លូវធម៌ឲ្យស្គាល់កិច្ចគួរធ្វើ និងមិនគួរធ្វើ ដែលប្រព្រឹត្តទៅដើម្បីសម្បត្តិសួគ៌និងព្រះនិព្វាន ហៅថា ធម្មទេសនា ៩- កិរិយាតាំងចិត្តស្ដាប់ធម៌ដោយប្រុង ឲ្យចេះចាំធម៌អាថ៌បាន ហៅថា ធម្មស្សវន ១០- កិរិយាធ្វើទិដ្ឋិ សេចក្ដីយល់ឃើញរបស់ខ្លួនត្រង់តាមគន្លងធម៌ដែលពិតមែន ហៅថា ទិដ្ឋុជុកម្ម។ ទាំង ១០ ប្រការនេះ បានជាហៅថា បុញ្ញកិរិយាវត្ថុ ព្រោះសុទ្ធតែជាការបុណ្យ ការកុសលទាំងអស់ ការកុសលបែបនេះចាត់ជា កាមាវចរភូមិ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |