អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២០,១៤៧ ដង)
សរុបសេចក្ដីកាយកម្ម វចីកម្ម មនោកម្ម

|
សរុបសេចក្ដីកាយកម្ម វចីកម្ម មនោកម្ម
កាយកម្ម ៣ វចីកម្ម ៤ មនោកម្ម ៣ នេះ សុទ្ធតែចាត់ជា បាប ទាំងអស់។ ក្នុងបាលីមានសម្ដែងអំពីបាប ៣ ពួកនេះច្រើនជាងចំណែកដទៃ ៗ ព្រោះបាបអម្បាលនេះជាប្រធានរបស់បាបទាំងពួង សូម្បីបណ្ដាបាបដទៃក៏រួមចូលក្នុងបាប ៣ ពួងនេះដែរ បាបទាំងនេះ ជួនកាលលោកហៅថា បាប ដដែល ជួនកាលលោកហៅថា ទុច្ចរិត ជួនកាលលោកហៅថា អកុសល ជួនកាលលោកហៅថា អករណីយកិច្ច ជួនកាលលោកហៅថា អធម្មចរិយៈ វិសមចរិយៈ។ ដែលហៅថា បាប នោះប្រែថា កម្មដ៏លាមក ហៅថា ទុច្ចរិត ប្រែថាសេចក្ដី អកុសល ប្រែថាការមិនល្អ ហៅថា អករណីយកិច្ច ប្រែថាកិច្ចមិនគួរធ្វើ ហៅថា អធម្មចរិយៈ វិសមចរិយៈ ប្រែថាសេចក្ដីប្រព្រឹត្តមិនជាធម៌ សេចក្ដីប្រព្រឹត្តមិនសម។ បណ្ដាបាបទាំងប៉ុន្មានដែលបានពោលមកហើយនេះ ឥតមានចំណែកណាមួយដែលជារបស់គួរធ្វើសោះឡើយ សុទ្ធតែជាកិច្ចមិនគួរធ្វើទាំងអស់។ ព្រះភគវន្តមុនីបរមគ្រូជាម្ចាស់បានត្រាស់នឹងព្រះអានន្ទថា ឯកំសេនាហំ អានន្ទ អករណីយំ វទាមិ ម្នាលអានន្ទ! តថាគតហៅ កាយទុច្ចរិត វចីទុច្ចរិត និងមនោទុច្ចរិត ថាជាកិច្ចដែលបុគ្គលមិនគួរធ្វើដោយដាច់ខាត កាលបើបុគ្គលណាមួយជ្រុលកាយ វាចា ចិត្ត ធ្វើអករណីយកិច្ចនោះហើយ ត្រូវដឹងខ្លួនចុះថា មុខជានឹងមានទោស បើយ៉ាងតិចត្រឹម ៥ យ៉ាងដូចពោលខាងមុខ ទោសទុច្ចរិត ៥ យ៉ាង ១- អត្តាបិ អត្តានំ ឧបវទតិ សូម្បីខ្លួនឯងតិះដៀលខ្លួនឯងបាន ២- អនុវិច្ច វិញ្ញូ គរហន្តិ លោកអ្នកចេះដឹងរិះគន់មើលរមែងតិះដៀលបាន ៣- បាបកោ កិត្តិសទ្ទោ អព្កុគច្ឆតិ កេរ្តិ៍ឈ្មោះអាក្រក់រមែងខ្ចរខ្ចាយឡើង ៤- សម្មូឡ្ហោ កាលំ ករោតិ វង្វេងស្មារតីក្នុងវេលាទៀបស្លាប់ ៥- កាយស្ស ភេទា បរម្មរណា ទុគ្គតឹ ឧបបជ្ជតិ ខាងមុខអំពីទំលាយខ័ន្ធទៅ រមែងទៅកើតក្នុងទុគ្គតិ។ បាបរមែងឲ្យទោសក្នុងលោកទាំងពីរ អ្នកធ្វើបាបក៏រមែងក្ដៅក្រហាយក្នុងលោកទាំងពីរ គឺ ១- ក្នុងលោកនេះ រមែងក្ដៅក្រហាយដោយគិតថា អាត្មាអញបានធ្វើបាបដូច្នោះៗ ២- លុះច្យុតចាកលោកនេះទៅហើយ រឹងរឹតតែក្ដៅក្រហាយជាងនេះទៅទៀត។ ព្រោះហេតុដូច្នេះ ទើបលោកពោលថា បាប នោះ ជាកិច្ចមិនគួរធ្វើឡើយ។ ការដែលមិនធ្វើបាបនោះ ក៏គឺការសង្រួមក្នុងសីល ឬការលះវៀរចាកទុច្ចរិត ដែលលោកហៅថា វិរតិ នោះឯង។ វិរតិមាន ៣ យ៉ាង ១, សម្បត្តិវិរតិ, ២, សមាទានវិរតិ, ៣, សមុច្ឆេទវិរតិ។ សម្បត្តវិរតិ នោះ ប្រែថា ការវៀរចាកវត្ថុដែលដល់ព្រម គឺមិនទាន់តាំងចិត្តមកពីដើមទេ ស្រាប់តែប្រទះនឹងវត្ថុដែលគួរនឹងប្រព្រឹត្តល្មើស គួរធ្វើខុស ក៏មិនប្រព្រឹត្តល្មើស មិនធ្វើខុសការវៀរបែបនេះ បានខាងការវៀររបស់មនុស្សសាមញ្ញដែលមិនទាន់សមាទានសីល។ សមាទានវិរតិ ប្រែថា ការវៀរដោយអំណាចសមាទាន គឺបានប្ដេជ្ញាថាវៀរមកពីដំបូង។ ការវៀរបែបនេះ បានខាងការវៀររបស់សាធុជនដែលសមាទានសីល ដូចឧបាសក ឧបាសិកា និងភិក្ខុសាមណេរ។ សមុច្ឆេទវិរតិ ប្រែថា ការវៀរដោយអំណាចកាត់ផ្ដាច់ឫសគល់អកុសលដោយល្អ។ ការវៀរបែបនេះ បានខាងការវៀររបស់ព្រះអរិយបុគ្គល ដែលមិនប្រព្រឹត្តកន្លងសេចក្ដីបញ្ញត្តិនោះ ៗ ចាប់ផ្ដើមតាំងពីលោកបានជាព្រះអរិយហើយ។ ពាក្យដែលហាមប្រាមមិនឲ្យធ្វើបាបគ្រប់យ៉ាង គឺឲ្យលះវៀរចាកបាបដោយការសង្រួមក្នុងសីល ឬដោយវិរតិទាំងបីដូចន័យដែលសម្ដែងមកនេះ រាប់ថាជា ពុទ្ធសាសនា ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គឺព្រះពុទ្ធគ្រប់ព្រះអង្គដែលបានត្រាស់ក្នុងកាលទាំងពួង តែងទ្រង់ប្រដៅដូច្នេះ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |