អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៣៧,៧២៣ ដង)
កាមេសុមិច្ឆាចារ

|
កាមេសុមិច្ឆាចារ
ឯកាមេសុមិច្ឆាចារនោះ បានខាងអំពើដែលប្រព្រឹត្តសុខក្នុងកាមទាំងឡាយ បើជាបុរសបានខាងអំពើដែលលបលាក់ប្រព្រឹត្តមោះមិនគាប់នឹងភរិយារបស់អ្នកដទៃ បើជាស្ត្រីបានខាងអំពើដែលកន្លងចិត្តស្វាមីរបស់ខ្លួន ទៅប្រព្រឹត្តមោះមិនគាប់នឹងបុរសឯទៀត។ បណ្ដាមនុស្សក្នុងលោក រមែងហួងហែងក្នុងផ្លូវកាមជាធម្មតា បើបានអាស្រ័យទៅនឹងស្ត្រីឯណានីមួយដែលដាច់ស្រេចថាជាប្រពន្ធរបស់គេហើយ គេតែងស្រឡាញ់ហួងហែងរក្សាទុកមិនចង់ឲ្យប្រុសដទៃមកប្រព្រឹត្តល្មើសនឹងស្ត្រីនោះទេ។ ម្យ៉ាងទៀត បើគេស្ងួនគ្រងរក្សាស្ត្រីឯណាដែលជាកូនរបស់គេដោយប៉ងថា នឹងរៀបចំទុកដាក់ឲ្យបុរសណាម្នាក់ដែលស្រឡាញ់ពេញចិត្តមកដណ្ដើមតាមច្បាប់ប្រវេណី គេមិនចង់ឲ្យបុរសដទៃទៅប្រព្រឹត្តល្មើសកន្លងប្រវេណីនោះឡើយ។ បើមានបុរសណាម្នាក់ទៅលបលួចប្រព្រឹត្តល្មើសកន្លងប្រវេណីនឹងស្ត្រីនោះ បុរសនោះបានឈ្មោះថាធ្វើឲ្យគេពិបាកចិត្ត ដរាបដល់ឈ្លោះប្រកែកជេរប្រទេចវាយដំច្រំធាក់ ឬចាក់កាប់សម្លាប់គ្នាក៏មាន។ ទោសដែលមើលឃើញនឹងស្ដាប់ឮក្នុងបច្ចុប្បន្នក៏មានច្រើន បើទុកជាចេះលាក់បិទបំបាំងមិនឲ្យឃើញទោសក្នុងជាតិនេះ ក៏គង់តែឃើញទៅក្នុងជាតិខាងមុខ គឺទៅរងទុក្ខក្នុងអបាយភូមិមាននរកជាដើមមិនខាន ដូចព្រះនាងមល្លិកា សូមនាំរឿងនោះមកសម្ដែងជាឧទាហរណ៍ដូចតទៅនេះ រឿងព្រះនាងមល្លិកា ព្រះនាងមល្លិកានោះជាព្រះទេពីព្រះបាទបសេនទិកោសលមហាក្សត្រិយ៍ក្រុងសាវត្ថី ព្រះនាងទ្រង់ប្រព្រឹត្តមោះមិនគាប់នឹងសុនខដែលស្និទ្ធស្នាល។ កាលបើព្រះមហាក្សត្រិយ៍ទ្រង់ជ្រាបហើយត្រាស់សួរ ព្រះនាងក៏ក្រាបបង្គំទូលកែបំភ្លៃសេចក្ដីនោះត្រឡប់ឲ្យមហាក្សត្រិយ៍ទ្រង់ជឿថា ព្រះនាងស្មោះត្រង់ពេកឥតប្រព្រឹត្តខុសទៅវិញបាន។ ព្រះនាងនោះ ជាស្ត្រីមានសទ្ធាជឿព្រះពុទ្ធសាសនា បានធ្វើការកុសលជាច្រើនដែរ តែក្នុងវេលាដែលព្រះនាងទៀបអស់ព្រះជន្ម មិនបាននឹកដល់កុសលទាំងនោះ នឹកតែអំពើដែលប្រព្រឹត្តល្មើស អំពើនោះក៏នាំឲ្យព្រះនាងធ្លាក់ទៅកើតក្នុងនរកឈ្មោះអវីចិអស់ ៧ ថ្ងៃ គិតតាមថ្ងៃមនុស្សលោក។ លុះល្តោះចាកទីនោះមក បានទៅកើតក្នុងឋានតុសិតសួគ៌ដោយអំណាចកុសលដែលព្រះនាងបានធ្វើច្រើន។ នាំរឿងនេះមក ដើម្បីពន្យល់ឲ្យឃើញថា អំពើដែលប្រព្រឹត្តកាមេសុមិច្ឆាចារនោះ ទោះបីចេះលាក់បាំងបំបាំង ឬកែខ្លួនឲ្យរួចទោសក្នុងជាតិនេះ ក៏គង់តែត្រូវទទួលទោសទៅក្នុងជាតិឯមុខមិនខាន។ លុះល្តោះអំពីនរកមកៗ កើតជាសត្វតិរច្ឆានឲ្យគេក្រៀវពូជ ឬកើតជាមនុស្សខ្ទើយជាច្រើនជាតិ។ ព្រោះហេតុដូច្នេះ អំពើដែលប្រព្រឹត្តកន្លងប្រវេណីនឹងស្ត្រីដែលគេហួងហែងរក្សា ទើបឈ្មោះថា បាប ជាអំពើអាក្រក់មិនគួរធ្វើទេ។ អ្នកប្រាជ្ញទាំងឡាយដែលជឿកម្ម និងផលរបស់កម្មលោកមិនប្រព្រឹត្តកន្លងប្រវេណីនឹងស្ត្រីដែលគេហួងហែងរក្សានោះឡើយ លោកប្រព្រឹត្តសន្ដោសត្រេកអរតែនឹងភរិយាស្វាមីរបស់ខ្លួន។ មិនតែប៉ុណ្ណោះ អ្នកប្រាជ្ញខ្លះក៏លះបង់កាមគុណចេញទៅបួសក៏មាន។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |