អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៣៥,៩៥៥ ដង)
ម៉ែស្រក់ទឹកភ្នែកពេលម៉ែនឹកកូន

|
ម៉ែស្រក់ទឹកភ្នែកពេលម៉ែនឹកកូន
ជាតិជាម្ដាយគ្រប់រូប មិនដែលមានម្ដាយណាដែលមិនគិតដល់កូន មិននឹកកូននោះទេ ម៉ែតែងនឹកកូនគិតកូនរហូតហើយគ្រប់ពេលដែលម៉ែនឹកកូន ទឹកភ្នែករបស់ម៉ែតែងស្រក់ហូរមកជានិច្ច ព្រោះម៉ែស្រឡាញ់កូន ម៉ែត្រូវការកូន។ ក្នុងពេលដែលកូនឃ្លាតឆ្ងាយពីម៉ែ ឬពេលដែលកូនមិននៅជិតម៉ែ ក្នុងទ្រូងម៉ែតឹងណែនចង្អៀត អួលអាក់ព្រោះម៉ែនឹកកូនខ្លាំងណាស់។ ក្នុងចិត្តរបស់ម៉ែតែងនឹកកូនជានិច្ច តែក្នុងចិត្តរបស់កូនខ្លហមិនដែលនឹកដល់ម៉ែឡើយ ទាល់តែកូនជួបឧបសគ្គផ្សេងៗ ឬទាល់តែមានការងារចង់ឲ្យម៉ែជួយ ទើបកូននឹកដល់ម៉ែ កូនត្រូវការម៉ែ កាលកូនមានភាព។ សប្បាយរីករាយ កូនតែងភ្លេចម៉ែ កូនមិនដែលនឹកដល់ម៉ែទេ។ ចុះហេតុអ្វីក៏ចាំបាច់ ទាល់តែមានការងារចង់ឲ្យម៉ែជួយ ទើបនឹកដល់ម៉ែ ម្ដេចក៏មិននាំគ្នានឹកម៉ែគ្រប់ពេលវេលាទៅ។ តើកូនមានដឹងទេថា គ្រប់ពេលវេលា ដែលម៉ែសប្បាយ ម៉ែតែងនឹកដល់កូន ម៉ែចង់ឲ្យកូនរបស់ម៉ែមកចូលរួមសប្បាយជាមួយនឹងម៉ែ ហើយគ្រប់ពេលវេលាដែលម៉ែជួបនូវសេចក្ដីទុក្ខលំបាក ជាពិសេសពេលដែលម៉ែឈឺ គឺម៉ែត្រូវការកូនខ្លាំងណាស់ ម៉ែប្រាថ្នាចង់ឲ្យកូនមកមើលម៉ែចង់ឲ្យកូនមកដើម្បីឲ្យម៉ែឃើញមុខ ព្រោះម៉ែនឹកកូនម៉ែចង់ឲ្យកូនមកនូវនែបនិត្យជិតម៉ែ បើកូនគ្មានអ្វីយកមកជូនម៉ែក៏ហីទៅចុះ ឲ្យតែកូនគ្រប់គ្នាមកឲ្យម៉ែឃើញមុខ ប៉ុណ្ណឹងម៉ែសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមគ្មានឡើយ។ មនុស្សម្នាក់ៗ តែងស្រឡាញ់ និងហួងហែងជីវិតខ្លួនឯងណាស់ ព្រោះគ្មានអ្វីដែលសំខាន់ជាជាងជីវិតរបស់ខ្លួនឯងឡើយ។ អ្នកខ្លះហ៊ានលះបង់អ្វីៗសព្វគ្រប់បែបយ៉ាងឲ្យតែជីវិតរបស់ខ្លួនឯងរស់ តែចំពោះម៉ែបែរជាហ៊ានលះបង់ជីវិតខ្លួនឯង ដើម្បីកូនទៅវិញ ព្រោះម៉ែយល់ថា ជីវិតរបស់កូនជាជីវិតដ៏សំខាន់សម្រាប់ម៉ែ សំខាន់ជាងជីវិតរបស់ម៉ែទៅទៀត។ តើមានអ្នកណាទៅដែលហ៊ានលះបង់ជីវិតដើម្បីកូនដូចជាម៉ែ? មានអ្នកណាទៅដែលល្អដូចជាម៉ែ រកមិនបានសោះឡើយ មានតែម៉ែទេ ដែលនឹកកូន គិតកូនគ្រប់ពេលវេលា ហើយម៉ែស្រក់ទឹកភ្នែកដោយសារកូនក៏វាច្រើនណាស់ដែរ។ សូមកូនទាំងឡាយ យល់ដល់តម្លៃទឹកភ្នែករបស់ម៉ែដែលស្រក់មកផង ព្រោះទឹកភ្នែកស្រក់មក គឺដោយសារកូនប្រុសស្រីគ្រប់គ្នា។ ជីវិតម៉ែដែលព្រមតស៊ូពុះពាររាល់សេចក្ដីលំបាកផ្សេងៗ រស់នៅក្នុងលោក គឺព្រោះតែម៉ែមានកូន កូនគឺជាអ្នកដែលធ្វើឲ្យម៉ែមានកម្លាំងចិត្ត តស៊ូរាល់ឧបសគ្គទាំងឡាយ ដូច្នេះបានន័យថា កូនគឺជាមនុស្សដ៏សំខាន់នៅក្នុងជីវិតម៉ែ សូមកូនអាសូរទឹកនេត្រាម៉ែផងណា៎ កូន ណា៎។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ៥០០០ឆ្នាំ |